លោក Marco Rubio៖ បើអ៊ីរ៉ង់ចង់ជួបចរចារឿងនុយក្លេអ៊ែរ និងការដកទណ្ឌកម្ម យើងត្រៀមរួចរាល់ជានិច្ច តែបើប្តូរចិត្តវិញក៏មិនអីដែរ
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីយ៉ូ (Marco Rubio) បានអះអាងកាលពីថ្ងៃពុធថា អ៊ីរ៉ង់បានយល់ព្រមលើ «លក្ខខណ្ឌចរចាមួយចំនួន» សម្រាប់ការពិភាក្សាជាមួយសហរដ្ឋអាម៉េរិក មុនកិច្ចប្រជុំកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ដែលនឹងធ្វើឡើងនៅប្រទេសអូម៉ង់ នៅថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ។
អំឡុងថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំកម្រិតរដ្ឋមន្ត្រីស្ដីពីធនធានរ៉ែសំខាន់ៗ នៅទីក្រុងវ៉ាស៊ីនតោន លោក Rubio និយាយថា សហរដ្ឋអាម៉េរិកត្រៀមខ្លួនរួចរាល់ក្នុងការជួបពិភាក្សាជាមួយអ៊ីរ៉ង់។ លោកបញ្ជាក់ថា បើអ៊ីរ៉ង់ចង់ជួប សហរដ្ឋអាម៉េរិកក៏ត្រៀមខ្លួនដែរ ហើយបើអ៊ីរ៉ង់ផ្លាស់ប្តូរគំនិតមិនចង់ជួប នោះក៏មិនមានបញ្ហាអ្វីឡើយ ។
លោក Rubio ក៏បានសម្តែងការសង្ស័យអំពីលទ្ធភាពឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដោយនិយាយថា លោកមិនប្រាកដថាអាចសម្រេចកិច្ចព្រមព្រៀងជាមួយមេដឹកនាំអ៊ីរ៉ង់បានឬអត់នោះទេ ប៉ុន្តែសហរដ្ឋអាម៉េរិកនឹងព្យាយាមដើម្បីស្វែងយល់ឱ្យច្បាស់។ លោកបន្ថែមថា ការព្យាយាមពិភាក្សានេះ មិនមានអ្វីខាតបង់ឡើយ ។
ជាមួយគ្នានេះ លោកបានរិះគន់ថ្នាក់ដឹកនាំអ៊ីរ៉ង់ ថាមិនតំណាងឱ្យប្រជាជនអ៊ីរ៉ង់នោះទេ ហើយលោកនិយាយថា មិនមានប្រទេសណាមួយដែលមានភាពខុសគ្នាខ្លាំងបែបនេះ រវាងអ្នកដឹកនាំប្រទេស និងប្រជាជនធម្មតាឡើយ ហើយសហរដ្ឋអាម៉េរិកនៅតែមានសង្ឃឹមលើប្រជាជនអ៊ីរ៉ង់ ។
លោក Rubio បានលើកឡើងដែរថា ប្រធានាធិបតីអាម៉េរិកបានបង្ហាញជំហរយ៉ាងច្បាស់លាស់ ចំពោះវិធីសាស្ត្រដែលអាជ្ញាធរអ៊ីរ៉ង់ បានប្រើប្រាស់ដើម្បីបង្ក្រាបអ្នកតវ៉ា។ ដើមឡើយ កិច្ចប្រជុំកម្រិតខ្ពស់រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ គ្រោងធ្វើនៅប្រទេសតួកគីយ៉េ ប៉ុន្តែឥឡូវនេះ ត្រូវបានផ្លាស់ប្តូរទីតាំងទៅធ្វើនៅប្រទេសអូម៉ង់ជំនួសវិញនៅថ្ងៃសុក្រនេះ ដោយការចរចានឹងផ្តោតតែលើបញ្ហាកម្មវិធីនុយក្លេអ៊ែរ និងការដកទណ្ឌកម្មប៉ុណ្ណោះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Getty Images/AFP/ AP/ Getty Images