ព័ត៌មានអន្តរជាតិ

ជប៉ុន និងហ្វីលីពីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ ចំពេលមានការកើនឡើងកម្ដៅក្នុងតំបន់

image

ម៉ានីល, ហ្វីលីពីន៖ ក្នុងកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ដើម្បីទប់ទល់នឹងភាពតានតឹងក្នុងតំបន់ដែលកំពុងកើនឡើង ប្រទេសជប៉ុន និងហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិធំៗចំនួនពីរ នៅទីក្រុងម៉ានីល កាលពីថ្ងៃព្រហស្បតិ៍ ក្នុងគោលបំណងបង្កើនភាពជាដៃគូសន្តិសុខឱ្យកាន់តែរឹងមាំ ។

តាមរយៈខ្សែវីដេអូ បានបង្ហាញពីសកម្មភាពចុះហត្ថលេខារវាងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក តូស៊ីមីតស៊ូ ម៉ូតេហ្គី (Toshimitsu Motegi) និងសមភាគីហ្វីលីពីន លោកស្រី ថេរ៉េសា ឡាហ្សារ៉ូ (Theresa Lazaro)។ កិច្ចព្រមព្រៀងទាំងនេះ គឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងកង្វល់រួមគ្នា ចំពោះបញ្ហាស្ថិរភាពនៅក្នុងសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ។

មន្ត្រីនៃប្រទេសទាំងពីរ បានលើកឡើងពី «បរិយាកាសយុទ្ធសាស្ត្រដែលកាន់តែធ្ងន់ធ្ងរទៅៗ» ដែលបង្កឡើងដោយសកម្មភាពឯកតោភាគីរបស់ប្រទេសមួយចំនួន ដែលចង់ផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន។ លោកម៉ូតេហ្គី (Motegi) រដ្ឋមន្ត្រីការបរទេសជប៉ុន បានថ្លែងថា ហ្វីលីពីនគឺជាដៃគូដែលមិនអាចខ្វះបានសម្រាប់ជប៉ុន ក្នុងការសម្រេចឱ្យបាននូវសន្តិសុខនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលសេរី បើកចំហ និងផ្អែកលើច្បាប់ ។

លើសពីនេះ ភាគីទាំងពីរ ក៏បានព្រមព្រៀងគ្នាលើភាពចាំបាច់ក្នុងការប្រឆាំងនឹងរាល់ការប៉ុនប៉ងដោយបង្ខំ ដើម្បីផ្លាស់ប្តូរស្ថានភាពនៅសមុទ្រចិនខាងកើត និងខាងត្បូង។ ជប៉ុន និងហ្វីលីពីន ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការត្រីភាគី (ប្រទេស៣) ជាមួយសហរដ្ឋអាម៉េរិកផងដែរ ។

ចំណុចសំខាន់នៃកិច្ចព្រមព្រៀងនេះ រួមមាន៖ ១. កិច្ចព្រមព្រៀង ACSA (ការផ្គត់ផ្គង់ និងសេវាកម្ម) ដែលជាក្របខ័ណ្ឌអនុញ្ញាតឱ្យកងទ័ពទាំងពីរអាចដោះដូរស្បៀងអាហារ ឥន្ធនៈ និងគ្រាប់រំសេវឱ្យគ្នាទៅវិញទៅមក ក្នុងកំឡុងធ្វើសមយុទ្ធរួមគ្នា ឬបេសកកម្មមនុស្សធម៌។ ២. ជំនួយសន្តិសុខផ្លូវការ (OSA) ដែលជប៉ុនបានផ្តល់ជំនួយឥតសំណងចំនួន ៦លានដុល្លារអាម៉េរិក ដល់កងទ័ពជើងទឹកហ្វីលីពីន ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធសមុទ្រ និងកន្លែងទុកដាក់ទូកល្បាតសន្តិសុខដែលជប៉ុនបានផ្ដល់ឱ្យ ។

ឆ្នាំនេះ ក៏ជាខួបទី៧០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ ដែលបង្ហាញពីជំហានដ៏ធំមួយឆ្ពោះទៅរកការផ្សារភ្ជាប់វិស័យយោធាកាន់តែស៊ីជម្រៅ រវាងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតទាំងពីររបស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់អាស៊ី ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Reuters via The Straits Times/ Joeal Calupitan via AP