មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានចំណូលសរុបជាង ២៩លានដុល្លារសម្រាប់ចូលរួមទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងឆ្នាំ២០២៥
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា អាណត្តិទី៣ លើកទី៥ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធ ជាសមាជិកក្រុមប្រឹក្សាបរធនបាល ព្រមទាំងក្រុមការងារអង្គភាពប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា ផងដែរ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។
នៅក្នុងកិច្ចប្រជុំនោះ អង្គភាពប្រតិបត្តិបានជម្រាបជូនអង្គប្រជុំក្រុមប្រឹក្សាបរធនបាលថា នៅក្នុងឆ្នាំ២០២៥ មូលនិធិគន្ធបុប្ផាកម្ពុជាមានចំណូលសរុបចំនួនជាង ២៩ លានដុល្លារ ឬកើនឡើង ៦ភាគរយ ធៀបនឹងឆ្នាំ២០២៤ ដែលចំណូលនេះទទួលបានពីប្រភពសំខាន់ៗ ដូចជាវិភាគទានប្រចាំឆ្នាំរបស់រាជរដ្ឋាភិបាល, វិភាគទានប្រចាំឆ្នាំរបស់កាកបាទក្រហមកម្ពុជា, ការកាត់កម្រៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ការបរិច្ចាគរបស់សប្បុរសជនជាង ៤០ម៉ឺននាក់ និងចំណូលផ្សេងៗទៀត ជាពិសេសចំណូលដែលទទួលបានពីការបរិច្ចាគដើម្បីគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៥។
អង្គភាពប្រតិបត្តិបានបញ្ជាក់បន្ថែមថា ស្របពេលជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជាក៏បានផ្ទេរថវិកាជាបន្តបន្ទាប់ចំនួនជាង ១២លានដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា បន្ថែមលើថវិកាចំនួន ១០លានដុល្លារ ដែលរាជរដ្ឋាភិបាលបានផ្ដល់ជូនតាមរយៈក្រសួងសុខាភិបាល និងមូលនិធិគន្ធបុប្ផាស្វីស ដើម្បីគាំទ្រប្រតិបត្តិការប្រចាំឆ្នាំរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។
ជាមួយគ្នានេះដែរ អង្គប្រជុំក៏បានពិនិត្យ ពិភាក្សា និងសម្រេចលើទិសដៅការងារ និងផែនការសកម្មភាពឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តោតលើចង្កោមសកម្មភាពសំខាន់ៗចំនួន ៤ រួមមាន ការកៀរគរថវិកា និងសហការជាមួយក្រសួង-ស្ថាប័នផ្សេងៗ, ការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ, ការអភិវឌ្ឍ និងធ្វើទំនើបកម្មឌីជីថល (គេហទំព័រ និង App), និងកម្មវិធីរម្លឹកឱ្យមានការបន្តចូលរួមបរិច្ចាគ និងព្រឹត្តិការណ៍សំខាន់ៗមួយចំនួនទៀត។ ខណៈក្រុមប្រឹក្សាបរធនបាល ក៏បានគាំទ្របេសកកម្មរបស់ក្រុមការងារ ក្នុងការជួបសំណេះសំណាល និងពិភាក្សាការងារជាមួយតំណាងសហគមន៍ខ្មែរនៅបរទេសបន្តទៀត ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីមូលនិធិគន្ធបុប្ផាកម្ពុជា និងបំផុសចលនាកៀរគរថវិកាបរិច្ចាគ ព្រមទាំងជំរុញឱ្យបន្តកិច្ចសហការជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ឱ្យបានកាន់តែសកម្ម និងទៀងទាត់ផងដែរ។
ទន្ទឹមនឹងនេះដែរ អង្គប្រជុំក៏បានពិនិត្យលើរបាយការណ៍លទ្ធផល ឆ្នាំ២០២៥ របស់មន្ទីរពេទ្យគន្ធបុប្ផា ដោយក្នុងនោះមន្ទីរពេទ្យ បានផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនទារក កុមារ និងស្ត្រីមានផ្ទៃពោះ សរុបចំនួនជាង ១, ៤ លានករណី ដែលក្នុងនេះរួមមាន ការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ ចំនួន ១,០៧១,៦៣៧ករណី, ទារក និងកុមារមានជំងឺធ្ងន់ធ្ងរដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ចំនួន ២៣៣,២៤៣នាក់, កុមារឆ្លងជំងឺគ្រុនឈាម ចំនួន ២២,៩៨២នាក់, កុមារដែលត្រូវព្យាបាល និងវះកាត់ទូទៅ ចំនួន ៣៤,៨៨៩នាក់, កុមារមានជំងឺបេះដូងពីកំណើតដែលត្រូវវះកាត់ ចំនួន ១,១៦៣នាក់ និងស្រ្តីមានផ្ទៃពោះបានមកទទួលសេវាពិនិត្យ និងតាមដានផ្ទៃពោះនៅផ្នែកជំងឺក្រៅនៅមន្ទីរពេទ្យគន្ធបុប្ផា សៀមរាប ចំនួន ១០៨,១៣៤ករណី និងសម្រាលកូន ចំនួន ២៥,៧៣៦នាក់។
ជាមួយនឹងលទ្ធផលខាងលើនេះ មន្ទីរពេទ្យគន្ធបុប្ផាក៏បានចំណាយថវិកាសរុបចំនួនជាង ៤៦លានដុល្លារ ដើម្បីបន្តបេសកកម្មរបស់ខ្លួន ក្នុងការផ្តល់សេវាពិនិត្យ និងព្យាលជំងឺទារក និងកុមារ ព្រមទាំងសេវាសម្ភពជូនស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាពផងដែរ៕