ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាម៉េរិក-ឥណ្ឌា ជួបគ្នាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែសំខាន់ៗ

image



វ៉ាស៊ីនតោន, សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បានជួបពិភាក្សាគ្នាជាមួយសមភាគីឥណ្ឌា លោក ស៊ូប្រាម៉ានយ៉ាម ចៃស័ង្ការ (Subrahmanyam Jaishankar) នៅឯទីក្រុងវ៉ាស៊ីនតោន កាលពីពេលថ្មីៗនេះ ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការលើការរុករក ការធ្វើអាជីវកម្មរ៉ែ និងការកែច្នៃរ៉ែសំខាន់ៗ ឱ្យក្លាយជាផ្លូវការ ។

នៅក្នុងជំនួបនោះ មន្ត្រីទាំងពីររូប បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការតាមរយៈក្រុមឃ្វ័ដ (Quad) (រួមមាន សហរដ្ឋអាម៉េរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា)។ លើសពីនេះ ពួកគេបានស្វាគមន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ដែលនឹងបើកឱកាសសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពលរួមគ្នា។ កិច្ចព្រមព្រៀងនេះ ផ្ដល់ផលចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់សហគ្រាសធុនតូច និងមធ្យម រួមទាំងវិស័យជាច្រើន ដូចជា គ្រឿងបន្លាស់រថយន្ត វាយនភណ្ឌ គ្រឿងអលង្ការ និងផលិតផលកសិកម្ម ។

រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌា លោក ភិយុស ហ្គូយ៉ាល់ (Piyush Goyal) បានប្រកាសពីការបញ្ចុះតម្លៃពន្ធនាំចូលរបស់អាម៉េរិក ពី ៥០% មកនៅ ១៨% ដែលជួយឱ្យទំនិញឥណ្ឌាកាន់តែមានទីផ្សារ។ លោក ហ្គូយ៉ាល់ (Goyal) បន្ថែមថា ការណ៍នេះ នឹងជួយឱ្យឥណ្ឌាចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក និងទទួលបានបច្ចេកវិទ្យាលំដាប់ពិភពលោក កាន់តែច្រើន ។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក នរិន្ទ្រ ម៉ូឌី (Narendra Modi) បានថ្លែងអំណរគុណដល់ប្រធានាធិបតីត្រាំ (Trump) ចំពោះកាត់បន្ថយតម្លៃពន្ធនេះ។ ចំណែកសេតវិមានឯណោះវិញ និយាយថា លោក ម៉ូឌី (Modi) បានប្តេជ្ញាចិត្តវិនិយោគចំនួន ៥០០ ពាន់លានដុល្លារលើផលិតផល និងហេដ្ឋារចនាសម្ព័ន្ធរបស់អាម៉េរិក។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ គេរំពឹងថា ឥណ្ឌានឹង បញ្ឈប់ការទិញប្រេងពីរុស្ស៊ី ហើយងាកមកទិញប្រេងពីអាម៉េរិក និងវ៉េណេស៊ុយអេឡាវិញ ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចលើរុស្ស៊ី ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Getty Images via AFP