មហាសេដ្ឋីអាម៉េរិក លោក Elon Musk ក្លាយជាមនុស្សដំបូងគេលើផែនដីដែលមានទ្រព្យសម្បត្តិលើស ៨០០ពាន់លានដុល្លារ បន្ទាប់ពី SpaceX ទិញយក xAI
បរទេស៖ លោក Elon Musk បានក្លាយជាមនុស្សដំបូងគេនៅលើផែនដីដែលមានទ្រព្យសម្បត្តិសុទ្ធលើសពី ៨០០ពាន់លានដុល្លារ បន្ទាប់ពីក្រុមហ៊ុនផលិតរ៉ុក្កែតអវកាសរបស់គាត់ SpaceX បានទិញយកក្រុមហ៊ុនបញ្ញាសិប្បនិម្មិត និងប្រព័ន្ធផ្សព្វផ្សាយសង្គម xAI របស់គាត់។
យោងតាមទស្សនាវដ្តី Forbes បានប៉ាន់ប្រមាណថា កិច្ចព្រមព្រៀង ដែលវាយតម្លៃក្រុមហ៊ុនរួមបញ្ចូលគ្នានេះ មានតម្លៃដល់ ១,២៥ទ្រីលានដុល្លារ ដែលបានបង្កើនទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Elon Musk ចំនួន ៨៤ពាន់លានដុល្លារ ដល់កំណត់ត្រា ៨៥២ពាន់លានដុល្លារ។
មុនពេលកិច្ចព្រមព្រៀងនេះ កំពូលមហាសេដ្ឋីរូបនេះ មានភាគហ៊ុនប្រមាណ ៤២% នៅក្នុង ក្រុមហ៊ុន SpaceX ដែលមានតម្លៃ ៣៣៦ពាន់លានដុល្លារ ដោយផ្អែកលើការផ្តល់ជូនដេញថ្លៃដែលបានដាក់ឱ្យដំណើរការក្នុងខែធ្នូ ដែលវាយតម្លៃក្រុមហ៊ុនផលិតរ៉ុក្កែតឯកជន មានតម្លៃសរុបប្រមាណ ៨០០ពាន់លានដុល្លារ។ លោក Musk ក៏មានភាគហ៊ុនប្រមាណ ៤៩% នៅក្នុង xAI ដែលមានតម្លៃ ១២២ពាន់លានដុល្លារ ដោយផ្អែកលើការរៃអង្គាសថវិកាឯកជនដែលបានវាយតម្លៃក្រុមហ៊ុននោះ មានតម្លៃសរុបដល់ប្រមាណ ២៥០ពាន់លានដុល្លារ កាលពីដើមខែនេះ។
បន្ទាប់ពីការរួមបញ្ចូលគ្នា គឺក្រុមហ៊ុន SpaceX មានតម្លៃ ១ទ្រីលានដុល្លារ និង xAI មានតម្លៃ ២៥០ពាន់លានដុល្លារ។ ទស្សនាវដ្តី Forbes បានប៉ាន់ប្រមាណទៀតថា មហាសេដ្ឋី Elon Musk ឥឡូវនេះ មានភាគហ៊ុន ៤៣% នៅក្នុងក្រុមហ៊ុនរួមបញ្ចូលគ្នានេះ ដែលមានតម្លៃ ៥៤២ពាន់លានដុល្លារ។
ក្រៅពីនេះ លោក Musk ក៏មានភាគហ៊ុន ១២% នៅក្នុងក្រុមហ៊ុន Tesla ដែលមានតម្លៃ ១៧៨ពាន់លានដុល្លារ និងជម្រើសភាគហ៊ុនរបស់ Tesla មានតម្លៃ ១២៤ពាន់លានដុល្លារបន្ថែមទៀត។
ទោះជាយ៉ាងណា តួលេខទាំងនេះមិនរាប់បញ្ចូលកញ្ចប់ប្រាក់ឈ្នួល Tesla ដ៏ធំដែលត្រូវបានអនុម័តដោយភាគទុនិកនៅក្នុងខែវិច្ឆិកាទេ។ ប្រសិនបើក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla សម្រេចបាននូវគោលដៅការអនុវត្តរយៈពេលវែង រួមទាំងការបង្កើនតម្លៃទីផ្សាររបស់ខ្លួនច្រើនជាង ៨ដង ក្នុងរយៈពេល ១០ឆ្នាំខាងមុខ លោក Musk អាចទទួលបានទឹកប្រាក់លើកទឹកចិត្តរហូតដល់ ១ទ្រីលានដុល្លារបន្ថែមទៀតនៅក្នុងភាគហ៊ុន Tesla (មុនពន្ធ)។
នេះគឺជាការរួមបញ្ចូលគ្នាដ៏សំខាន់លើកទីពីរ ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់លោក Musk ក្នុងរយៈពេលមិនដល់មួយឆ្នាំផង។ កាលពីខែមីនា ឆ្នាំមុន មហាសេដ្ឋី Elon Musk បានច្របាច់បញ្ចូលគ្នារវាង xAI ជាមួយ X (អតីត Twitter) ក្នុងកិច្ចព្រមព្រៀងមួយដែល xAI មានតម្លៃ ៨០ពាន់លានដុល្លារ និង X មានតម្លៃ ៣៣ពាន់លានដុល្លារ។
ទោះជាយ៉ាងណាក៏ដោយ ដោយសារតែក្រុមហ៊ុនទាំងអស់នេះឥឡូវនេះស្ថិតនៅក្រោម SpaceX ដែលត្រូវបានគេរំពឹងថា នឹងចាប់ផ្តើម IPO នៅចុងឆ្នាំនេះ ពួកគេនឹងត្រូវត្រួតពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ពីទីផ្សារសាធារណៈក្នុងពេលឆាប់ៗនេះ។
ក្នុងរយៈពេលត្រឹមតែ ៤ខែប៉ុណ្ណោះ លោក Musk បានឈានដល់ចំណុចកំពូលនៃទ្រព្យសម្បត្តិប្រវត្តិសាស្ត្រចំនួន ៤៖ គឺទ្រព្យសម្បត្តិរបស់លោក បានកើនដល់ ៥០០ពាន់លានដុល្លារ នៅក្នុងខែតុលា បន្ទាប់ពីភាគហ៊ុន Tesla បានកើនឡើង, នៅថ្ងៃទី ១៥ ខែធ្នូ ទ្រព្យសម្បត្តិរបស់លោក កើនដល់ ៦០០ពាន់លានដុល្លារ បន្ទាប់ពីការវាយតម្លៃរបស់ SpaceX បានកើនឡើងទ្វេដង, ឈានដល់ ៧០០ពាន់លានដុល្លារ ៤ថ្ងៃក្រោយមក បន្ទាប់ពីតុលាការបានស្ដារជម្រើសភាគហ៊ុន Tesla របស់គាត់ឡើងវិញ និងកើនដល់ ៨០០ពាន់លានដុល្លារ បន្ទាប់ពីការរួមបញ្ចូលគ្នារវាង SpaceX និង xAI។
លោក Elon Musk ត្រូវបានគេជឿថា នឹងក្លាយជាមនុស្សដំបូងគេនៅលើផែនដី ដែលនឹងមានទ្រព្យសម្បត្តិកើនដល់ ១ទ្រីលានដុល្លារ នៅពេលខាងមុខ ៕