ព័ត៌មានជាតិ

ជប៉ុន ផ្តល់ថវិកាជាង៦៦ម៉ឺនដុល្លារអាម៉េរិក សម្រាប់គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាត គ្រាប់បែកចង្កោម ចំនួន១៧០ហិកតា នៅខេត្តស្ទឹងត្រែង

image


ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាសរុបចំនួន ៦៦៥.១៨៦ ដុល្លារអាម៉េរិក ដល់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយ សម្រាប់អនុវត្តគម្រោង។
ថវិកាចំនួន ៦៦៥.១៨៦ ដុល្លារអាម៉េរិក សម្រាប់គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាត គ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង PRCS (ថវិកាចំនួន ៦៦៥.១៨៦ ដុល្លារអាម៉េរិក) ដោយស្ថាប័នទទួលជំនួយ គឺអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS)។
នៅក្នុងគម្រោងនេះ អង្គការ JMAS នឹងបោសសម្អាតតំបន់ដែលមានគ្រាប់បែកចង្កោមចំនួន ១៧០ហិកតា និងបង្រៀនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) អំពីវិធីសាស្ត្រដែលមានសក្តិសិទ្ធភាព និងសុវត្ថិភាព ក្នុងការបោសសម្អាតគ្រាប់បែកចង្កោម។ មិនតែប៉ុណ្ណោះ គម្រោងនេះ នឹងផ្តល់ការអប់រំអំពីការបញ្ចៀសពីហានិភ័យនៃគ្រាប់មីន ដល់ប្រជាជនមូលដ្ឋាន និងបណ្តុះបណ្តាលកសិករអំពីការគ្រប់គ្រង និងបច្ចេកវិទ្យាកសិកម្ម។
សូមជម្រាបថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២ មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦០លានដុល្លារអាម៉េរិក ដល់គម្រោងចំនួន ១៧០ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕