ព័ត៌មានអន្តរជាតិ

ឡាវ-ចិន តភ្ជាប់បណ្ដាញអគ្គិសនីកម្លាំង ៥០០ គីឡូវ៉ុលជាស្ថាពរ ដើម្បីពង្រឹងសន្តិសុខថាមពល និងត្រៀមដំណើរការផ្លូវការនៅខែមេសា

image



ឡាវ-ចិន៖ ប្រទេសឡាវ និងចិន បានសម្រេចការតភ្ជាប់ខ្សែបណ្តាញបញ្ជូនអគ្គិសនីកម្លាំង ៥០០ គីឡូវ៉ុល (kV) ជាស្ថាពរហើយ ដែលនេះជាការបង្កើនកិច្ចសហប្រតិបត្តិការថាមពលឆ្លងដែនឱ្យកាន់តែខ្លាំងក្លា។ បន្ទាប់ពីតភ្ជាប់ខ្សែរួចរាល់នៅថ្ងៃទី ៥ ខែកុម្ភៈ ប្រទេសទាំងពីរគ្រោងនឹងចាប់ផ្តើមដាក់ឱ្យដំណើរការផ្នែកពាណិជ្ជកម្មពេញលេញនៅខែមេសាខាងមុខ ។

ខ្សែបណ្តាញនេះមានប្រវែងសរុប ១៧៧,៥ គីឡូម៉ែត្រ ដោយតភ្ជាប់ពីអនុស្ថានីយអគ្គិសនី ណាមមូ៣ (Nam Mo 3) ក្នុងខេត្តឧត្តមសៃ (Oudomxay) ប្រទេសឡាវ ទៅកាន់អនុស្ថានីយអគ្គិសនី ស៊ីសួងបានណា (Xishuangbanna) ក្នុងខេត្តយូណាន ប្រទេសចិន។ ផ្នែកដែលស្ថិតក្នុងដីឡាវមានប្រវែង ៣២,៥ គីឡូម៉ែត្រ ត្រូវបានសាងសង់ដោយក្រុមហ៊ុនអគ្គិសនីជាតិឡាវ (EDL-T) តាំងពីខែកុម្ភៈ ឆ្នាំ២០២៥ ។

នៅពេលដំណើរការ ខ្សែបណ្តាញនេះអាចបញ្ជូនអគ្គិសនីទៅមកបានរហូតដល់ ១,៥ លានគីឡូវ៉ាត់។ គេរំពឹងថា នឹងអាចបញ្ជូនថាមពលបានប្រហែល ៣ ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ និងជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនបាន ២,៥ លានតោន ដែលជួយដល់ការប្រើប្រាស់ថាមពលស្អាតក្នុងតំបន់មេគង្គ-ឡានឆាង ។

អំឡុងសាងសង់ ក្រុមការងារបានយកចិត្តទុកដាក់ខ្ពស់លើបរិស្ថាន ដោយបានកាត់បន្ថយការកាប់បំផ្លាញព្រៃឈើតាមខ្សែបណ្តាញបានជាង ៨០% តាមរយៈការរៀបចំផ្លូវឱ្យមានប្រសិទ្ធភាព និងដាំដើមឈើឡើងវិញ។ ក្រៅពីនេះ គម្រោងក៏បានផ្ដល់ប្រយោជន៍ដល់សហគមន៍មូលដ្ឋាន ដូចជាសាងសង់សាលាបឋមសិក្សា បង្កើតបណ្ណាល័យ បង្កើតការងាររាប់រយកន្លែង និងផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេសដល់ប្រជាជនឡាវផងដែរ ។

អាជ្ញាធរនៃប្រទេសទាំងពីរ បានបញ្ជាក់ថា គម្រោងនេះនឹងជួយពង្រឹងសន្តិសុខថាមពល ធ្វើឱ្យប្រព័ន្ធអគ្គិសនីមានស្ថិរភាព និងគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម និងសេដ្ឋកិច្ចយូរអង្វែងរបស់ប្រទេសឡាវ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Laotian Times | រូបភាព៖ Electricite Du Laos/ CCTV13/ VCG