ចំណែកទីផ្សារ Starbucks កូរ៉េ ធ្លាក់ចុះក្រោម ៥០% មិនធ្លាប់មាន ក្រោយកាហ្វេតម្លៃទាបកំពុងរីកដុះដាល
កូរ៉េខាងត្បូង៖ ក្រុមហ៊ុនស្តារបាក់ (Starbucks) ដែលជាបណ្តាញហាងកាហ្វេធំជាងគេបំផុតលើពិភពលោក មានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាការធ្លាក់ចុះនៃចំណែកទីផ្សារ និងកម្រិតប្រាក់ចំណេញកាន់តែទាប។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងលើការលក់សម្ភារៈអនុស្សាវរីយ៍ (Merchandise) ដែលមិនមែនជាអាជីវកម្មកាហ្វេស្នូលរបស់ខ្លួនទៅវិញ។ នៅប្រទេសកូរ៉េខាងត្បូង អ្នកវិភាគជាច្រើនយល់ថា យុទ្ធសាស្ត្រនេះបានជះឥទ្ធិពលអវិជ្ជមានមកវិញ និងបង្កជាហានិភ័យ ដូចជាករណី Starbucks កូរ៉េខាងត្បូង ប្រកាសប្រមូលម៉ាស៊ីនបន្សុតខ្យល់ ត្រឡប់មកវិញ កាលពីចុងឆ្នាំ ២០២៥ ។
Starbucks បានបាត់បង់ចំណែកទីផ្សារទៅឱ្យដៃគូប្រកួតប្រជែងថ្មីៗ ដែលលក់ក្នុងតម្លៃធូរថ្លៃ និងផ្តោតលើផលិតផលច្នៃប្រឌិត។ យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សា ថិចណូមិក (Technomic) សារព័ត៌មាន Associated Press ហៅកាត់ថា AP បានរាយការណ៍ថា Starbucks ក្តោបក្តាប់ចំណែក ៤៨% នៃការលក់សរុបតាមហាងកាហ្វេនៅសហរដ្ឋអាម៉េរិក កាលពីឆ្នាំ ២០២៥ ខណៈឆ្នាំ ២០២៣ មាន ៥២% ។ នេះជាលើកដំបូងដែលចំណែកទីផ្សាររបស់ Starbucks ធ្លាក់ចុះក្រោម ៥០%។ ការប្រកួតប្រជែងកាន់តែខ្លាំងឡើង តួយ៉ាងដូចជាក្រុមហ៊ុន ដាច់ប្រុស (Dutch Bros) ដែលបានទាក់ទាញអតិថិជនវ័យក្មេងតាមរយៈភេសជ្ជៈប្លែកៗ ដូចជាកាហ្វេបន្ថែមប្រូតេអ៊ីន ខណៈ Starbucks ទើបតែដាក់លក់ផលិតផលស្រដៀងគ្នានេះយឺតជាងគេដល់ទៅ ២ ឆ្នាំ ។
ចំពោះការលក់នៅអាម៉េរិកខាងជើង ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៥ (ខែតុលា-ធ្នូ) បានកើនឡើង ៤% បើធៀបនឹងត្រីមាសមុន ដែលជាកំណើនលើកដំបូងក្នុងរយៈពេល ២ ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណេញប្រតិបត្តិការបានធ្លាក់ចុះយ៉ាងគំហុកដល់ទៅ ២៧% មកនៅត្រឹម ៨៦៧ លានដុល្លារ។ ទោះបីជាក្រុមហ៊ុន បានចាត់វិធានការពង្រីកទំហំអាជីវកម្ម តាមរយៈការបិទហាងដែលដំណើរការមិនល្អ និងបង្កើនល្បឿនផលិតភេសជ្ជៈក៏ដោយ ក៏កម្រិតប្រាក់ចំណេញនៅតែបន្តធ្លាក់ចុះយ៉ាងខ្លាំង ។
អ្នកជំនាញក្នុងឧស្សាហកម្មនេះ បានកត់សម្គាល់ថា ការដែល Starbucks អាចរក្សាការលក់បានខ្លះនៅពេលថ្មីៗនេះ គឺដោយសារតែអាជីវកម្មបន្ទាប់បន្សំ ពោលគឺការលក់សម្ភារៈប្រើប្រាស់ផ្សេងៗ ក្រៅពីភេសជ្ជៈ។ ទោះបីជាក្រុមហ៊ុនមិនបានបង្ហាញតួលេខចំណូលដាច់ដោយឡែកពីការលក់សម្ភារៈទាំងនេះក៏ដោយ ប៉ុន្តែផលិតផលដែលដាក់លក់ទាំងក្នុង និងក្រៅប្រទេសពិតជាបានទាក់ទាញអតិថិជនឱ្យចូលហាងយ៉ាងច្រើន។ ឧទាហរណ៍ កែវ ប៊ើរីស្តារខូលខាប់ (Bearista Cold Cup) ដែលផលិតក្នុងចំនួនកំណត់ (Limited Edition) សម្រាប់រដូវកាលចុងឆ្នាំនៅអាម៉េរិក បានលក់អស់ភ្លាមៗ និងបាននាំយកមកលក់នៅកូរ៉េវិញក្រោយខកខានអស់ ២ ឆ្នាំ។ តម្លៃដើមនៃកែវនេះគឺប្រហែល ៣០ ដុល្លារ ប៉ុន្តែវាត្រូវបានគេយកទៅលក់បន្តលើគេហទំព័រ eBay ក្នុងតម្លៃរហូតដល់ ៣០០-៥០០ ដុល្លារ។ សារព័ត៌មាន វ៉ល ស្ទ្រ៊ីត ជនណល (Wall Street Journal) រាយការណ៍ថា អតិថិជនខ្លះបានមកតម្រង់ជួរតាំងពីព្រលឹម ប៉ុន្តែនៅតែទិញមិនទាន់ ដោយសារតែទំនិញអស់លឿនពេក ហើយកន្លែងខ្លះថែមទាំងមានការឈ្លោះប្រកែកគ្នាដណ្តើមទិញទៀតផង ។
បច្ចុប្បន្ន មានការរិះគន់កាន់តែច្រើនថា ស្តារបាក់ (Starbucks) ដែលធ្លាប់ជាម៉ាកកាហ្វេឈានមុខគេលើពិភពលោក កំពុងក្លាយជាម៉ាកដែលគេចំណាំតាមរយៈការលក់សម្ភារៈប្រើប្រាស់ ជាងការលក់កាហ្វេ។ ស្ថានភាពនៅកូរ៉េខាងត្បូងក៏មិនខុសគ្នាដែរ ដោយអត្រាប្រាក់ចំណេញប្រតិបត្តិការបានធ្លាក់ចុះពី ១០% ក្នុងឆ្នាំ ២០២១ មកនៅត្រឹម ៦,២% ក្នុងឆ្នាំ ២០២៤។ បើទោះជាមានការងើបឡើងបន្តិចពីកម្រិត ៤,៨% ក្នុងឆ្នាំ ២០២៣ ក៏ដោយ ក៏ក្រុមហ៊ុននៅតែជួបការលំបាក ដោយសារតែការរីកដុះដាលនៃម៉ាកកាហ្វេដែលមានតម្លៃទាប ។
ថ្មីៗនេះ Starbucks កូរ៉េ បានធ្វើបច្ចុប្បន្នភាពកម្មវិធីសមាជិកភាព ស្តារបាក់ រីវ៉ដ (Starbucks Rewards) ជាលើកដំបូងក្នុងរយៈពេល ១៤ ឆ្នាំ និងបានបន្តចេញសម្ភារៈអនុស្សាវរីយ៍ចំនួនកំណត់ (Limited Edition) ដើម្បីទាក់ទាញអតិថិជន។ យុទ្ធសាស្ត្រនេះមានគោលបំណងដណ្ដើមយកអតិថិជនដែលបាត់បង់ទៅឱ្យម៉ាកកាហ្វេតម្លៃថោក និងដើម្បីរក្សាអតិថិជនចាស់។ ប៉ុន្តែអ្នករិះគន់បានចោទសួរថា ការងាកទៅផ្ដោតលើការលក់សម្ភារៈ ជំនួសឱ្យអាជីវកម្មកាហ្វេស្នូល អាចបង្កជាហានិភ័យ។ តួយ៉ាង ករណីប្រមូលម៉ាស៊ីនបន្សុតខ្យល់ (Humidifier) ២ ម៉ូដែលត្រឡប់មកវិញ ដែលធ្លាប់បានចែកជាកាដូកាលពីចុងឆ្នាំមុន ក្រោយមានរបាយការណ៍ថាវាបង្កជាអគ្គិភ័យដោយសារថ្មឡើងកម្ដៅខ្លាំង។ កាលពីឆ្នាំមុន Starbucks កូរ៉េ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងលើផលិតផលកែវទឹក "Miniature Tumbler Keyring" និង "Bearista Cold Cup" ដែលលក់ដាច់អស់ភ្លាមៗក្រោយដាក់លក់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ The Chosunilbo on MSN