ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌកំបូល៖ កម្ពុជា ទទួលបានការជួយជ្រោមជ្រែង ពីអ្នកជំនាញផ្នែកច្បាប់អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាតំបន់របស់កម្ពុជា ដែលថៃកំពុងគ្រប់គ្រង
ភ្នំពេញ៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែន ជាមួយថៃរាជរដ្ឋាភិបាលកម្ពុជា “ស្ងាត់តែមិនស្ញៀមនោះទេ” ដោយបាននិងកំពុងធ្វើការដោះស្រាយតាមរយៈការច្បាប់អន្តរជាតិមកអនុវត្ត ដោយមានអ្នកបច្ចេកទេសផ្នែកច្បាប់អន្តរជាតិ ជួយជ្រោមជ្រែង ដើម្បីការពារទឹកដីកម្ពុជា ដែលថៃកំពុងគ្រប់គ្រងក្រោយបទឈប់បាញ់។
មានប្រសាសន៍ក្នុងឱកាសអញ្ជើញដឹកនាំ វេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌកំបូល ដែលរៀបចំឡើងក្នុងសង្កាត់ឳឡោក, លោកស្រី បានជម្រាបជូនដល់វេទិកា អំពីស្ថានភាពបញ្ហាព្រំដែន ដោយបញ្ជាក់ថា ក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ តំបន់របស់កម្ពុជា ដែលយោធាថៃកំពុងឈរជើងនោះ រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែងដោះស្រាយ តាមផ្លូវច្បាប់ និងការទូត ក្រោមការជ្រោមជ្រែងពីមិត្តបរទេស។
លោកស្រី អ៉ឹង កន្ថាផាវី ក៏បានសម្តែងការកោតសរសើរ និងដឹងគុណ ចំពោះភាពអង់អាចក្លាហានរបស់កងកម្លាំងជួរមុខកម្ពុជា ក្នុងការការពារបូរណភាពទឹកដី។ ជាមួយគ្នានោះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តចូលរួមចំណែកជួយដល់កងទ័ព ក្រុមគ្រួសារកងទ័ព និងជនភៀសសឹក ដែលនេះជាសាមគ្គីភាពផ្ទៃក្នុង ជាការជំរុញទឹកចិត្តដល់កងទ័ព ក្នុងការបន្តការពារប្រទេសជាតិ។
សូមជម្រាបថា ក្នុងវេទិការសាធារណៈនេះ តំណាងប្រជាពលរដ្ឋ បានលើកឡើងសំណូមពរ ពាក់ព័ន្ធការដាក់លូ ចាក់ផ្លូវបេតុង ពង្រឹងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ តបណ្តាញទឹកស្អាត និងជាពិសេសពាក់ព័ន្ធនឹងវិស័យសេវាសាធារណៈ ដោយលោកស្រីប្រធានក្រុមការងារ បានដោះស្រាយភ្លាមៗ និងសំណូមពរមួយចំនួននៅសេសសល់ នឹងធ្វើការឆ្លើយតបនៅពេលក្រោយ។
ជាមួយគ្នានោះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានលើកឡើងថា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងសង្កាត់ឳឡោក និងសង្កាត់ស្នោ នៃខណ្ឌកំបូលជាទូទៅ មានភាពល្អប្រសើរ។ លោកបានកោតសរសើរ ចំពោះបញ្ហាអសន្តិសុខផ្សេងៗ ជាពិសេសករណីចោរចក់ លួចភាគច្រើន ត្រូវបានកងកម្លាំងបង្ក្រាបបានភ្លាមៗ៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី