សេដ្ឋកិច្ច

ក្រុមហ៊ុនក្នុងស្រុកមួយ ប្តេជ្ញាបង្កើនការនាំចេញដំឡូងមីស្ងួតទៅទីផ្សារចិន ក្នុងរង្វង់ ២០ម៉ឺនតោន នៅឆ្នាំ២០២៦នេះ

image

ភ្នំពេញ៖ ក្រុមហ៊ុន ហង្ស ហាវេស អាហ្រ្គីខាលឈ័រ (HANG HARVEST AGRICULTURE) ប្តេជ្ញាបង្កើនការនាំចេញដំឡូងមីស្ងួតទៅកាន់ទីផ្សារប្រទេសចិន ក្នុងរង្វង់ ២០ម៉ឺនតោន នៅឆ្នាំ២០២៦នេះ បន្ទាប់ពីក្រុមហ៊ុននេះ បាននាំចេញដំឡូងមីស្ងួតជិត ១០ម៉ឺនតោន ក្នុងឆ្នាំ២០២៥។

លោកស្រី យឹម វល័ក្ខ នាយកទីផ្សារក្រុមហ៊ុន ហង្ស ហាវេស អាហ្រ្គីខាលឈ័រ (HANG HARVEST AGRICULTURE) បានប្រាប់ CNC ឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួននៅតែបង្កើនការទិញដំឡូងមីស្ងួតពីកសិករជារៀងរាល់ថ្ងៃ ចន្លោះពី ១០០ ទៅ ៣០០រថយន្តកុងតឺន័រ ក្នុង១ថ្ងៃ បើទោះបីជា កម្ពុជា និងថៃ មានជម្លោះព្រំដែនរវាងប្រទេសទាំងពីរក៏ដោយ ក៏ក្រុមហ៊ុននៅតែបង្កើនការនាំចេញដំឡូងមីស្ងួតនេះ ទៅកាន់ទីផ្សារប្រទេសចិន ដែលជាទីផ្សារដ៏ធំមួយរបស់កម្ពុជា។

លោកស្រី បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន បានទទួលទិញដំឡូងមីស្ងួតពីកសិករទាំង ១៦ខេត្ត-ក្រុង ជាពិសេសខេត្តជាប់ព្រំប្រទល់រវាងកម្ពុជា-ថៃ និងវៀតណាម ដើម្បីជួយបង្កើនប្រាក់ចំណូលរបស់កសិករ ស្របពេលដែលបច្ចុប្បន្ននេះ គេសង្កេតឃើញថា មានកសិករជាច្រើនបានបង្កើនការដាំដុះដំឡូងមី ប៉ុន្តែអ្វីដែលជាកត្តាប្រឈមនោះគឺខ្វះទីផ្សារ ដូច្នេះទើបក្រុមហ៊ុនបានជួយរកទីផ្សារជូនពួកគាត់ ដើម្បីធ្វើការនាំចេញទៅចិន។

បើតាមលោកស្រី យឹម វល័ក្ខ បានឲ្យដឹងថា ក្រៅពីការប្រមូលទិញដំឡូងមីស្ងួត ក្រុមហ៊ុនក៏មានផែនការទិញពោតក្រហមពីកសិករ ដើម្បីនាំចេញទៅទីផ្សារក្រៅប្រទេសផងដែរ នៅឆ្នាំក្រោយនេះ។

បើតាមលោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិដៅការងារឆ្នាំ២០២៦ កាលពីពេលថ្មីៗនេះថា កម្ពុជាបានពង្រីកទីផ្សារនាំចេញដំឡូងមីរហូតដល់ប្រមាណ ១០លានតោន ទៅកាន់ទីផ្សារអន្តរជាតិ និងរកប្រាក់ចំណូលបានប្រមាណ ៦៤៦លានដុល្លារអាម៉េរិក ខណៈដែលកម្ពុជា បានបង្កើនការកែច្នៃលើកកម្ពស់គុណភាពដំឡូងមីស្របតាមតម្រូវការទីផ្សារ។

លោករដ្ឋលេខាធិការ បានលើកឡើងទៀតថា កាលពីឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្ម បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន COFCO Biochnology របស់ចិន ដើម្បីជំរុញការនាំចេញដំឡូងមីស្ងួតចំនួន ៥០ម៉ឺនតោន ទៅកាន់ប្រទេសចិន សម្រាប់ឆ្នាំ២០២៥-២០២៦។បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្ម ក៏បានជួយសម្របសម្រួលការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងពីវៀតណាម ដោយជំរុញការនាំចេញដំឡូងមីស្រស់ ក្នុងប្រមាណ ៩លានតោនក្នុងមួយឆ្នាំ ទៅប្រទេសវៀតណាមផងដែរ៕

អត្ថបទ៖ ចេង ឆហួត