ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ សហភាពអឺរ៉ុប នឹងបន្តផ្តល់ការអនុគ្រោះពន្ធ EBA ដល់កម្ពុជា រហូតដល់ឆ្នាំ ២០៣២ ទោះបីជាកម្ពុជា ចាកចញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅចុងឆ្នាំ២០២៩

image



ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា សហភាពអឺរ៉ុប នឹងបន្តផ្តល់ការអនុគ្រោះពន្ធពាណិជ្ជកម្ម EBA ដល់ប្រទេសកម្ពុជា រយៈពេល ៣ឆ្នាំបន្ថែមទៀត បន្ទាប់ពីប្រទេសកម្ពុជា ចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) នៅចុងឆ្នាំ២០២៩ ដែលមានន័យថា ការអនុគ្រោះពន្ធនេះ នឹងបន្តរហូតដល់ដំណាច់ឆ្នាំ២០៣២។

ថ្លែងនៅក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា កម្ពុជានឹងចាកចេញពីឋានៈក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ហើយក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍នៅចុងឆ្នាំ២០២៩។

លោកបណ្ឌិតសភាចារ្យ បានពន្យល់ថា ការចាកចេញពីក្រុមប្រទសអភិវឌ្ឍន៍តិចតួច របស់កម្ពុជា នឹងបណ្តាលឱ្យបាត់បង់អត្ថប្រយោជន៍មួយចំនួន ជាពិសេសការទទួលបានហិរញ្ញប្បទានសម្បទានពីដៃគូអភិវឌ្ឍន៍ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះជាមួយប្រទេសមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុប នឹងបន្តផ្តល់ការអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជាសម្រាប់រយៈពេល ៣ឆ្នាំបន្ថែមទៀត។

លោកបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា៖ «ចាប់ពីឆ្នាំ២០៣០ ការអនុគ្រោះពន្ធពីប្រទេសជាច្រើននឹងត្រូវបាត់បង់ ប៉ុន្តែសហភាពអឺរ៉ុបនឹងបន្តផ្តល់ការអនុគ្រោះពន្ធ បន្ថែមរយៈពេល ៣ឆ្នាំទៀតដល់ប្រទេសកម្ពុជា»។

លោករដ្ឋលេខាធិការ ក៏បានកត់សម្គាល់ផងដែរថា ទោះបីជាកម្ពុជាមិនទាន់ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចជាផ្លូវការក៏ដោយ ក៏ប្រទេសនេះបានចាប់ផ្តើមបាត់បង់ការអនុគ្រោះ មួយចំនួនបន្តិចម្តងៗរួចហើយ ដោយសារតែសមត្ថភាពប្រមូលចំណូល និងការអភិវឌ្ឍកាន់តែច្រើនរបស់ខ្លួន បាននាំឱ្យដៃគូមួយចំនួនកាត់បន្ថយការផ្តល់ប្រាក់កម្ចីសម្បទាន។

លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ទោះបីជាការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនេះ អាចនឹងមានបញ្ហាប្រឈមមួយចំនួនក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលបានគិតគូរជាយុទ្ធសាស្ត្រ និងត្រៀមខ្លួនរួចជាស្រេច ហើយការចាកចេញនេះ វាក៏ជាឳកាសនៃការបើកផ្លូវថ្មីក្នុងការក៏សាងកេរ្តិ៍ឈ្មោះប្រទេសឱ្យកាន់តែកើនឡើងផងដែរ។

ចាប់តាំងពីឆ្នាំ ២០០១មក កម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗទាំងអស់ លើកលែងតែសព្វាវុធ» (Everything But Arms- EBA) ពីសហភាពអឺរុប ដោយប្រទេសកម្ពុជា អាចនាំចេញទំនិញគ្រប់មុខទៅកាន់ប្រទេសស្ថិតក្នុងសហភាពអឺរ៉ុបដោយមិនបង់ពន្ធ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុប បានដកផ្នែកខ្លះនៃ EBA ចំនួន ២០ភាគរយពីការអនុគ្រោះពន្ធរបស់កម្ពុជា។

ទន្ទឹមនឹងនេះ លោក ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ទោះបីជាកម្ពុជា ចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច បាត់បង់អត្ថប្រ យោជន៍មួយចំនួនក៏ពិតមែន ប៉ុន្តែនេះគឺជាមោទនភាពដែលឆ្លុះបញ្ចាំងពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ លោករដ្ឋលេខាធិការ បានបន្ថែមថា នៅពេលប្រ ទេសកម្ពុជា ក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ នាពេលខាងមុខ ក្រុមហ៊ុនម៉ាកយីហោល្បីៗ នឹងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនផងដែរ។

សូមជម្រាបថា ប្រទេសកម្ពុជា ត្រូវបានចាត់បញ្ចូលជាប្រទេសអភិវឌ្ឍតិចតួច នៅឆ្នាំ១៩៩១ និងបំពេញបាននូវលក្ខណៈវិនិច្ឆ័យចាកចេញចំនួន២លើកជាប់ៗគ្នា ដែលវាយតម្លៃដោយគណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍នៅឆ្នាំ២០២១ និងឆ្នាំ២០២៤។ ការចាកចេញនេះពឹងផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន ៣ចំណុច៖ ប្រាក់ចំណូលជាតិសម្រាប់មនុស្សម្នាក់ សន្ទស្សន៍ទ្រព្យធនមនុស្ស និងសន្ទស្សន៍ភាពងាយរងគ្រោះសេដ្ឋកិច្ច និងបរិស្ថាន។

យោងតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី ១៩ខែធ្នូ ឆ្នាំ២០២៤ ប្រទេសកម្ពុជានឹងត្រូវចាកចេញជាផ្លូវការពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច (LDCs) នៅថ្ងៃទី ១៩ខែធ្នូ នៅឆ្នាំ ២០២៩៕