ព័ត៌មានអន្តរជាតិ

មន្ត្រីអ៊ីរ៉ង់បង្ហើបថា មនុស្សប្រហែល ៥,០០០នាក់ស្លាប់អំឡុងការតវ៉ា ខណៈប្រធានាធិបតីអ៊ីរ៉ង់ ព្រមានតបតអាម៉េរិក បើមានការវាយប្រហារណាមួយលើអ៊ីរ៉ង់

image


អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេស្កៀន (Masoud Pezeshkian) កាលពីចុងសប្ដាហ៍កន្លងទៅ បានព្រមានថា រាល់ការវាយប្រហារណាមួយពីសំណាក់សហរដ្ឋអាម៉េរិក នឹងត្រូវប្រឈមមុខនឹង «ការសងសឹកយ៉ាងចាស់ដៃ» ពីរដ្ឋធានីតេហ៍រ៉ង់ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ម្នាក់បានបង្ហើបថា មនុស្សយ៉ាងហោចណាស់ ៥,០០០ នាក់ (ក្នុងនោះមានមន្ត្រី ៥០០នាក់) បានបាត់បង់អាយុជីវិត អំឡុងបាតុកម្មទូទាំងប្រទេសជាបន្តបន្ទាប់មកនេះ ស្របពេលមនុស្សជាង ២៤,០០០នាក់ត្រូវបានចាប់ខ្លួន ។

ការតវ៉ានៅអ៊ីរ៉ង់ បានផ្ទុះឡើងកាលពីខែមុន ដោយចាប់ផ្ដើមចេញពីបញ្ហាសេដ្ឋកិច្ចនៅឯផ្សារហ្គ្រេនដ៍បាហ្សាអារ (Grand Bazaar) ក្នុងទីក្រុងតេហ៍រ៉ង់ និងបានរីករាលដាលយ៉ាងឆាប់រហ័សទៅជាចលនានយោបាយទូទាំងប្រទេស។ អ្នកចូលរួមមានគ្រប់ស្រទាប់វណ្ណៈ ចាប់ពីអាជីវករ និស្សិត អ្នកមាន និងអ្នកក្រ ដែលពួកគេរួមគ្នាទាមទារឱ្យបញ្ចប់របបដឹកនាំក្នុងប្រទេសរបស់ខ្លួន ។

កាលពីថ្ងៃអាទិត្យ អ៊ីរ៉ង់បានបង្ហាញសញ្ញាថា ខ្លួនអាចនឹងបន្តការប្រហារជីវិតអ្នកដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងភាពចលាចល ខណៈខ្លួនកំពុងរងសម្ពាធពីអន្តរជាតិជុំវិញការបង្ក្រាបដ៏បង្ហូរឈាមបំផុត ចាប់តាំងពីបដិវត្តន៍ឆ្នាំ ១៩៧៩ មក។ នាពេលកន្លងមក ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ អះអាងថា លោកកំពុងសង្កេតមើលស្ថានការណ៍ក្នុងប្រទេសអ៊ីរ៉ង់ ព្រោះអ៊ីរ៉ង់និយាយថា មិនមានការប្រហារជីវិតលើអ្នកដែលត្រូវបានចាប់ខ្លួនអំឡុងការតវ៉ាឡើយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters | រូបភាព៖ SCMP/ Stringer/WANA (West Asia News Agency) via REUTERS