ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង ស្នើឱ្យរាជរដ្ឋាភិបាល បន្តធ្វើវិសោធនកម្ម ឬកែលម្អច្បាប់ពន្ធដារ ជាប្រចាំស្របតាមការវិវត្តន៍នៃសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា ដើម្បីបង្កើនភាពងាយស្រួល និងពង្រឹងទំនុកចិត្តរបស់អ្នកវិនិយោគ

image

អ្នកឧកញ៉ា គិត ម៉េង ស្នើឱ្យរាជរដ្ឋាភិបាល បន្តធ្វើវិសោធនកម្ម ឬកែលម្អច្បាប់ពន្ធដារ ជាប្រចាំស្របតាមការវិវត្តន៍នៃសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា ដើម្បីបង្កើនភាពងាយស្រួល និងពង្រឹងទំនុកចិត្តរបស់អ្នកវិនិយោគ

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលក្រុមការងារវិស័យឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានស្នើឲ្យរាជរដ្ឋាភិបាល ពិចារណាបន្តធ្វើវិសោធនកម្ម ឬកែលម្អច្បាប់ពន្ធដារមួយចំនួន ជាប្រចាំក្នុងរយៈពេល ១ ឬ ២ឆ្នាំម្តង ទោះបីជាច្បាប់ពន្ធដារកម្ពុជា ទើបតែត្រូវបានធ្វើវិសោធនកម្មកាលពីពេលថ្មីៗនេះក៏ដោយ។

ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានស្នើសុំឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន ព្រមទាំងឯកឧត្តម គង់ វិបុល អគ្គនាយកពន្ធដារ បង្កើតគណៈកម្មការពិសេសមួយ ដែលរួមមានភាគីផ្នែកឯកជន និងភាគីពន្ធដារ ដើម្បីពិភាក្សាអំពីការកែលម្អច្បាប់ពន្ធដារដែលមានគោលបំណងបង្កើនភាពងាយស្រួល ពង្រឹងទំនុកចិត្តរបស់វិនិយោគិន និងពន្លឿនកំណើនសេដ្ឋកិច្ច។

ការស្នើនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលអ្នកឧកញ៉ា គិត ម៉េង ថ្លែងសន្ទរកថា ក្នុងកម្មវិធីបើក «វេទិកាពន្ធដារកម្ពុជា ២០២៦» ក្រោមប្រធានបទ៖ ការលើកកម្ពស់អនុលោមភាពសារពើពន្ធសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា នៅព្រឹកថ្ងៃទី ៥ខែកុម្ភៈ ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អ្នកឧកញ៉ា គិត ម៉េង បានកត់សម្គាល់ថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ពិសេសបញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូរបរិយាកាសអាជីវកម្មជាបន្តបន្ទាប់ ដូច្នេះការធ្វើវិសោធនកម្មច្បាប់ ឬកែសម្រួលច្បាប់ពន្ធដារជាប្រចាំ និងបន្តិចម្តងៗ គឺមានសារៈសំខាន់ណាស់ ដើម្បីធានាថាប្រព័ន្ធពន្ធដារនៅតែឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ច និងតម្រូវការអាជីវកម្មយ៉ាងមានប្រសិទ្ធភាព។

អ្នកឧកញ៉ា បានគូសបញ្ជាក់ថា៖ «ខ្ញុំសូមស្នើឯកឧត្តមឧបនាយករដ្ឋមន្ត្រី បើអនុញ្ញាត គឺល្អ ព្រោះយើងដាក់ [វិសោធនកម្មច្បាប់] ទៅពេលនោះវាត្រូវ តែសភាពការណ៍វិវត្តន៍ទៅរហូត ហើយសម័យឥឡូវមាន AI ក៏ច្រើន ហើយខ្ញុំក៏សំណូមពរដល់ផ្នែកឯកជនទាំងអស់គ្នាដែរ តើវិស័យអ្វីដែលយើងចង់ឲ្យស្ទុះកើនឡើង ដូច្នេះយើងត្រូវដាក់ស្នើជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម គង់ វិបុល ដើម្បីយើង ធ្វើវិសោធនកម្មច្បាប់ណាមួយដើម្បីជួយទៅវិស័យនោះ»។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានទទួលស្គាល់ពីសារៈសំខាន់របស់វិស័យឯកជន ក៏ដូចជា សភាពាណិជ្ជកម្មកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់តាមរយៈយន្តការនៃភាពជាដៃគូរវាងអគ្គនាយកដ្ឋានពន្ធដារ និងវិស័យឯកជន ព្រមទាំងកិច្ចពិភាក្សាក្រៅយន្តការរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ អភិក្រមការសន្ទនាដោយបើកចំហ ក្នុងការកែទម្រង់ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗរបស់អ្នកធុរកិច្ចពាក់ព័ន្ធវិស័យពន្ធដារ។

ឯកឧត្តម គូសបញ្ជាក់ថា ជាក់ស្តែងការរៀបចំ «វេទិកាពន្ធដារកម្ពុជា ២០២៦» នាពេលនេះ គឺមានកិច្ចសហការជិតស្និទ្ធពីវិស័យឯកជន ការលើកកម្ពស់ការយល់ដឹងពីរដ្ឋបាលសារពើពន្ធ បទប្បញ្ញត្តិ និងកាតព្វកិច្ចសារពើពន្ធ ដើម្បីលើកកម្ពស់អនុលោមភាពសារពើពន្ធនៅកកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ជឿជាក់ថា វេទិកាពន្ធដារកម្ពុជា ដែលជាយន្តការថ្មី ដើម្បីបំពេញបន្ថែមទៀតពីលើយន្តការនៃកិច្ចសហការជាមួយវិស័យឯកជនដែលកំពុងអនុវត្តស្រាប់ គឺជាឱកាសល្អសម្រាប់ការបញ្ចេញមតិ និងផ្លាស់ប្តូរយោបល់ពីភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្នុងឱកាសដែលមានការចូលរួមពីភាគី ពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នរដ្ឋ, ទាំងវិស័យឯកជន និងទាំងដៃគូអភិវឌ្ឍនានា ដើម្បីប្រមូលធាតុចូលសំខាន់សម្រាប់រាជរដ្ឋាភិបាលក្នុងការគិតគូររៀបចំគោលនយោបាយសារពើពន្ធ និងជាមូលដ្ឋានសំខាន់ក្នុងការកំណត់ទិសដៅអនុវត្តបន្ត ជាពិសេសការបន្តខិតខំកែទម្រង់ ទាំងផ្នែករដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ និងបុព្វហេតុជាតិទាំងមូល។

ក្នុងឱកាសនោះដែរ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ច្បាប់ស្តីពីសារពើពន្ធថ្មី ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០២៣ បានបើកផ្លូវផ្តល់នូវភាពទន់ភ្លន់យ៉ាងច្រើនជូនដល់រាជរដ្ឋាភិបាល សម្រាប់អនុវត្តគោលនយោបាយ ចាំបាច់នានាក្នុងការផ្តល់នូវការលើកទឹកចិត្ត ផ្តល់នូវភាពទន់ភ្លន់ ក្នុងការសម្រួលដល់ការកែលម្អរក្សាលំនឹងជីវភាពរបស់ប្រជាពលរដ្ឋ និងម៉្យាងទៀតច្បាប់ថ្មីនេះ ក៏សម្រាប់ដាក់ចេញគោលនយោបាយចាំបាច់នានាពាក់ព័ន្ធនឹងការលើកទឹកចិត្តផ្នែកសារពើពន្ធនេះ ដើម្បីជំរុញ និងគាំទ្រដល់សកម្មភាពអាជីវកម្មរបស់វិស័យឯកជនផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងថា តាមពិតទៅវិធានការទាំងអស់នេះ ផ្អែកលើភាពទន់ភ្លន់លើច្បាប់នេះ គឺរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការលើកទឹកចិត្តជាបន្តបន្ទាប់នៅក្នុងកម្មវិធីគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ហើយចាប់ផ្តើមតាំងពីវេទិការរាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ ដែលមកទល់នឹងពេលនេះ ការអនុគ្រោះពន្ធ និងការលើកទឹកចិត្តផ្នែកសារពើពន្ធនេះ នៅតែបន្តច្រើនផ្នែកនៅឡើយ នៅតាមវិស័យមួយចំនួន ដែលប្រឈមនឹងបញ្ហា ឬក៏មានការថមថយ ដោយសារជួបប្រទះបញ្ហាប្រឈមនានា ជាសកល ជាក់ស្តែងក្នុងពេលកន្លងមក មានវិស័យទេសចរណ៍ អចលនទ្រព្យ និងសំណង់ជាដើម។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្ថែមទៀតថា រាជរដ្ឋាភិបាល ជាពិសេសក្រោមក្របខណ្ឌនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តតាមដានសភាពការណ៍វិវត្តន៍ វាយតម្លៃ និងភាពចាំបាច់ក្នុងការដាក់ចេញវិធានការគាំពារនានា រាប់ទាំងវិធានការសារពើពន្ធនេះផងដែរ ដើម្បីជំរុញលើកស្ទួយនូវសកម្មភាពសេដ្ឋកិច្ច ឲ្យចំទិសដៅតាមវិស័យជាក់លាក់ផ្សេងៗ ដែលត្រូវការនូវការគាំពារនៃការជំរុញសកម្មភាពនេះឡើងវិញ។

សូមជម្រាបថា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកម្មវិធី «វេទិកាពន្ធដារ ២០២៦» ក្រោមប្រធានបទ៖ ការលើកកម្ពស់អនុ លោមភាពសារពើពន្ធសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ៥ដល់ថ្ងៃទី ៦ខែកុម្ភៈ ឆ្នាំ២០២៦។ វេទិការនេះ មានគោលបំណងលើកកម្ពស់អនុលោមភាពសារពើពន្ធ ដើម្បីបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្សព្វផ្សាយអំពីកាតព្វកិច្ចពន្ធ វឌ្ឍនភាពនៃការធ្វើបរិវត្តកម្មប្រព័ន្ធគ្រប់គ្រងពន្ធដារ ព្រមទាំងទទួលយោបល់អំពីបញ្ហាប្រឈមនានា ក្នុងការបំពេញកាតព្វកិច្ច ដើម្បីធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវា និងប្រសិទ្ធភាពនៃការគ្រប់ គ្រងប្រព័ន្ធពន្ធដារ៕

អត្ថបទ៖ សៀម ប៊ុនធី, រូបភាព៖ អ៊ុន ផាន់ណាត និងង៉ាន់ សំណាង