ព័ត៌មានអន្តរជាតិ

រកឃើញសាកសពអ្នកទេសចររុស្ស៊ីដែលបាត់ខ្លួន ៣សប្ដាហ៍ ត្រូវបានឃាតករសម្លាប់កាត់សពជាបំណែកៗកប់ក្នុងដី នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ

image



ថៃឡង់ដ៍៖ សាកសពរបស់ភ្ញៀវទេសចរជនជាតិរុស្ស៊ីម្នាក់ដែលបាត់ខ្លួនអស់រយៈពេលប្រហែល ៣ សប្តាហ៍មកហើយនោះ ត្រូវគេរកឃើញនៅក្នុងរណ្តៅដីមួយកន្លែង ក្បែរទីក្រុងប៉ាតាយ៉ា ប្រទេសថៃ។ ជនរងគ្រោះមានឈ្មោះ ម៉ៃខល អេមីឡាណូ (Mikhail Emelianov) អាយុ ៣០ឆ្នាំ បានបាត់ខ្លួនកាលពីខែមុន ហើយសាកសពត្រូវឃាតករកាត់ជាបំណែកៗយ៉ាងរន្ធត់ រហូតមកដល់ថ្ងៃទី១ ខែកុម្ភៈ ក៏ត្រូវបានគេរកឃើញ ។

តាមរយៈរូបភាពនិងវីដេអូពីទីតាំងរកឃើញសាកសព បានបង្ហាញពីទិដ្ឋភាពអាជ្ញាធរប្រមូលបំណែកសាកសព រួមទាំងក្បាលដែលដាច់ចេញពីខ្លួនផងដែរ ដែលត្រូវបានខ្ចប់នៅក្នុងថង់សម្រាមផ្លាស្ទិកខ្មៅ និងក្រណាត់ រួចយកទៅកប់ក្នុងរណ្តៅជម្រៅប្រហែលកន្លះម៉ែត្រ នៅតាមដីវាលដែលមានស្មៅដុះស៊ុបទ្រុប។ សមត្ថកិច្ចបញ្ជាក់ថា បើទោះបីជាកំពុងស្ថិតក្នុងដំណាក់កាលបញ្ជាក់អត្តសញ្ញាណជាផ្លូវការ ប៉ុន្តែពួកគេជឿជាក់ថា នោះគឺជាសពរបស់លោក អេមីឡាណូ (Emelianov) ដោយផ្អែកលើសម្លៀកបំពាក់ និងស្នាមសាក់នៅលើដងខ្លួន ។

តាមរយៈការស៊ើបអង្កេតបឋម បានបង្ហាញថា ជនរងគ្រោះបានស្លាប់ដោយសារតែការប្រើកម្លាំងវាយដំយ៉ាងធ្ងន់ធ្ងរ។ អាជ្ញាធរបញ្ជាក់ថា បំណែកខ្លួនចាប់ពីទ្រូងដល់ត្រកៀកនៅតែរកមិនទាន់ឃើញនៅឡើយទេ ហើយជនរងគ្រោះអាចស្លាប់យ៉ាងហោចណាស់ ១០ ថ្ងៃមកហើយ។ ក្រុមអ្នកស៊ើបអង្កេតជឿថា មូលហេតុនៃការសម្លាប់នេះ មានជាប់ពាក់ព័ន្ធនឹងករណីបំណុលគ្រឿងញៀនក្នុងរង្វង់ទឹកប្រាក់ប្រមាណជា ១២ម៉ឺនដុល្លារអាម៉េរិក ។

មុនពេលបាត់ខ្លួន ជនរងគ្រោះបានទៅជួបបុរសជនជាតិរុស្ស៊ីចំនួន ២នាក់ផ្សេងទៀត កាលពីថ្ងៃទី៧ ខែមករា នៅទីក្រុងប៉ាតាយ៉ា។ នៅថ្ងៃនោះ ជនរងគ្រោះបានផ្ញើទីតាំង (Location) ឱ្យម្តាយរបស់គាត់ជារឿយៗ រហូតដល់យប់ឡើងទើបដាច់ទំនាក់ទំនង។ បច្ចុប្បន្ន បុរសជនជាតិរុស្ស៊ីពីរនាក់ មានឈ្មោះ អៀរ៉ូស្លាវ ដេមីដូវ (Iaroslav Demidov) អាយុ ៣៤ឆ្នាំ និងឌីមីទ្រី ម៉ាកាឡេវ (Dmitrii Makalev) អាយុ ៣៧ឆ្នាំ ត្រូវសមត្ថិច្ចចាប់ខ្លួន និងចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន, លាក់បំបាំងសាកសព និងបង្ខាំងមនុស្សជំរិតទារប្រាក់ដោយប្រើទារុណកម្ម» ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The Sun | រូបភាព៖ Asia Pacific Press via ViralPress on The Sun/ Pattaya Mail