CMAC រកឃើញគ្រាប់បែកចង្កោមមិនទាន់ផ្ទុះ ១២០គ្រាប់ ដែលយោធាថៃឈ្លានពានថៃ នៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ត្រីជំនាញបានរកឃើញគ្រាប់បែកចង្កោម មិនទាន់ផ្ទុះចំនួន ១២០គ្រាប់ ដែលយោធាថៃឈ្លានពាន បានផ្លោងមកលើភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ នេះបេីយោងតាមការឱ្យដឹងពី លោកឧត្តមសេនីយ៍ត្រី នេត រដ្ឋា ប្រធានកងឯកភាពកំចាត់មីនទី១ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ធ្វើបទបង្ហាញទីតាំងរងផលប៉ះពាល់ដោយសារទម្ងន់គ្រាប់ផ្លោង និងគ្រាប់ទម្លាក់ពីយន្តហោះ រួមទាំងគ្រាប់បែកចង្កោមរបស់យោធាថៃ មកលើតំបន់ស៉ីវិលកម្ពុជា ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។
លោកឧត្ដមសេនីយ៍ត្រី នេត រដ្ឋា បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ការរកឃើញគ្រាប់បែកចង្កោម ដែលផ្លោងដោយយោធាថៃ មកលើភូមិសាស្ត្រខេត្តបន្ទាយមានជ័យ គឺមានចំនួនច្រើន ហេីយប្រភេទគ្រាប់បែកចង្កោមមិនទាន់ផ្ទុះ ដែលនៅរាយប៉ាយនៅលើដីលំនៅឋាន ទីសាធារណៈ និងស្រែចម្ការរបស់ប្រជាពលរដ្ឋ ដែលផ្លោង និងបំបែកចេញពីគ្រាប់ប្រភេទ M46 និង M85។ គ្រាប់បែកចង្កោមដែលមិនទាន់ផ្ទុះទាំងដែលបានរកឃេីញត្រូវបានប្រមូលទុក ដោយធ្វេីការហ៊ុំព័ទ្ធខ្សែ និងដាក់សញ្ញាគ្រោះថ្នាក់ មុនសុំគោលការណ៍អនុញ្ញាតទៅរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកម្ទេចចោល ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលជាអ្នកភូមិ និងជាអ្នកប្រកបរបរធ្វើស្រែចម្ការ។
បើតាមមន្ត្រីជំនាញរូបនេះថា ផលប៉ះពាល់នៃគ្រោះថ្នាក់ពីសំណល់សង្រ្គាមដែលបង្កឡើងដោយយោធាថៃនេះ មានទំហំធំធេងដោយសារតែឥទ្ធិពលនៃការផ្ទុះ និងអម្បែងរបស់វាខ្លាំងជាងគ្រាប់មីនទ្វេដង ខណៈចំនួនគ្រាប់ដែលមិនទាន់ផ្ទុះ និងធ្លាក់រាយប៉ាយនៅតាមទីតាំងជាច្រើនទៀត មិនទន់រកឃើញនៅឡើយ។ ជាមួយនឹងសកម្មភាពរុករកគ្រាប់បែកចង្កោមដែលយោធាថៃ បាញ់ស្រោចមកលើទឹកដីកម្ពុជា កម្លាំងជំនាញស៊ីម៉ាក់ បានប្រើប្រាស់បច្ចេកទេសគ្រឿងចក្រស្រូបឆក់គ្រាប់បែកចង្កោមជាសំណល់គ្រាប់មិនទាន់ផ្ទុះរបស់យោធាថៃ ដោយខ្លះត្រូវបានបន្សាប ប៉ុន្តែមានគ្រាប់បែកចង្កោមខ្លះ មានការផ្ទុះខ្លាំងមិនអាចបន្សាបបាន។
ចំពោះមេគ្រាប់បែកចង្កោមជាច្រើនគ្រាប់ ក៏ត្រូវបានអាជ្ញាធរប្រទះឃើញក្នុងជម្រៅដីជិត២ម៉ែត្រនៅតាមបណ្តោយផ្លូវជាតិលេខ៥៨ ក្បែរស្ពានកំបុតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ តាមផ្លូវពីបឹងត្រកួន ទៅប្រាសាទតាមាន់។
មេគ្រាប់បែកដ៏គ្រោះថ្នាក់នេះមានទំហំ ១៥៥មីលីម៉ែត្រ មានឈ្មោះ NR 269 ដែលជាមេគ្រាប់ (ម្ដាយគ្រាប់) ប្រភេទ M46 ផលិតនៅប្រទេសអ៉ីស្រាអែល។ គ្រាប់នេះត្រូវបានរកឃើញនៅចំណុចភូមិអូរកំបុត្រ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាសំណល់ដែលបន្សល់ទុកដោយយោធាសៀមដែលបាញ់ចូលក្នុងទឹកដីកម្ពុជា ក្នុងសង្រ្គាមឈ្លានពានកាលពីខែធ្នូ ឆ្នាំ២០២៥ ហើយត្រូវក្រុមស្រាវជ្រាវចុះទៅពិនិត្យនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦។
មេគ្រាប់បែកចង្កោមនេះមានមុខកាត់ ១៥៥មីលីម៉ែត្រ និងបណ្ដោយប្រហែល ៧០មីលីម៉ែត្រ។ នៅពេលដែលដំណើរការផ្ទុះ វានឹងបញ្ចេញកូនគ្រាប់ចំនួន ៤៩គ្រាប់ ចេញពីក្នុងខ្លួន។ ក្នុងចំណោមកូនគ្រាប់ទាំងនោះ ខ្លះអាចនឹងផ្ទុះ និងខ្លះទៀតមិនផ្ទុះ។ ចំពោះកូនគ្រាប់ដែលមិនទាន់ផ្ទុះនឹងក្លាយទៅជាមីន ដែលបង្កគ្រោះថ្នាក់យ៉ាងខ្លាំងប្រសិនបើមានមនុស្សដើរជាន់ ឬប៉ះពាល់ដោយអចេតនា។
ទន្ទឹមនេះមន្ត្រីស៊ីម៉ាក់ ក៏បានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូបកុំប៉ះពាល់គ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទ។ ក្នុងករណី ប្រជាពលរដ្ឋជួបវត្ថុសង្ស័យ ត្រូវកុំប៉ះពាល់ ហើយត្រូវរាយការណ៍ទៅអាជ្ញាធរដែលនៅកៀកបំផុត។ ចំពោះប្រជាពលរដ្ឋភៀសសឹកទាំងអស់ដែលបានវិលត្រលប់ចូលលំនៅឋាននៅតាមតំបន់រងផលប៉ះពាល់ដោយសារគ្រាប់ផ្លោងរបស់យោធាឈ្លានពានថៃ ត្រូវប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលស្ថិតនៅរាយប៉ាយពាសពេញដី នៅតាមដីភូមិឋានស្រែចម្ការ ពិសេសនៅតំបន់ប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ នៅខេត្តជាប់ព្រំដែន៕