ចាញ់ល្បួងការងារប្រាក់ខែខ្ពស់! បុរសកូរ៉េម្នាក់ត្រូវគេបង្ខាំងឱ្យធ្វើការឆបោកនៅប្រទេសថៃ តែត្រូវបានរំដោះទាន់ពេល
កូរ៉េខាងត្បូង៖ បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ អាយុខ្ទង់ ៣០ឆ្នាំ ដែលបានធ្វើដំណើរទៅកាន់ប្រទេសថៃដើម្បីរកការងារដែលទទួលបានប្រាក់ខែខ្ពស់ ទទួលបានការជួយសង្គ្រោះចេញពីក្រុមឆបោកតាមទូរសព្ទ (Voice Phishing) បន្ទាប់ពីម្ដាយរបស់ជនរងគ្រោះ បានរាយការណ៍ទៅកាន់សមត្ថកិច្ចកូរ៉េ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ Seoul Economic Daily នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៦ ។
យោងតាមមន្ត្រីនគរបាលក្រុងប៉ូឈិន (Pocheon) បានឱ្យដឹងថា អាជ្ញាធរបានទទួលការហៅទូរសព្ទសង្គ្រោះបន្ទាន់កាលពីយប់ថ្ងៃទី២៧ ខែធ្នូ ពីស្ត្រីមួយរូបដែលត្រូវជាម្ដាយរបស់ជនរងគ្រោះ ដោយស្ត្រីរូបនោះ និយាយទាំងបារម្ភថា «កូនប្រុសរបស់គាត់ស្ថិតនៅក្នុងប្រទេសថៃ បានទូរសព្ទមកគាត់ទាំងកំពុងយំ ហើយប្រាប់គាត់ថា កូនដូចជាកំពុងត្រូវបានគេចាប់បង្ខាំងទុក» ។
បុរសរងគ្រោះ ហៅកាត់ថា A បានប្រើល្បិចសុំទូរសព្ទទៅកាន់ម្ដាយ ដោយយកលេសថា «ឪពុកកំពុងឈឺធ្ងន់» ដើម្បីផ្ដល់ដំណឹងពីករណីបង្ខាំងនេះ។ ភ្លាមៗនោះ សមត្ថកិច្ចកូរ៉េបានទៅជួបម្ដាយជនរងគ្រោះ ហើយប្រធានក្រុមបង្ក្រាបបទល្មើសម្នាក់ បានរៀបចំដើរតួជា «ពូ» របស់លោក A ដើម្បីបន្តការសន្ទនាតាមទូរសព្ទជាមួយ A ប្រៀបដូចជាសួរសុខទុក្ខធម្មតា រហូតប្រមូលបានតម្រុយ និងទីតាំងដែលគេបង្ខាំង A ទុក ។
ទោះបីជាយប់ជ្រៅក៏ដោយ សមត្ថកិច្ចកូរ៉េ បានទាក់ទងភ្លាមៗទៅស្ថានកុងស៊ុលកូរ៉េប្រចាំនៅប្រទេសថៃ ដើម្បីសហការជាមួយមន្ត្រីក្នុងតំបន់។ នៅម៉ោងប្រហែល ២ ទៀបភ្លឺ ថ្ងៃបន្ទាប់ សមត្ថកិច្ច និងមន្ត្រីកុងស៊ុលបានធ្វើពុតជាសាច់ញាតិទៅដល់ទីកន្លែងបង្ខាំង រួចហៅលោក A ឱ្យចេញមកក្រៅ ហើយក៏សង្គ្រោះបានដោយសុវត្ថិភាព។ លោក A ក៏មិនមានរបួសអ្វីឡើយ ហើយបានត្រឡប់ទៅប្រទេសកូរ៉េវិញនៅរសៀលថ្ងៃដដែលនោះ ។
តាមរយៈការស៊ើបអង្កេត លោក A បានចាញ់បោកការផ្សព្វផ្សាយពាណិជ្ជកម្មលើបណ្ដាញសារអេឡិចត្រូនិកតេឡេក្រាម (Telegram) ដែលបញ្ឆោតថា «រើសបុគ្គលិកផ្នែកច្នៃម៉ូត (ឌីហ្សាញ) នៅក្នុងប្រទេសថៃ ដោយផ្ដល់ប្រាក់ខែខ្ពស់»។ ប៉ុន្តែពេលទៅដល់ទីក្រុងបាងកកភ្លាម លោក A ក៏ត្រូវគេនាំទៅបង្ខាំងទុកនៅក្នុងផ្ទះសំណាក់មួយកន្លែង ហើយបង្ខំឱ្យរៀនពីវិធីបោកប្រាស់មនុស្សតាមទូរសព្ទ។ ក្រោយកិច្ចអន្តរាគមន៍សង្គ្រោះ អាជ្ញាធរមូលដ្ឋានបានឆ្មក់ចូលចាប់ខ្លួនសមាជិកក្រុមបោកប្រាស់បាន ៧នាក់ (ជនជាតិកូរ៉េ ៥នាក់ ចិន ១នាក់ និងថៃ ១នាក់) ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Seoul Economic Daily | រូបភាព៖ Seoul Economic Daily/ Appuals/ innovation.co.id