ការចរចាសន្តិភាពអ៊ុយក្រែន-រុស្ស៊ី ធ្វើឡើងស្របពេលរុស្ស៊ីបើកការវាយប្រហារលើអ៊ុយក្រែន
អាប៊ូដាប៊ី៖ អ៊ុយក្រែន និងរុស្ស៊ី បានបញ្ចប់ការចរចាគ្នាក្នុងថ្ងៃទីពីរនៅឯទីក្រុងអាប៊ូដាប៊ី (Abu Dhabi) ប្រទេសអារ៉ាប់រួម កាលពីថ្ងៃសៅរ៍ ដោយភាគីទាំងពីរពុំទាន់មានកិច្ចព្រមព្រៀងណាមួយនៅឡើយ ប៉ុន្តែគ្រោងនឹងបន្តចរចានៅចុងសប្តាហ៍ក្រោយ ខណៈការចរចានេះ កើតឡើងចំពេលដែលរុស្ស៊ីបានបើកការវាយប្រហារតាមអាកាសពេញមួយយប់ ។
បើទោះបីជាមិនទាន់មានការចុះហត្ថលេខាណាមួយក៏ដោយ ប៉ុន្តែទាំងទីក្រុងមូស្គូ និងទីក្រុងគីវ បាននិយាយថា ពួកគេនៅតែបើកចំហសម្រាប់ការចរចាជាបន្ត។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលែស្គី បានបញ្ជាក់ថា ចំណុចសំខាន់នៃការពិភាក្សា គឺការស្វែងរកលក្ខខណ្ឌដើម្បីបញ្ចប់សង្គ្រាម។ ទន្ទឹមនឹងនោះ មន្ត្រីអាម៉េរិកម្នាក់ និយាយថា ភាគីទាំងពីរមានការគោរពគ្នាទៅវិញទៅមកនៅក្នុងបន្ទប់ចរចា ហើយពួកគេកំពុងពិភាក្សាលើព័ត៌មានលម្អិតយ៉ាងស៊ីជម្រៅ ។
ទោះជាយ៉ាងណាក៏ដោយ នៅមុនការចរចាថ្ងៃទីពីរចាប់ផ្តើម រុស្ស៊ីបានបង្ហោះដ្រូន និងមីស៊ីលរាប់រយគ្រាប់បាញ់ចូលទីក្រុងគីវ និងទីក្រុងខាកៀវ (Kharkiv)។ ទង្វើនេះធ្វើឱ្យរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន រិះគន់លោក ពុទីន យ៉ាងខ្លាំងថាជាមនុស្សអគតិ។ លោកនិយាយថា «មីស៊ីលរបស់លោកពុទីន មិនត្រឹមតែបាញ់ចំប្រជាជនអ៊ុយក្រែនទេ តែវាបាញ់ចំតុចរចាទៀតផង» ។
នៅយប់កើតហេតុនោះដែរ រុស្ស៊ីបានប្រើដ្រូន ៣៧៥ គ្រឿង និងមីស៊ីល ២១ គ្រាប់ វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និងជាង ៣០ នាក់រងរបួស។ នៅទីក្រុងគីវ មនុស្សប្រហែល ៨០ម៉ឺននាក់ត្រូវរស់នៅក្នុងភាពងងឹត និងស្ថានភាពត្រជាក់ក្នុងសីតុណ្ហភាព -១០ អង្សា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY/ Reuters | រូបភាព៖ VIORY/ UAE Government via Reuters