គ្រោះបំណាក់ដីខ្នាតយក្ស គំរាមកំហែងផ្ទះពលរដ្ឋក្នុងខេត្តអាឆេ ខណៈអាជ្ញាធរឥណ្ឌូណេស៊ី ប្រកាសកំណត់ជាតំបន់អាសន្នកម្រិតខ្ពស់
ឥណ្ឌូណេស៊ី៖ អាជ្ញាធរនៅក្នុងស្រុក អាឆេ តាំងហ្គា (Aceh Tengah) ខេត្តអាឆេ ប្រទេសឥណ្ឌូណេស៊ី បានប្រកាសកំណត់ជា «តំបន់អាសន្នកម្រិតខ្ពស់» បន្ទាប់ពីមានគ្រោះបំណាក់ដីយ៉ាងខ្លាំងក្លា ដែលមើលទៅហាក់ដូចជាស្រុតដីខ្នាតយក្ស បានរីករាលដាលខិតជិតដល់ផ្ទះសម្បែង ចំការ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងភូមិកំពុងបាហ៍ (Kampung Bah) ។
តាមរយៈរូបភាពពីលើអាកាសកាលពីថ្ងៃអាទិត្យ បានបង្ហាញពីទិដ្ឋភាពក្រុមការងាររបស់ក្រុមហ៊ុនអគ្គិសនីរដ្ឋ (PLN) កំពុងរៀបចំដំឡើងបង្គោលភ្លើងបណ្ដោះអាសន្ន ដើម្បីជំនួសបង្គោលភ្លើងតង់ស្យុងខ្ពស់ ដែលនៅជិតទីកន្លែងបាក់ស្រុតដីខ្លាំង។ ផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ត្រូវបានបង្វែរទៅកាន់ផ្លូវផ្សេងជំនួសវិញ ខណៈការចូលទៅកាន់តំបន់នោះ ត្រូវបានរឹតត្បិតកាន់តែខ្លាំង ដើម្បីសុវត្ថិភាព ។
ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយតំបន់ (BPBD) លោក អ៊ី អាន់ដាលីកា (Ir. Andalika) បានបញ្ជាក់ថា «ការបាក់ដីនៅជុំវិញភូមិកំពុងបាហ៍ (Kampung Bah) បានកាត់ផ្ដាច់ផ្លូវពុនដុកបាឡេក (Pondok Balek) ទាំងស្រុង ហើយឥទ្ធិពលរបស់គ្រោះមហន្តរាយធម្មជាតិនេះ បានរីករាលដាលដល់ដីកសិកម្ម និងចំការរបស់ពលរដ្ឋនៅជុំវិញនោះថែមទៀត» ។
យ៉ាងហោចណាស់មានផ្ទះចំនួន ៥ខ្នង កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់បំផុត ដោយសារតែស្ថិតនៅកៀកទីកន្លែងដែលកំពុងបាក់ស្រុតខ្លាំង។ ក្រុមអ្នកសង្គ្រោះ បានចាប់ផ្ដើមជម្លៀសក្រុមគ្រួសារដែលរងផលប៉ះពាល់ទៅកាន់ទីជម្រកបណ្ដោះអាសន្ន ខណៈអ្នកជំនាញព្រមានថា ចលនាបំណាក់ដីនៅតែបន្តដែលអានបង្កឱ្យមានការបាក់ស្រុតបន្ថែមទៀត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ VIORY