ព័ត៌មានជាតិ

អាជ្ញាធរខេត្តបន្ទាយមានជ័យ រៀបចំសួនបន្លែសម្រាប់ពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាព វត្តកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក

image



បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានរៀបចំឱ្យមានជាសួនដាំបន្លែចម្រុះ មានដូចជា ត្រកួន ស្ពៃតឿ ស្ពៃចង្កឹះ ជាដើម សម្រាប់ផ្គត់ផ្គង់ជីវភាពបន្ថែមលើការជួយទំនុកបម្រុងរបស់អាជ្ញាធរ និងរាជរដ្ឋាភិបាល។ សួនបន្លែនេះត្រូវបានបែងចែកដល់ពលរដ្ឋភៀសសឹកដែលជម្លៀសពីតំបន់បឹងប្រកួន មានភូមិបន្ទាយមានឫទ្ធិ ភូមិផ្លូវបំបែក ភូមិត្រពាំងសំរោង ភូមិសាមគ្គី ខណៈដែលពលរដ្ឋភៀសសឹកកំពុងបន្តស្នាក់នៅរយៈពេលយូរនៅមណ្ឌលសុវត្ថិភាព វត្តកណ្តោល ដែលមានប្រមាណ ១.៥០០គ្រួសារ ដែលរង់ចាំការដោះស្រាយទីជម្រក និងភូមិឋាន ដែលត្រូវយោធាថៃរំលោភឈ្លានពានដោយការរាយលួសបន្លា និងឃាំទូរកុងតឺន័រ។ មណ្ឌលសុវត្ថិភាពវត្តកណ្តោល ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។​

លោក អ៊ឹម សុផារ៉ាត់ មន្ត្រីកសិកម្មប្រចាំការនៅមណ្ឌលភៀសសឹកវត្តកណ្តោល បានឱ្យដឹងថា ការដាំបន្លែនេះ ជាការចូលរួមសម្រាលបន្ទុកចំណាយប្រចាំថ្ងៃរបស់ពលរដ្ឋភៀសសឹក។​ សួនដាំបន្លែក្បែរមណ្ឌលសុវត្ថិភាពនេះ គឺធ្វើឡើងស្របតាមការគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១នៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់បំផុត ចំពោះពលរដ្ឋកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ដើម្បីសម្រាលបន្ទុកថវិកាប្រចាំថ្ងៃ និងធានានូវបន្លែបៃតងស្រស់ៗ ដែលមានសុវត្ថិភាពសម្រាប់សុខភាព។ សួនេះដែរ ត្រូវបានលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ក៏បានយកចិត្តទុកដាក់ខ្ពស់បំផុតដោយបានរៀបចំឱ្យមានការដាំដំណាំចម្រុះ សម្រាប់បម្រើដល់ជីវភាពប្រចាំថ្ងៃរបស់ជនភៀសសឹក ដើម្បីកាត់បន្ថយចំណាយ។

សូមបញ្ជាក់ថា សកម្មភាពដាំដុះបន្លែសម្រាបជនភៀសសឹកនេះ មិនត្រឹមតែជាការដោះស្រាយបញ្ហាសន្តិសុខស្បៀងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសកម្មភាពដែលជួយឱ្យជនភៀសសឹកមានកម្លាំងចិត្តក្នុងការស្នាក់នៅឆ្ងាយពីផ្ទះសម្បែងជាបណ្ដោះអាសន្ន ខណៈរាជរដ្ឋាភិបាលខិតខំរកគ្រប់មធ្យោបាយក្នុងការបញ្ចប់ជម្លោះ និងដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ។​

ម្យ៉ាងវិញទៀត ជាស្មារតីលះបង់របស់មន្ត្រីកសិកម្ម និងជនភៀសសឹក ដែលមិនត្រឹមតែអង្គុយរង់ចាំជំនួយមួយមុខទេ ប៉ុន្តែជាការរួមគ្នាបង្កបង្កើនផលដើម្បីខ្លួនឯង និងសហគមន៍ ដោយបានចូលរួមដាំដំណាំទាំងអស់គ្នាយ៉ាងសស្រាក់សស្រាំ ដែលជាកម្លាំងសាមគ្គីភាពដ៏រឹងមាំ និងបង្ហាញថា ទោះបីក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ពលរដ្ឋភៀសសឹកនៅតែមានស្មារតីតស៊ូ បង្កបង្កើនផល ដើម្បីចិញ្ចឹមជីវិត និងជួយគ្នាទៅវិញទៅមក។ សកម្មភាពដាំដុះបន្លែរួមគ្នានេះ មិនត្រឹមតែជាការដោះស្រាយបញ្ហាស្បៀងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសកម្មភាពដែលជួយឱ្យជនភៀសសឹកមានភាពកក់ក្តៅ និងមានកម្លាំងចិត្តក្នុងករណីដែលត្រូវស្នាក់នៅឆ្ងាយពីផ្ទះសម្បែងជាបណ្ដោះអាសន្នផងដែរ៕