ព័ត៌មានអន្តរជាតិ

លោកត្រាំ បើកផ្លូវឱ្យអ៊ីរ៉ង់ចរចាបញ្ចប់ជម្លោះ តែមិនរារែកក្នុងការប្រើវិធានការក្ដៅ បើកិច្ចព្រមព្រៀងត្រូវបរាជ័យ

image



សហរដ្ឋអាម៉េរិក៖ អំឡុងជំនួបជាមួយប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ អ្នកយកព័ត៌មាន បានចោទសួរទៅកាន់លោកត្រាំ ជុំវិញសំណួរពាក់ព័ន្ធនឹងអ៊ីរ៉ង់ថា «តើតំណាងពិសេសអាម៉េរិក លោក ស្ទេវ វីកអោហ្វ (Steve Witkoff) អាចដោះស្រាយបានដែរឬទេ អំពីបញ្ហានៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់?

ជាចម្លើយនោះ លោកត្រាំ បានឱ្យដឹងថា «ភាគីអាម៉េរិក កំពុងតែពិភាក្សារឿងហ្នឹងហើយ ដោយឥឡូវនេះ អាម៉េរិកមាននាវាចម្បាំងជាច្រើនគ្រឿងកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ហើយសុទ្ធតែជានាវាធំៗ ខ្លាំងៗ និងទំនើបបំផុតលើលោក។ ស្របពេលជាមួយគ្នា អាម៉េរិកក៏បាននិងកំពុងមានការចរចាជាបន្តបន្ទាប់ជាមួយអ៊ីរ៉ង់ ណៈដែលអាម៉េរិក រង់ចាំមើលទាំងអស់គ្នាថា តើលទ្ធផលនឹងទៅជាយ៉ាងណា»។ មានន័យថា សហរដ្ឋអាម៉េរិក កំពុងប្រើប្រាស់យុទ្ធសាស្ត្រពីរក្នុងពេលតែមួយ គឺការចរចាផ្នែកការទូត និងការដាក់សម្ពាធផ្នែកយោធាទៅលើប្រទេសអ៊ីរ៉ង់ ។

ជុំវិញសំណួរជាបន្ត អ្នកយកព័ត៌មាន បានសាកសួរថា «ពាក់ព័ន្ធនឹងរឿងអ៊ីរ៉ង់ដដែលនេះ តើលោកអាចបញ្ជាក់បានទេថា តើកម្រិតណាទើបលោកសម្រេចចិត្តប្រើប្រាស់កម្លាំងយោធាលើអ៊ីរ៉ង់»?

លោក ត្រាំ បានឆ្លើយតបថា «លោកមិនអាចប្រាប់អ្នកពីអ្វីដែលលោកនឹងត្រូវធ្វើនោះទេ ព្រោះលោកចង់ឃើញកិច្ចព្រមព្រៀងមួយកើតឡើងតាមរយៈការចរចា»។ លោកបន្ថែមទៀតថា «លោកមិនទាន់ដឹងច្បាស់ថា វានឹងអាចកើតឡើងឬអត់ទេ ប៉ុន្តែបើទោះជាលោកបានដឹង លោកក៏នឹងមិនទាន់និយាយជាសាធារណៈដែរ ហើយអ្វីដែលសំខាន់នៅពេលនេះគឺ អាម៉េរិកកំពុងនិយាយគ្នា, កំពុងចរចាជាមួយអ៊ីរ៉ង់។ ប្រសិនបើភាគីទាំងពីរ អាចស្វែងរកដំណោះស្រាយបាន វាគឺជារឿងដ៏ល្អបំផុត ប៉ុន្តែបើសិនមិនអាចធ្វើបាននោះទេ រឿងអាក្រក់ៗអាចនឹងកើតមានឡើងជាក់ជាមិនខានឡើយ» ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Reuters/ USA TODAY