កងទ័ពអ៊ីស្រាអ៊ែល ការពារសុវត្ថិភាពជនជាតិជ្វីហ្វឱ្យចូលទៅបន់ស្រន់នៅផ្នូរ Joseph នៅពេលថ្ងៃជាលើកដំបូងក្នុងរយៈពេល ២៥ឆ្នាំ
វែសប៊ែង៖ កងកម្លាំងអ៊ីស្រាអ៊ែល បានចូលទៅក្នុងទីក្រុងណាប្ល៊ូស (Nablus) ភាគខាងជើងតំបន់វែសប៊ែង (West Bank) កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីការពារសុវត្ថិភាពឱ្យក្រុមនិគមជនអ៊ីស្រាអ៊ែល ចូលទៅកាន់ទីតាំង «ផ្នូរចូសែប» (Joseph's Tomb) ជាទីកន្លែងដែលពួកគេបានធ្វើពិធីបួងសួងពេលថ្ងៃជាលើកដំបូង ក្នុងរយៈពេល ២៥ឆ្នាំ ។
ទីតាំងផ្នូរនេះ ស្ថិតនៅចំកណ្ដាលតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរប៉ាលេស្ទីន ប៉ុន្តែកងទ័ពអ៊ីស្រាអ៊ែលតែងតែចូលទៅទីនោះ ដើម្បីបើកផ្លូវឱ្យនិគមជនជ្វីហ្វចូលទៅបន់ស្រន់ ព្រោះពួកគេចាត់ទុកថាជាទីកន្លែងសក្ការៈ។ ការអនុញ្ញាតឱ្យចូលបន់ស្រន់នៅពេលថ្ងៃនេះ ធ្វើឡើងតាមការសម្រេចចិត្តរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអ៊ែល លោក អ៊ីស្រាអ៊ែល ខាត់ (Israel Katz) ដែលពីមុនអនុញ្ញាតឱ្យចូលបានតែពេលយប់ប៉ុណ្ណោះ ។
ការបន់ស្រន់ពេលថ្ងៃរបស់ជនជាតិជ្វីហ្វនៅទីនេះ បានផ្អាកតាំងពីខែកញ្ញា ឆ្នាំ២០០០ មកម្ល៉េះ បន្ទាប់ពីមានការងើបបះបោរទ្រង់ទ្រាយធំ។ ស្ថានភាពនៅ វែសប៊ែង (West Bank) បានបន្តតានតឹងតាំងពីឆ្នាំ២០២៣ ដោយមានជនជាតិប៉ាលេស្ទីនជាង ៧៥៩ នាក់ត្រូវបានសម្លាប់ ហើយខាងអ៊ីស្រាអ៊ែលជាង ២៦ នាក់ក៏បានស្លាប់ក្នុងជម្លោះនេះដែរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY