ព័ត៌មានជាតិ

CMAC ធ្វើសិក្ខាសាលាថ្នាក់តំបន់ស្តីពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ

image



កំពង់ឆ្នាំង៖ សិក្ខាសាលាថ្នាក់តំបន់ស្តីពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO Regional Workshop) ត្រូវបានធ្វើឡើងនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។

សិក្ខាសាលាថ្នាក់តំបន់នេះ គឺជាកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងអង្គភាព CMAC និងអង្គការ JICA ដែលមានគោលបំណងលើកកម្ពស់ កិច្ចសហប្រតិបត្តិការក្នុងតំបន់ បង្កើនការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមករវាងបណ្តាប្រទេសនៅតំបន់ឥណ្ឌូចិន ដែលរងផលប៉ះពាល់ដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងសម័យសង្រ្គាម។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីប្រតិភូជំនាញសរុបចំនួន ២៣រូប មកពីអង្គភាពសំខាន់ៗចំនួន ៣ រួមមាន៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC), អង្គភាពជាតិបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះឡាវ (UXO Lao), និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនជាតិវៀតណាម (VNMAC)។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានមាមប្រសាសន៍រំលេចឡើងទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងអង្គការ JICA រួមជាមួយប្រទេស កម្ពុជា ឡាវ វៀតណាម អំពីការចែករំលែក និងផ្ទៀងផ្ទាត់ទិន្នន័យ ភាពមិនប្រក្រតីដែលកើតមានឡើងក្នុងចន្លោះឆ្នាំ១៩៦០ ដល់១៩៧៥ ក៏ដូចជាបច្ចេកវិទ្យា និងបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់អំឡុងពេលសង្រ្គាម ដើម្បីសិក្សា និងពង្រឹងកិច្ចសហប្រតិបត្តការរវាងប្រទេសទាំងបី កាន់តែស៊ីជម្រៅ។

តាមរយៈកម្មវិធី ដែលបានគ្រោងទុកប្រតិភូនៃប្រទេសទាំងបី (កម្ពុជា ឡាវ និងវៀតណាម) ដែលមានសមាជិកចំនួន ៦រូប មកពីប្រទេសវៀតណាម និងចំនួន ៦រូប មកពីប្រទេសឡាវ និងមន្រ្តី CMAC ប្រទេសកម្ពុជា នឹងចូលរួមផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹងលើការងារបច្ចេកទេសការអនុវត្តជាក់ស្តែង ការសិក្សាស្រាវជ្រាវ លើការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការចុះទស្សនកិច្ចប្រតិបត្តិការបោសសម្អាតចម្ការគ្រាប់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ និងការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក ក្នុងភូមិសាស្ត្រខេត្តព្រៃវែង។

ព្រឹត្តិការណ៍នៃអង្គសិក្ខាសាលានេះ មិនត្រឹមតែជាវេទិកាសម្រាប់ពង្រឹងសមត្ថភាពបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំហានដ៏សំខាន់ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីធានាបាននូវសុវត្ថិភាពពេញលេញ និងការអភិវឌ្ឍប្រកបដោយចីរភាពជូនដល់ប្រជាពលរដ្ឋពីការគំរាមកំហែងនៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផងដែរ។

សូមបញ្ជាក់ថា អង្គភាព CMAC ជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ហើយក៏បានរួមចំណែកក្នុងការបណ្តុះបណ្តាលវិស័យសកម្មភាពមីន ក៏ដូចជាចែករំលែកបទពិសោធន៍ទៅបណ្តាប្រទេសដែលរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្រ្គាមក្រោមកិច្ចសហការត្បូង ត្បូង គាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការនៃប្រទេសជប៉ុន (JICA) ចាប់តាំងពីឆ្នាំ២០១០មក ក្នុងនោះរួមមានប្រទេសឡាវ កូឡ៊ុំប៊ី អង់ហ្គោឡា អឺរ៉ាក់ និងអ៊ុយក្រែន ជាដើម៕