ក្រសួងសង្គមកិច្ច បើកការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពបន្ថែមដល់ភ្នាក់ងារសង្គមកិច្ច នគរបាលយុត្តិធម៌ និងអ្នកពាក់ព័ន្ធនៅខេត្តកណ្តាល លេីការងារយុត្តិធម៌អនីតិជន
កណ្តាល៖ ក្រសួងសង្គមកិច្ច សហការជាមួយរដ្ឋបាលខេត្តកណ្តាល បានបើកការបណ្ដុះបណ្ដាលនពង្រឹងសមត្ថភាពបន្ថែមដល់ភ្នាក់ងារសង្គមកិច្ច គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់ នគរបាលយុត្តិធម៌ ព្រះរាជអាជ្ញា និងចៅក្រម លេីការងារយុត្តិធម៌អនីតិជន។
ថ្លែងក្នុងពិធីបើក នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្ដារសម្បទា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនាពេលនេះ គឺពិតជាមានសារៈសំខាន់ សម្រាប់មន្ត្រីរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ភ្នាក់ងារសង្គមកិច្ច មន្ត្រីសង្គមកិច្ចក្រុង ស្រុក ដើម្បីចូលរួមអនុវត្តការងារយុត្តិធម៌អនីតិជនឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
លោកបន្តថា គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ ដេីម្បីពង្រឹងសមត្ថភាពបន្ថែមដល់ភ្នាក់ងារសង្គមកិច្ច គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់ នគរបាលយុត្តិធម៌ ព្រះរាជអាជ្ញា និងចៅក្រម លេីការងារយុត្តិធម៌អនីតិជន និងផ្សព្វផ្សាយអំពីការដោះលែងដោយមានលក្ខខណ្ឌ។
លោក បានលើកទឹកចិត្តដល់សិក្ខាកាមដែលទទួលបានវគ្គបណ្ដុះបណ្ដាលនៅ សូមយកចិត្តទុកដាក់ ព្រោះសិក្ខាសាលានេះ នឹងជួយដល់សិក្ខាកាមទាំងអស់ ឱ្យទទួលបាននូវចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងនីតិវិធី ឯកសារស្វែងយល់ជាចំណេះដឹងបន្ថែម លើការគាំទ្រទៅដល់ដំណើរការនៃការបង្វែរអនីតិជន និងការដោះលែងដោយមានលក្ខខណ្ឌ ដើម្បីឈានទៅបង្កើនការអនុវត្តវិធានការនេះបន្ថែមទៀត និងជាឧត្តមប្រយោជន៍របស់អនីតិជន ដើម្បីផ្តល់ឱកាសដល់ពួកគាត់ក្នុងការកែប្រែ នឹងបន្តខិតខំបន្ថែមទៀតលើកិច្ចការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ។
ថ្លែងក្នុងពិធីនេះដែរ លោក គ្រុយ ម៉ាឡែនអភិបាលរងខេត្តកណ្ដាល បានថ្លែងថា សិក្ខាសាលាពង្រឹងសមត្ថភាព មានរយៈពេល ១ថ្ងៃពិតមែន ប៉ុន្តែសិក្ខាកាមទាំងអស់គ្នា នឹងទទួលបានការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗពីគ្រូឧទ្ទេស ដើម្បីបន្តធ្វើកិច្ចការងារនេះរួមគ្នាជម្នះរាល់ឧបសគ្គ ដើម្បីជាឧត្តមប្រយោជន៍ទៅដល់កុមារ។
លោកអភិបាលរងខេត្ត បន្ថែមទៀតថា ក្រោយពីបានទទួលការពង្រឹងសមត្ថភាពនេះ មន្ត្រីទាំងអស់ នឹងមានការយល់ដឹងប្រសើរជាងមុន ហើយចូលរួមសហការអនុវត្តនូវវិធានការបង្វែរ និងការដោះលែងដោយមានលក្ខខណ្ឌ ឱ្យបានកាន់តែល្អ និងប្រកបដោយប្រសិទ្ធភាព។
លោកបានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ មានដូចជា៖ សាលាដំបូងខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត មេធាវី អង្គការសង្គមស៊ីវិល ការិយាល័យអប់រំក្រុង/ស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមសហការអនុវត្តនូវវិធានការបង្វែរ និងការដោះលែងដោយមានលក្ខខណ្ឌ ដើម្បីជាឧត្តមប្រយោជន៍ដល់កុមារដែលទំនាស់នឹងច្បាប់ ក្នុងគោលបំណង ឱ្យពួកគាត់ទទួលបាននូវជម្រើសផ្សេងៗ ក្រៅពីការឃុំខ្លួន ឬជាប់ពន្ធនាគារ ក៏ដូចជាការបញ្ចៀសនូវការកកស្ទះ ណែនអនីតិជននៅក្នុងពន្ធនាគារ បានត្រឡប់ទៅក្រុមគ្រួសារ សិក្សារៀនសូត្រ ឬទទួលនូវការបណ្តុះបណ្តាល ជំនាញផ្សេងៗ សម្រាប់ប្រើប្រាស់នាពេលអនាគត និងដើម្បីក្លាយខ្លួនជាពលរដ្ឋល្អ ប្រកបដោយធនធានដ៏មានសារៈសំខាន់របស់ប្រទេសជាតិ៕
ដោយ៖ ឈុន សុភ័ក្រ