ព័ត៌មានអន្តរជាតិ

ជប៉ុន បំបែកកំណត់ត្រាថ្មី! ការនាំចេញកសិផលហក់ឡើងដល់ ១១ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥

image



ជប៉ុន៖ ចំណង់ចំណូលចិត្តលើតែបៃតង និងសាច់គោជប៉ុនពីសំណាក់មនុស្សជុំវិញពិភពលោក បានយកឈ្នះលើរបាំងពាណិជ្ជកម្ម ដែលធ្វើឱ្យការនាំចេញផលិតផលកសិកម្ម ឈើ និងគ្រឿងសមុទ្រ កើនឡើងដល់កម្រិតកំណត់ត្រាថ្មី ១១ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥ ។

យោងតាមទិន្នន័យពីក្រសួងកសិកម្មជប៉ុន (MAFF) បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ការនាំចេញផលិតផលទាំងនេះបានកើនឡើង ១២,៨% ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ កំណើននេះកើតឡើងដោយសារតែការនាំចេញទៅកាន់សហរដ្ឋអាម៉េរិកមានភាពរឹងមាំ បើទោះបីជាមានការដាក់ពន្ធថ្មីក៏ដោយ ហើយការនាំចេញទៅកាន់ប្រទេសចិនក៏បានងើបឡើងវិញ ក្រោយជួបប្រទះនូវការធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំមុន ។

សរុបការនាំចេញកាលពីឆ្នាំមុនមានចំនួន ១,៧០១ ទ្រីលានយ៉េន (ប្រហែល ១០,៩ ពាន់លានដុល្លារអាម៉េរិក) កើនឡើងពី ១,៥០៧ ទ្រីលានយ៉េនក្នុងឆ្នាំ ២០២៤ ហើយនេះគឺជាការកើនឡើងជាប់ៗគ្នាជារៀងរាល់ឆ្នាំរយៈពេល ១៣ ឆ្នាំមកហើយ ។

លោក កាហ្ស៊ូយ៉ូស៊ិ ណាកាស៊ូហ្គិ (Kazuyoshi Nakasugi) មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មជប៉ុន បានលើកឡើងថា កត្តាដែលជំរុញឱ្យមានតម្រូវការខ្ពស់នេះ រួមមាន ការកើនឡើងនូវចំណាប់អារម្មណ៍លើម្ហូបជប៉ុននៅទូទាំងពិភពលោក ការស្វែងយល់កាន់តែច្បាស់អំពីអាហារជប៉ុនក្នុងចំណោមភ្ញៀវទេសចរ និងការយកចិត្តទុកដាក់កាន់តែខ្លាំងលើសុខភាព ។

ការនាំចេញទៅកាន់សហរដ្ឋអាម៉េរិក បានកើនឡើង ១៣,៧% ដែលធ្វើឱ្យអាម៉េរិក ក្លាយជាទីផ្សារធំបំផុតរបស់ជប៉ុនពីរឆ្នាំជាប់ៗគ្នា ជាពិសេសលើមុខទំនិញតែបៃតង និងសាច់គោ។ ចំណែកការនាំចេញទៅចិនបានកើនឡើង ៧% ឡើងវិញ បន្ទាប់ពីធ្លាក់ចុះយ៉ាងគំហុកកាលពីឆ្នាំ ២០២៤។ កាលពីមុន ចិនបានហាមឃាត់ការនាំចូលគ្រឿងសមុទ្រពីជប៉ុនទាំងអស់ ដោយសារការបង្ហូរសារធាតុវិទ្យុសកម្មចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ប៉ុន្តែចិនបានចាប់ផ្ដើមបន្ធូរបន្ថយបម្រាមនេះវិញនៅពាក់កណ្ដាលឆ្នាំ ២០២៥។

ទោះជាយ៉ាងណាក៏ដោយ លោក ណាកាស៊ូហ្គិ (Nakasugi) បញ្ជាក់ថា ការនាំចេញគ្រឿងសមុទ្រទៅចិននៅមិនទាន់ងើបឡើងវិញខ្លាំងនៅឡើយទេ ដូច្នេះរដ្ឋាភិបាលជប៉ុន កំពុងបន្តស្វែងរកទីផ្សារថ្មីៗផ្សេងទៀតនៅក្នុងតំបន់អាស៊ី និងសហរដ្ឋអាម៉េរិក ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ South China Morning Post | រូបភាព៖ SCMP/ EPA