ព័ត៌មានជាតិ

អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមខេត្តរតនគិរី ណែនាំក្រុមការងារ ត្រូវយកចិត្តទុកដាក់ផ្តល់សេវាកម្មមនុស្សធម៌ និងជួយអ្នកងាយរងគ្រោះ ឱ្យបានច្រើនជាមុន និងប្រសិទ្ធភាពខ្ពស់

image



រតនគិរី៖ លោកស្រី ឃឹម សុខឃាង ញ៉ែមសំអឿន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តរតនគិរី បានណែនាំដល់គណ:កម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិ អំពីការងារមួយចំនួនសម្រាប់អនុវត្ត ពិសេសត្រូវយកចិត្តទុកដាក់ផ្តល់សេវាកម្មមនុស្សធម៌ កាន់តែប្រសើរជាងមុន និងជួយអ្នកងាយរងគ្រោះបានច្រើនជាមុន និងប្រសិទ្ធភាពខ្ពស់។

ការណែនាំនេះ បានធ្វើឡើងលោកស្រី ឃឹម សុខឃាង ញ៉ែមសំអឿន តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្ត និងជា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ រយៈពេល ១២ខែ ឆ្នាំ២០២៥ និងឆ្លងផែនការ ឆ្នាំ២០២៦។

នៅក្នុងឱកាសនោះ លោកស្រី ឃឹម សុខឃាង បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្តប្រាជ្ញា ស្មារតីទទួលខុសត្រូវ ចូល
រួមយ៉ាងសកម្មក្នុងការបំពេញបេសកកម្មមនុស្សធម៌របស់ សាខា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង ស្រុក ក្រុមកាកបាទក្រហមឃុំសង្កាត់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានរួមគ្នាដោះស្រាយឆ្លើយតបដល់ប្រជាជនរង
គ្រោះ និងងាយរងគ្រោះបំផុត និងការងារសង្គមជាច្រើនទៀត ទទួលបានលទ្ធផលប្រសើរ។ ជាពិសេស ការលើកកម្ពស់សកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខា ការថែទាំសុខភាពសហគមន៍ ការអប់រំផ្សព្វផ្សាយ ស្តីពីការចូលរួមលើកកំពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ន ការបណ្តុះ
បណ្តាលជាមូលដ្ឋានដល់យុវជន អ្នកស្ម័គ្រចិត្ត ការកសាងភាពធន់សហគមន៍ ការអភិវឌ្ឍន៍ស្ថាប័ន ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលាស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាកទីនោះ មានកាកបាទក្រហមកម្ពជា»។

ជាមួយគ្នានោះដែរ លោក ស្រី បានក្រើនរំលឹកឱ្យបន្តកសាងកម្លាំងនៅមូលដ្ឋានឲ្យកាន់តែរឹងមាំ ដើម្បីចូលរួមកសាងភាពធន់នឹងភាពរីកចម្រើននៅសហគមន៍ តាមវិធានអនាម័យស្អាត បន្តសហការចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗ រួមជាមួយជំរុញការបណ្ដុះបណ្ដាលជាមូលដ្ឋាន ជូនយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលជាប្រតិបត្តិករ និងជាកម្លាំងចលករ មិនអាចខ្វះបាន ក្នុងការអនុវត្តវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា។

ទន្ទឹមនោះ លោកស្រី បានលើកទឹកចិត្ត ត្រូវខិតខំកៀរគរមូលនិធិពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់សាខា ហើយពង្រឹងការគ្រប់គ្រងចំណូល ចំណាយ ការទូទាត់ឱ្យមានតម្លាភាព និងគណនេយ្យភាព៕

អត្ថបទ៖ ប៉េស សារី