ឯកឧត្តម គង់ វិបុល មេអង្គភាពពន្ធដារ និងអ្នកឧកញ៉ា គិត ម៉េង តំណាងវិស័យឯកជនកម្ពុជា អញ្ជើញពិនិត្យទីតាំងរៀបចំកម្មវិធី «វេទិកាពន្ធដារកម្ពុជា ២០២៦» មុនបើកដំណើរការជាផ្លូវការនៅថ្ងៃស្អែកនេះ
ភ្នំពេញ៖ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលក្រុមការងារវិស័យឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ និងអនុប្រធាន សមាជិក សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា ជាច្រើនរូប នាព្រឹកថ្ងៃទី ៤ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញពិនិត្យមើលទីតាំងរៀបចំកម្មវិធី «វេទិកាពន្ធដារកម្ពុជា ២០២៦» នៅទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋានពន្ធដារ (GDT Tower)។
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំកម្មវិធី «វេទិកាពន្ធដារ ២០២៦- Tax Forum» រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ៥ដល់ថ្ងៃទី ៦ខែកុម្ភៈ ឆ្នាំ២០២៦។ វេទិការនេះ មានគោលបំណងលើកកម្ពស់អនុលោមភាពសារពើពន្ធ ដើម្បីបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្សព្វផ្សាយអំពីកាតព្វកិច្ចពន្ធ វឌ្ឍនភាពនៃការធ្វើបរិវត្តកម្មប្រព័ន្ធគ្រប់គ្រងពន្ធដារ ព្រមទាំងទទួលយោបល់អំពីបញ្ហាប្រឈមនានា ក្នុងការបំពេញកាតព្វកិច្ច ដើម្បីធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវា និងប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធពន្ធដារ។
វេទិកាពន្ធដារដ៏សំខាន់ប្រចាំឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កម្មវិធីេនះ នឹងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ សមាជិកសមាជិកាសភាពាណិជ្ជកម្ពុជា ថ្នាក់ដឹកនាំក្រុមការងារវិស័យឯកជន តំណាងក្រុមហ៊ុន សហគ្រាស និងភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនរូប។
វេទិកាពន្ធដារកម្ពុជា ត្រូវបានចាត់ទុកថាជាវេទិកាដ៏សំខាន់មួយសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជន និងបង្កើនតម្លាភាព និងប្រសិទ្ធភាពនៅក្នុងប្រព័ន្ធពន្ធដាររបស់កម្ពុជា៕
អត្ថបទ៖ សៀម ប៊ុនធី រូបភាព៖ អ៊ុន ផាន់ណាត