ក្រុម AOT បានបញ្ចប់បេសកកម្ម២ថ្ងៃ ចុះត្រួតពិនិត្យ និងវាយតម្លៃផលប៉ះពាល់ខូចខាតក្រោយសង្គ្រាម២០ថ្ងៃ កម្ពុជា-ថៃ នៅឃុំថ្មដា ស្រុកវាលវែង
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានបញ្ចប់បេសកកម្មរបស់ខ្លួនរយ:ពេល២ថ្ងៃហើយ គឺថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២៦នេះ បន្ទាប់ចុះត្រួតពិនិត្យផ្ទៀងផ្ទាត់វាយតម្លៃ និងធ្វើរបាយការណ៍លំអិត អំពីផលប៉ះពាល់ខូចខាតក្រោយសង្គ្រាម២០ថ្ងៃ ដែលទាហានថៃបានបាញ់ផ្លោងនិងទម្លាក់គ្រាប់បែក វាយកាន់កាប់និងរាយលួសបន្លា ចូលទឹកដីកម្ពុជាដោយខុសច្បាប់នៅតំបន់ព្រំដែនកម្ពុជា-ថៃ នៅភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ដំណើរការចុះត្រួតពិនិត្យ និងវាយតម្លៃនេះ
ក្រោមកិច្ចអន្តរាគមន៍ និងសម្របសម្រួលដោយលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លើគោលដៅចំនួន៤កន្លែង៖១.គោលដៅចំណុច(ច១) ២.គោលដៅចំណុចស្ពានមេទឹក ៣.គោលដៅអូរផ្លុកដំរី និង៤.គោលដៅចំណុចច្រកជ័យជំនះ(ច្រកទ្វារព្រំដែន៥៦)។
លោកអភិបាលខេត្ត បានថ្លែងអំណរគុណនិងបានសំណួមពរដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ធ្វើការត្រួតពិនិត្យវាយតម្លៃវិនិច្ឆ័យតាមទិដ្ឋភាព និងស្ថានភាពជាក់ស្តែង ចំពោះការខូចខាត និងផលប៉ះពាល់ដែលបង្កដោយទាហានថៃបានវាយប្រហារមិនរើសគោលដៅ ឬតំបន់ជនស៊ីវិលរស់នៅឡើយ ដែលបង្កឱ្យហេដ្ឋារចនាសម្ព័ន្ធនានា និងផ្ទះសម្បែងប្រជាពលជាច្រើនរងផលប៉ះពាល់និងខូចខាតទាំងស្រុង ពិសេសគឺមណ្ឌលសុខភាព ថ្មដា អគារពាណិជ្ជកម្ម ត្រូវរងការវាយប្រហារដោយគ្រាប់កាំភ្លើងទាហាថៃ និង លំនៅឋានប្រជាពលរដ្ឋនៅចំណុចកាស៊ីណូ ដែលជាតំបន់ពាណិជ្ជកម្មត្រូវទាហាថៃហ៊ុមព័ទ្ធលួសបន្លាហាមមិនឱ្យចូល និងស្ពានមេទឹកប្រៀបនិងសសៃឈាមរបស់ប្រជាពលរដ្ឋ ក្នុងឃុំថ្មដា ធ្វើដំណើរនិងប្របកមុខរបរទទួលទានប្រចាំថ្ងៃ ត្រូវបានយន្តហោះ F-16 របស់ទាហាថៃទម្លាក់គ្រាប់បែកផ្តាច់ចំនួន២លើកបណ្តាលឱ្យខូចទាំងស្រុង។ ប្រជាពលរដ្ឋជាង៩០០គ្រួសារ ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព សិស្សានុសិស្សរាប់រយនាក់មិនសិក្សារៀនសូត្រ។
ក្រោយកិច្ចចរចារព្រមព្រៀងបទឈប់បាញ់ដែលរៀបចំសម្របសម្រួលដោយមេដឹកនាំរបស់ប្រទេសចិនកាលពីថ្ងទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅនេះ មកទល់និងពេលនេះប្រជាពលរដ្ឋភៀសសឹកបានវិលត្រឡប់មកកាន់លំឋានជាបណ្តើរៗហើយ គឺនៅសល់ជាង៨០គ្រួសារទៀតប៉ុណ្ណោះ ដែលមិនទាន់បានវិលត្រឡប់មកកាន់លំនៅឋាន ដោយសារលំនៅឋានរបស់ពួកគាត់ត្រូវទាហានថៃហ៊ុមព័ទ្ធលួសបន្លាហាមមិនឱ្យចូល ប៉ុន្តែយ៉ាងណាក៏ដោយ ចំពោះស្ថានភាពមិនទាន់ល្អប្រសើរ១០០%នោះទេ៕
អត្ថបទ៖ សេង ប៊ុនធឿន