រូបិយប័ណ្ណ Bitcoin ធ្លាក់ចុះក្បែរតម្លៃ ៧ម៉ឺនដុល្លារ ខណៈទំនុកចិត្តអ្នកវិនិយោគចាប់ផ្ដើមរង្គោះរង្គើខ្លាំង
សិង្ហបុរី៖ នៅថ្ងៃព្រហស្បតិ៍នេះ តម្លៃ ប៊ីតឃ័ញ (Bitcoin) បានធ្លាក់ចុះយ៉ាងគំហុកជិតដល់កម្រិត ៧ម៉ឺនដុល្លារអាម៉េរិក ដែលជាតម្លៃទាបបំផុតមិនធ្លាប់មានគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៤ មក ហើយនិន្នាការធ្លាក់ចុះនេះ នៅមិនទាន់មានសញ្ញាថានឹងឈប់នៅឡើយទេ ។
ជាក់ស្ដែង មិនមែនមានតែ ប៊ីតឃ័ញ (Bitcoin) តែមួយប៉ុណ្ណោះទេ សូម្បីតែកាក់អ៊ីធើរ (ETH) ដែលជារូបិយប័ណ្ណឌីជីថលធំទីពីរ ក៏បានធ្លាក់ចុះជិត ២% មកនៅត្រឹម ២,០៨៦ ដុល្លារអាម៉េរិក ហើយអ្នកវិភាគបារម្ភថា វាអាចនឹងបន្តធ្លាក់ចុះក្រោម ២,០០០ ដុល្លារអាម៉េរិក ជាលើកដំបូងក្នុងរយៈពេលជិតមួយឆ្នាំ ។
អ្នកជំនាញយល់ថា ការធ្លាក់ចុះយ៉ាងគំហុកនេះ កើតឡើងបន្ទាប់ពីការតែងតាំងលោក ខេវិន វ៉ស (Kevin Warsh) ជាទេសាភិបាលធនាគារកណ្ដាលអាម៉េរិក (Fed) បន្ទាប់ពីទេសាភិបាលចាស់ ដែលធ្វើឱ្យទីផ្សាររំពឹងថា លោកនឹងរឹតបន្តឹងគោលនយោបាយហិរញ្ញវត្ថុ និងកាត់បន្ថយសាច់ប្រាក់ក្នុងទីផ្សារ ។
គិតត្រឹមសប្តាហ៍នេះ រូបិយប័ណ្ឌប៊ីតឃ័ញ (Bitcoin) បានធ្លាក់ចុះ ៧% និងខាតបង់សរុបប្រហែល ២០% ក្នុងឆ្នាំនេះ ខណៈដែលកាក់អ៊ីធើរ (ETH) បានធ្លាក់ដាំក្បាលចុះខ្លាំងជាងគេរហូតដល់ជិត ៣០% បើធៀបនឹងដើមឆ្នាំ ។
អ្នកវិភាគមកពីធនាគារយូលៀសប៊ែរ (Julius Baer) បានលើកឡើងថា ទីផ្សារកំពុងភ័យខ្លាចចំពោះទស្សនៈតឹងរ៉ឹងរបស់ទេសាភិបាលធនាគារកណ្ដាលថ្មី ព្រោះថាការកាត់បន្ថយសាច់ប្រាក់ក្នុងប្រព័ន្ធហិរញ្ញវត្ថុ នឹងមិនផ្តល់ផលល្អដល់ទ្រព្យសកម្មដែលមានហានិភ័យខ្ពស់ដូចជារូបិយប័ណ្ណគ្រីបតូឡើយ ។
ទំនុកចិត្តក្នុងវិស័យរូបិយប័ណ្ណទាំងនេះ បានចាប់ផ្ដើមធ្លាក់ចុះតាំងពីខែតុលាឆ្នាំ ២០២៥ មកម្ល៉េះ ដែលធ្វើឱ្យអ្នកវិនិយោគលែងសូវមានចិត្តចង់បោះទុនជាបន្តទៀត ហើយពួកគេក៏ងាកមកដកលុយចេញវិញជាបន្តបន្ទាប់ ។
យោងតាមធនាគារ ដឺឆេ ប៊ែង (Deutsche Bank) មូលនិធិវិនិយោគលើប៊ីតឃ័ញ (Bitcoin) អ៊ីធីអេហ្វ (ETF) នៅអាម៉េរិក បានប្រឈមនឹងការដកប្រាក់ចេញរាប់ពាន់លានដុល្លារជារៀងរាល់ខែ ដែលវាជាសញ្ញាបង្ហាញថា អ្នកវិនិយោគធំៗកំពុងបាត់បង់ចំណាប់អារម្មណ៍ និងមានទស្សនៈអវិជ្ជមានកាន់តែខ្លាំងចំពោះទីផ្សារគ្រីបតូ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters | រូបភាព៖ REUTERS/Dado Ruvic/Illustration/ tradingkey.com