ព័ត៌មានអន្តរជាតិ

លោក ពុទីន គ្រោងប្រើទ្រព្យសម្បត្តិបង្កក ១ពាន់លានដុល្លារ ចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព និងស្ដារតំបន់សង្គ្រាម

image


រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពុទីន (Vladimir Putin) បានលើកឡើងកាលពីថ្ងៃពុធថា រដ្ឋធានីមូស្គូ អាចនឹងបែងចែកថវិកាចំនួន ១ពាន់លានដុល្លារអាម៉េរិក ចេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានសហរដ្ឋអាម៉េរិកបង្កកទុក ដើម្បីយកទៅដាក់ចូលក្នុង «ក្រុមប្រឹក្សាសន្តិភាព» ឬ Board of Peace សម្រាប់តំបន់ហ្គាហ្សា។ ចំណែកថវិកាដែលនៅសេសសល់ នឹងត្រូវយកទៅប្រើប្រាស់ដើម្បីកសាងតំបន់ដែលខូចខាតដោយសារតែសង្គ្រាមនៅអ៊ុយក្រែនឡើងវិញ បន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់ ។

លោក ពុទីន បានបញ្ជាក់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីថា ដោយសារតែរុស្ស៊ីមានទំនាក់ទំនងពិសេសជាមួយប្រជាជនប៉ាឡេស្ទីន លោកគិតថាការផ្ដល់ប្រាក់ ១ពាន់លានដុល្លារនេះគឺជារឿងសមស្រប ។
លោកគ្រោងពិភាក្សាលើសំណើនេះជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដ អាបាស់ (Mahmoud Abbas) នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមករានេះ ក៏ដូចជាជាមួយបេសកជនពិសេសអាម៉េរិក និងលោក ចារ៉េដ ឃូស្នៀ (Jared Kushner) ដែលមកដល់មូស្គូ ដើម្បីជជែករឿងសន្តិភាពនៅអ៊ុយក្រែន ។

គួររំឭកថា កាលពីថ្ងៃទី១៦ ខែមករា លោក ត្រាំ បានប្រកាសបង្កើត «ក្រុមប្រឹក្សាសន្តិភាព» នេះឡើង ដែលជាផ្នែកមួយនៃផែនការសន្តិភាព ២០ ចំណុចរបស់លោក ដើម្បីដោះស្រាយបញ្ហានិងស្តារតំបន់ហ្គាហ្សា។ ព័ត៌មានបានឱ្យដឹងថា ប្រទេសដែលចង់ចូលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សានេះ ត្រូវបង់ប្រាក់ ១ ពាន់លានដុល្លារក្នុងឆ្នាំដំបូង។ លោកពុទីន បញ្ជាក់ថា លោកទទួលបានការអញ្ជើញពីលោក ត្រាំ រួចហើយ ប៉ុន្តែរុស្ស៊ីនឹងឆ្លើយតបលុះត្រាតែក្រសួងការបរទេសពិនិត្យឯកសារ និងពិគ្រោះជាមួយដៃគូយុទ្ធសាស្ត្ររួចរាល់ ។

ពាក់ព័ន្ធនឹងរឿងកោះហ្គ្រីនលែន (Greenland) លោក ពុទីន និយាយថា «វាមិនពាក់ព័ន្ធនឹងរុស្ស៊ីទាល់តែសោះ» ហើយវាជារឿងដែលអាម៉េរិក និងដាណឺម៉ាកត្រូវដោះស្រាយគ្នា។ លោកបានរំឭកប្រវត្តិសាស្ត្រថា កាលពីឆ្នាំ ១៨៦៧ រុស្ស៊ីបានលក់អាឡាស្កា (Alaska) ឱ្យអាម៉េរិកក្នុងតម្លៃ ៧,២ លានដុល្លារ (ត្រូវនឹងប្រហែល ១៥៨ លានដុល្លារនាពេលបច្ចុប្បន្ន) ។

លោកពុទីន បានធ្វើការប្រៀបធៀបថា បើតាមតម្លៃដីអាឡាស្កា កោះហ្គ្រីនលែន (Greenland) គួរមានតម្លៃចន្លោះពី ២០០ ទៅ ២៥០ លានដុល្លារ ប៉ុន្តែបើធៀបនឹងតម្លៃមាស វាអាចឡើងដល់ ១ពាន់លានដុល្លារអាម៉េរិក ហើយលោកជឿជាក់ថា អាម៉េរិកមានលទ្ធភាពទិញបាន។ ទោះជាយ៉ាងណាក្ដី លោកពុទីន ក៏បានរិះគន់ដាណឺម៉ាកថា តែងតែប្រព្រឹត្តទៅលើកោះហ្គ្រីនលែន (Greenland) ដូចជាអាណានិគម និងមានភាពសាហាវយង់ឃ្នងទៀតផង ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Dado Ruvic/Illustration/ Sofiia Gatilova via REUTERS