ខេត្តសៀមរាប កំពុងខ្វះខាតមគ្គុទ្ទេសក៍ទេសចរណ៍ភាសាអារ៉ាប់ ប៉ុន្តែមន្ត្រីថានឹងពិនិត្យសិក្សាលើករណីនេះ
សៀមរាប៖ មន្ត្រីជំនាញទេសចរណ៍របស់ខេត្តសៀមរាបបានលើកឡើងថា ខេត្តដែលជាប៉ូលទេសចរណ៍ដ៏សំខាន់មួយនេះ កំពុងប្រឈមនឹងការខ្វះខាតមគ្គុទ្ទេសក៍ទេសចរណ៍ដែលនិយាយភាសាកម្រមួយចំនួន ក្នុងនោះភាសាសម្រាប់អ្នកទេសចរមកពីតំបន់អារ៉ាប់។
លោក គង់ សឿន អនុប្រធានមន្ទីទេសចរណ៍ខេត្តសៀមរាប បានលើកឡើងបែបនេះ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល គ្រូបង្គោលជាតិនៃសេវាកម្មសណ្ឋាគារតាមស្តង់ដាអាស៊ាន កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារមេម័រ ក្រុងសៀមរាប។
លោក គង់ សឿន បានថ្លែងថា នៅក្នុងឆ្នាំ២០២៥ ចំនួនអ្នកទេសចរបរទេសដែលចូលមកកម្សាន្តនៅក្នុងខេត្តសៀមរាប មានការថយចុះបន្តិចបើធៀបនឹងឆ្នាំ២០២៤។ ការថយចុះនេះ ដោយសារសង្គ្រាមនៅតាមបន្ទាត់ព្រំដែន ដែលបណ្តាលមកពីការឈ្លានពានរបស់ទាហានថៃមកលើបូរណភាពទឹកដីកម្ពុជា។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ការបើកចំហរជើងមេឃរបស់កម្ពុជា តាមរយៈព្រលានយន្តហោះធំៗ ដែលអាចទទួលអ្នកដំណើរមកពីគ្រប់ទិសទីនោះ វិស័យទេសចរណ៍របស់ខេត្តសៀមរាប បានជួបប្រទះការខ្វះខាតមគ្គុទ្ទេសទេសចរណ៍ភាសាមួយចំនួនដូចជាភាសាអាឡឺម៉ង់ ភាសាបារាំង ជាពិសេសភាសាអារ៉ាប់។ លោកថា ការប្រើភាសាផ្សេងៗសម្រាប់ប្រាស្រ័យទាក់ទងជាមួយអ្នកទេសចរណ៍មកពីអារ៉ាប់ មានការពិបាកខ្លាំង ដោយសារតែមគ្គុទ្ទេសក៍យើង មិនសូវយល់អំពីវប្បធម៌ ប្រពៃណី ម្ហូបអាហារជាដើម។
លោក គង់ សឿន ក៏បានសំណូមពរដល់ក្រសួងទេសចរណ៍ ពិនិត្យអំពីលទ្ធភាពបណ្តុះបណ្តាលមគ្គុទ្ទេសក៍ភាសាទាំងនោះ ដើម្បីបំពេញបន្ថែមនូវវិស័យបដិសណ្ឋារកិច្ចរបស់កម្ពុជា ជាតពសេសសម្រាប់ខេត្តសៀមរាប។
សូមជម្រាបថា តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បច្ចុប្បន្នខេត្តប្រាង្គប្រាសាទបុរាណមួយនេះ មានមគ្គុទ្ទេសក៍ទេសចរណ៍ប្រមាណជាង ៥ពាន់នាក់ ក្នុងនោះមាន ៧២០នាក់ ជាស្ត្រី។
ពាក់ព័ន្ធនឹងការខ្វះខាតមគ្គុទ្ទេសក៍ទេសចរណ៍នេះ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក វណ្ណ សេរីរ័ត្ន បានថ្លែងថា ក្នុងនាម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលយកនូវសំណូមពរនេះ និងជំរុញដល់នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សិក្សាលើបញ្ហានេះ។ នាពេលកន្លងមក ដោយអនុវត្តតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានសហការជាមួយភាគីពាក់ព័ន្ធ កសាងបាននូវហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង សម្រាប់ទ្រទ្រង់ដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ទេសចរណ៍។
ជាក់ស្តែង វគ្គបណ្តុះបណ្តាល គ្រូបង្គោលជាតិនៃសេវាកម្មសណ្ឋាគារតាមស្តង់ដាអាស៊ាននាពេលនេះ ជាឆ្លើយតបនឹងស្មារតីនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នា ទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) ដោយបានធ្វើការបណ្តុះបណ្តាលធនធានមនុស្សជាគ្រូបង្គោល អ្នកវាយតម្លៃបង្គោល ការពង្រឹងសមត្ថភាពសាលាបណ្តុះបណ្តាល មជ្ឈមណ្ឌលវាយតម្លៃ ការដាក់ចុះ កម្មវិធីបណ្តុះបណ្តាលថ្មីៗ និងការវាយតម្លៃការសិក្សាពីមុន (RPL) អមដោយ បទដ្ឋានគតិយុត្តទ្រទ្រង់ចាំបាច់នានា៕
អត្ថបទ៖ ជា ស្រស់