ព័ត៌មានអន្តរជាតិ

ឆ្នាំ ២០២៥ អាស៊ានស្វាគមន៍ភ្ញៀវទេសចរបរទេស ១៤៤ លាននាក់ កើនឡើងលើសតួលេខមុនប្រឈមជំងឺកូវីដ

image



អាស៊ាន៖ វិស័យទេសចរណ៍ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន សម្រេចបានសមិទ្ធផលធំធេងក្នុងឆ្នាំ ២០២៥ ដោយចំនួនភ្ញៀវអន្តរជាតិបានកើនឡើងដល់ ១៤៤ លាននាក់ ពោលគឺកើនឡើង ១៣,៤% ធៀបនឹងឆ្នាំមុន។ តួលេខនេះ បានវ៉ាដាច់កំណត់ត្រាមុនពេលមានជំងឺរាតត្បាតកាលពីឆ្នាំ ២០១៩ ដែលកាលនោះ មានភ្ញៀវចំនួន ១៤៣,៦ លាននាក់ ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន លោកស្រី គ្រីស្ទៀណា ហ្វ្រាស្កូ (Christina Frasco) បានចាត់ទុកកំណើននេះថាជា «និន្នាការកើនឡើងប្រកបដោយចីរភាព» នៃទេសចរណ៍អាស៊ាន ដែលបានមកពីកិច្ចខិតខំប្រឹងប្រែងបង្កើនការតភ្ជាប់ផ្លូវធ្វើដំណើរ ការធ្វើឱ្យផលិតផលទេសចរណ៍មានភាពសម្បូរបែប និងការជំរុញសកម្មភាពផ្សព្វផ្សាយទីផ្សារឱ្យកាន់តែខ្លាំងក្លា ។

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍លើកទី ២៩ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី ២៨ ដល់ ៣០ ខែមករា។ កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយអាស៊ីអាគ្នេយ៍ឱ្យក្លាយជា «គោលដៅទេសចរណ៍តែមួយ» ដែលមានគុណភាពខ្ពស់ តាមរយៈការប្រើប្រាស់ទិន្នន័យ ការផ្ដោតលើតម្រូវការភ្ញៀវ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការផ្សព្វផ្សាយ ។

រដ្ឋមន្ត្រីទេសចរណ៍ទាំងអស់ ក៏បានគាំទ្រឱ្យមានការវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ជាពិសេសនៅតាមតំបន់ទេសចរណ៍បន្ទាប់បន្សំ ដើម្បីធានាឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងសមធម៌។ ប្រទេសសមាជិកអាស៊ានទាំង ១១ ក៏បានបញ្ចេញសំឡេងគាំទ្រយ៉ាងខ្លាំងដល់ការបង្កើនការតភ្ជាប់ក្នុងតំបន់ ជាពិសេសការពង្រីកការហោះហើរត្រង់រវាងគោលដៅនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

គួររំឭកផងដែរថា កាលពីឆ្នាំមុន ប្រទេសក្នុងតំបន់ដូចជា ម៉ាឡេស៊ី និងហ្វីលីពីន បានសម្រេចលើកលែងទិដ្ឋាការ (Visa) សម្រាប់ភ្ញៀវទេសចរចិន និងឥណ្ឌា ដើម្បីជំរុញកំណើនទេសចរណ៍ឱ្យកាន់តែខ្លាំងបន្ថែមទៀត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ eVnExpress on MSN | រូបភាព៖ titikbalik3.buzz/ Daniel Mennerich/Flickr/ Freepik/ Depositphotos/ Shutter Stock