ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង អំពាវនាវឱ្យវិស័យឯកជន ចូលរួមបង់ពន្ធតាមច្បាប់ ដោយចាត់ទុកថា ពន្ធជាធនធានរួមដ៏សំខាន់ ដែលផ្តល់អំណាចដល់រដ្ឋក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការរក្សាស្ថិរភាពជាតិ

image



ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលក្រុមការងារវិស័យឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអំពាវនាវឱ្យផ្នែកឯកជនទាំងអស់ ត្រូវអនុវត្តកាតព្វកិច្ចបង់ពន្ធស្របតាមច្បាប់ឱ្យបានត្រឹមត្រូវ ដោយចាត់ទុកថា ពន្ធជាធនធានរួមដ៏សំខាន់ ដែលផ្តល់អំណាចដល់រដ្ឋក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការរក្សាស្ថិរភាពជាតិរបស់ប្រទេសកម្ពុជា។ ជាមួយគ្នានេះ អ្នកផ្តល់សេវាផ្នែកពន្ធ ក៏ត្រូវបន្តលើកកម្ពស់ភាពងាយស្រួល តម្លាភាព និងភាពជឿទុកចិត្ត ដល់វិស័យឯកជន ក្នុងដំណើរការបំពេញកាតព្វកិច្ចបង់ពន្ធផងដែរ។

ការអំពានាវនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលអ្នកឧកញ៉ា គិត ម៉េង បានថ្លែងសន្ទរកថា ក្នុងកម្មវិធីបើក «វេទិកាពន្ធដារកម្ពុជា ២០២៦» ក្រោមប្រធានបទ៖ ការលើកកម្ពស់អនុលោមភាពសារពើពន្ធសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលបានប្រារព្ធឡើងនៅទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋានពន្ធដារ (GDT Tower) នៅព្រឹកថ្ងៃទី ៥ខែកុម្ភៈ ឆ្នាំ២០២៦។

វេទិកាពន្ធដារដ៏សំខាន់ប្រចាំឆ្នាំ ២០២៦នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមថ្លែងសន្ទរកថាស្វាគមន៍ពីឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូតប្រចាំនៅកម្ពុជា ដៃគូអភិវឌ្ឍន៍ ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសភាពាណិជ្ជកម្ពុជា ថ្នាក់ដឹកនាំក្រុមការងារវិស័យឯកជន តំណាងក្រុមហ៊ុន សហគ្រាស និងភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនរូប។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ក្នុងនាមជាអ្នកធ្វើធុរៈកិច្ចពាណិជ្ជកម្ម យើងត្រូវបង់ពន្ធ។ នេះជារឿងធម្មតាសម្រាប់មនុស្សគ្រប់រូបត្រូវអនុវត្តតាមច្បាប់។ នៅពេលតែមួយប្រព័ន្ធពន្ធដារដែលមានចីរភាព ត្រូវការតុល្យភាព។ ការយកពន្ធត្រូវមានភាពសមរម្យ មានភាពអាចទស្សន៍ទាយបាន និងធនធានសាធារណៈត្រូវបានគ្រប់គ្រងដោយភាពថ្លៃថ្នូរ និងតម្លាភាព។ ការអនុវត្តតាមច្បាប់ពន្ធដារ នឹងរឹងមាំបំផុត នៅពេលដែលវិស័យអាជីវកម្មមានទំនុកចិត្តថា ប្រព័ន្ធមានភាពយុត្តិធម៌ ហើយការរួមចំណែករបស់ពួកគេ ត្រូវបានប្រើប្រាស់ដោយការទទួលខុសត្រូវសម្រាប់ការអភិវឌ្ឍជាតិ។

ទោះជាយ៉ាងណា អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់ថា អាជីវកម្មនានាត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តតាមច្បាប់វិនិយោគ និងពង្រីកសកម្មភាពអាជីវកម្ម ដរាបណាច្បាប់មានភាពច្បាស់លាស់ នីតិវិធីមានតម្លាភាព និងការអនុវត្តមានភាពយុត្តិធម៌ និងសមាមាត្រ។ អ្នកឧកញ៉ា បានបន្តថា ភាពអាចព្យាករណ៍បាន គឺជាកត្តាសំខាន់សម្រាប់ការវិនិយោគដែលមានទំនួលខុសត្រូវ និងកំណើនរយៈពេលវែង។

អ្នកឧកញ៉ា គូសបញ្ជាក់ថា ការអនុវត្តតាមកាតព្វកិច្ចពន្ធ មិនអាចកើតមានឡើងតាមរយៈការអនុវត្តច្បាប់តែប៉ុណ្ណោះទេ។ វាត្រូវបានកសាងឡើងតាមរយៈការជឿជាក់ និងការជឿជាក់នោះត្រូវបានបង្កើតឡើងនៅពេលដែលច្បាប់មានភាពច្បាស់លាស់ អនុវត្តយ៉ាងស្មើភាព និងមានប្រព័ន្ធគាំទ្រដែលដំណើរការបានប្រសើរ។

ក្នុងបរិបទដែលកម្ពុជា កំពុងប្រឈមនឹងបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា៖ «ឥឡូវនេះ ជាពេលវេលាដែលយើងទាំងអស់គ្នាត្រូវរួបរួមជាមួយរាជរដ្ឋាភិបាល និងពង្រឹងសមត្ថភាពជាតិ ដើម្បីការពារសន្តិភាពនៃព្រះរាជាណាចក្រដ៏អស្ចារ្យរបស់យើង។ ការបង់ពន្ធ គឺជាធនធានរួមដ៏សំខាន់មួយ ដែលផ្តល់អំណាចដល់រដ្ឋក្នុងការការពារយើងទាំងអស់គ្នា»។

កឧកញ៉ា គិត ម៉េង មានប្រសាសន៍ទៀតថា ប្រព័ន្ធពន្ធដារដែលមានតម្លាភាព យុត្តិធម៌ និងអាចព្យាករណ៍បាន គឺជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ខណៈព័ន្ធបែបនេះអនុញ្ញាតឱ្យរដ្ឋអាចកៀរគរធនធានក្នុងស្រុក ផ្តល់ហិរញ្ញប្បទានដល់សេវាសាធារណៈ និងវិនិយោគសម្រាប់អនាគត ព្រមទាំងជួយបង្កើនទំនុកចិត្តដល់វិស័យអាជីវកម្មក្នុងការអនុវត្តតាមច្បាប់វិនិយោគ និងពង្រីកសកម្មភាពអាជីវកម្ម។

ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះការប្តេជ្ញាចិត្តក្នុងការធ្វើកំណែទម្រង់សេដ្ឋកិច្ច អភិបាលកិច្ចល្អ និងការអភិវឌ្ឍវិស័យឯកជន។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា ប្រធាន ក៏បានកោតសរសើរអគ្គនាយកដ្ឋានពន្ធដារ ដែលបានបន្តការចូលរួមដោយបើកចំហជាមួយវិស័យឯកជន តាមរយៈយន្តការដូចជា វេទិការដ្ឋាភិបាល-វិស័យឯកជន និងក្រុមការងារវិស័យឯកជន ដែលបានរួមចំណែកសំខាន់ក្នុងការកសាងការយោគយល់គ្នាទៅវិញទៅមក ដោះស្រាយបញ្ហាប្រឈមជាក់ស្តែង និងជំរុញដំណោះស្រាយតាមរបៀបស្ថាបនា។