ព័ត៌មានអន្តរជាតិ

សាធារណរដ្ឋកូរ៉េ បន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ

image


ភ្នំពេញ៖ នៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ លោកគីម ឆាងយ៉ុង (KIM CHANGYONG) ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាកម្ពុជា បានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េ នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិត្តិការជាមួយកម្ពុជា ទំាងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក គីម ឆាង យ៉ុង ដោយបានគូសបញ្ជាក់ថា ជាមួយបទពិសោធន៍ទូលំទូលាយ និងចំណេះដឹងជ្រាលជ្រៅ រួមជាមួយនឹងឆន្ទៈដ៏មោះមុតបេសកកម្មការទូតនៅកម្ពុជារបស់លោក នឹងទទួលបានជោគជ័យ ដោយនឹងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដែលនឹងរួមចំណែកធ្វើឱ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទំាងពីរឱ្យកាន់តែមានភាពជិតស្និទ្ធ រឹងមាំ ស៊ីជម្រៅ និងទូលំទូលាយ ឈានដល់កម្រិតខ្ពស់ថ្មីមួយនាំ មកនូវផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម ជូនប្រជាជន និងប្រទេសទាំងពីរ។

“ភាពជាដៃគូយុទ្ធសាស្រ្ត” រវាងកម្ពុជា- សាធារណរដ្ឋកូរ៉េ ផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា ការយល់យោគគ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីឈានទៅសម្រេចបាននូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រទេស និងប្រជាជនទាំងសងខាង។
សម្តេចរដ្ឋសភាធិបតី បានអរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានចូលរួមស្វែង រកសន្តិភាព និងបានគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជារហូតមក។

សម្តេចប្រធានរដ្ឋសភា បានស្នើឯកអគ្គរដ្ឋទូត បន្តជំរុញអ្នកវិនិយោគ អ្នកទេសចរពី សាធារណរដ្ឋកូរ៉េមកកម្ពុជាបន្ថែមទៀត។ “អរិយធម៌បុរាណនៃប្រទេសយើងទាំងពីរបានគូសបញ្ជាក់ពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅតាមរយៈការផ្លាស់ប្តូរវប្បធម៌ អប់រំ និងទេសចរណ៍ រវាងប្រទេសយើងទាំងពីរ”។

ជាមួយគ្នានេះ សម្តេច ក៏បានស្នើដល់សាធារណរដ្ឋកូរ៉េ ជួយផ្តល់ការបណ្តុះ បណ្តាលជំនាញបច្ចេកវិទ្យាដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីផ្តល់សេវាកាន់តែប្រសើរជូនតំណាងរាស្រ្តក្នុងការបម្រើប្រជាពលរដ្ឋផងដែរ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់ច្បាស់នៅក្នុងយុទ្ធសាស្រ្តបបញ្ចកោណ ដំណាក់កាលទី១ ដោយបានកំណត់យកកត្តា “មនុស្ស” ជាកត្តាទី១ និងចម្បងបំផុត ក្នុងការកែទម្រង់និងអភិ បាលកិច្ច។ សម្តេច សង្ឃឹមថា សាធារណបរដ្ឋកូរ៉េនឹងបន្តផ្តល់អាហារូបករណ៍ជំនាញសំខាន់ៗជាច្រើនទៀតដល់- សិស្ស និស្សិតកម្ពុជាបន្ថែមទៀត។

លោក គីម ឆាងយ៉ុង បានជម្រាបសម្តេចពីគម្រោងអភិវឌ្ឍន៍ជាច្រើនដែលសាធា រណរដ្ឋកូរ៉េ បាននិងកំពុងសហការជាមួយកម្ពុជា តាមរយៈកម្មវិធីអភិវឌ្ឍន៍ផ្លូវការរបស់ សាធារណរដ្ឋកូរ៉េ (ODA)។
លោកបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបង្រ្កាបបទល្មើសឆ្លងដែន បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់ប្រភេទ របស់រាជរដ្ឋាភិ បាលកម្ពុជា ដែលប្រការនេះបានផ្តល់ភាពកក់ក្តៅនិងទំនុកចិត្តជាខ្លំាងដល់ពលរដ្ឋសាធារណរដ្ឋកូរ៉េក្នុងការធ្វើ ដំណើរមកកម្ពុជា។

លោក បានបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ត្រៀមខ្លួនក្នុងជួយដល់កម្ពុជាក្នុងការកសាង និងលើកកម្ពស់សមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងបទ ល្មើសឆ្លងដែន និងការឆបោកតាមអនឡាន។
ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត បានស្នើសម្តេចប្រធានរដ្ឋសភា ក៏ដូចជារដ្ឋសភាកម្ពុជាគំាទ្របេក្ខជនពីសភាសាធារណរដ្ឋកូរ៉េ ជាអគ្គលេខាធិការអាណត្តិថ្មី របស់សហភាពអន្តរសភា (IPU)។

ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវសមានចិត្តជ្រាលជ្រៅជាមួយប្រជាពលរដ្ឋកម្ពុជា ដែលទទួលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានបណ្តាលឱ្យមានពលរដ្ឋស្លាប់បាត់បង់អាយុជីវិត ខូតខាតទ្រព្យសម្បត្តិ និងត្រូវរត់ភៀសសឹកចេញពីលំនៅដ្ឋាន មិនអាចប្រកបរបរចិញ្ចឹមជីវិត ក្មេងៗមិនបានទៅសាលារៀនជាដើម។

លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់បន្ថែមថា សាធារណរដ្ឋកូរ៉េ កំពុងរៀបចំផ្តល់នូវជំនួយជាទឹកប្រាក់ ៥០ម៉ឺនដុល្លារ តាមរយៈអង្គការ UNICEF នៅកម្ពុជា ដើម្បីចូលរួមដោះស្រាយផល វិបាកទាំងឡាយនោះ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ វិធានការច្បាស់លាស់ និងតឹងរ៉ឹងជាទីបំផុតក្នុងការបង្រ្កាបបទល្មើសឆ្លង ដែន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់ប្រភេទ។
រដ្ឋសភាកម្ពុជាគំាទ្រចំពោះសំណើរបស់ភាគីសាធារណរដ្ឋកូរ៉េក្នុងការដាក់ស្នើបេក្ខភាពជាអគ្គលេខាធិការ(IPU) អាណត្តិថ្មីនេះ៕

អត្ថបទ៖ វង សុភ័ក្ត្រ