ព្រិលធ្លាក់ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ សម្លាប់មនុស្ស ៣០ នាក់នៅទូទាំងប្រទេសជប៉ុន ក្នុងរយៈពេល ២សប្ដាហ៍ចុងក្រោយនេះ
ជប៉ុន៖ ព្រិលធ្លាក់យ៉ាងខ្លាំងក្លា បានធ្វើឱ្យខេត្តអាអូម៉ូរី (Aomori) របស់ប្រទេសជប៉ុន ហាក់គាំងសកម្មភាពទាំងស្រុង ដោយកម្រាស់ព្រិលបានកើនឡើងដល់កម្ពស់ ៤,៥ ម៉ែត្រ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ ១៩៨៦។ គ្រោះធម្មជាតិនេះ បានបង្កឱ្យមានការព្រមានអំពីការរអិលបាក់ផ្ទាំងព្រិលទឹកកក ហើយវាក៏បានធ្វើឱ្យស្ទះចរាចរណ៍យ៉ាងខ្លាំង និងបានឆក់យកអាយុជីវិតមនុស្សយ៉ាងហោចណាស់ ៣០ នាក់នៅទូទាំងប្រទេស ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ។
តាមរយៈរូបភាពវីដេអូកាលពីថ្ងៃទី៣ ខែកុម្ភៈ បង្ហាញថា រថយន្តព្យាយាមធ្វើដំណើរយ៉ាងលំបាកលើផ្លូវដែលពោរពេញដោយព្រិល ខណៈអ្នកស្រុកខ្លះ ក៏បានធ្វើការឈូសឆាយព្រិលចេញពីតំបន់រស់នៅរបស់ពួកគេ។ អ្នកស្រុកម្នាក់ឈ្មោះ មីហ្គូរ៉ា (Migura) និយាយថា ឆ្នាំនេះព្រិលធ្លាក់យូរជាងឆ្នាំមុន ដែលធ្វើឱ្យជីវិតរស់នៅជួបការលំបាកខ្លាំង រថយន្តធ្វើដំណើរក៏មិនរួច ចំណែកឡានក្រុង និងរថភ្លើងត្រូវផ្អាកដំណើរការទាំងស្រុង ។
អ្នកស្រុកម្នាក់ទៀត រៀបរាប់ថា ធម្មតាការធ្វើដំណើរទៅមន្ទីរពេទ្យចំណាយពេលមិនដល់ ៣០ នាទីផង ប៉ុន្តែក្នុងស្ថានភាពនេះ គាត់ត្រូវចំណាយពេលដល់ទៅ ២ម៉ោងឯណោះ ដោយសារផ្លូវមិនអំណោយផលក្នុងការធ្វើដំណើរ ហើយរថភ្លើងក៏ត្រូវលុបចោល ដែលបង្ខំឱ្យមនុស្សម្នាត្រូវដើរដោយថ្មើរជើងជំនួសវិញ ។
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ីឈិ (Sanae Takaichi) បញ្ជាក់ថា រដ្ឋាភិបាលកំពុងដាក់ចេញនូវវិធានការឆ្លើយតបគ្រោះមហន្តរាយជាបន្ទាន់ ខណៈអាជ្ញាធរបានព្រមានពីគ្រោះថ្នាក់រអិលបាក់ផ្ទាំងព្រិលទឹកកកផងដែរ បន្ទាប់ពីអាកាសធាតុអាក្រក់នេះ បានធ្វើឱ្យមនុស្សរាប់ពាន់នាក់ជាប់គាំងនៅព្រលានយន្តហោះក្នុងកោះហុកកៃដូ កាលពីចុងខែមករា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Kyodo/via REUTERS/ Philip Fong/AFP/ Kyodo via Reuters