CMAC សម្រេចដាក់ ភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្នុងតំបន់គ្រោះថ្នាក់ ក្រោយរកឃើញគ្រាប់បែកចង្កោមនៅរាយប៉ាយនៅតាមភូមិឋាន ដីស្រែចម្ការ
ឧត្តរមានជ័យ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC) បានសម្រេចដាក់ ភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ជាតំបន់គ្រោះថ្នាក់ ក្រោយរកឃើញគ្រាប់បែកចង្កោមដែលថៃបានផ្លោង និងគ្រាប់ទម្លាក់ពីលើយន្តហោះ អំឡុងពេលយោធាថៃបើកការឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា កាលពីថ្ងៃទី៨ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហេីយបច្ចុប្បន្នបាននៅរាយប៉ាយលើដីភូមិឋាន ដីស្រែចម្ការ និងនៅតាមទីសាធារណៈនានា។
លោក ជិន ប៊ុនហឿត អនុប្រធានកងឯកភាពកម្ចាត់មីនទិសឧត្តរមាន័យ បានឱ្យដឹងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ខេត្តឧត្តរមានជ័យ បានរងផលប៉ះពាល់ពីគ្រាប់បែកចង្កោម ដែលទម្លាក់ពីលើយន្តហោះ និងការបាញ់ផ្លោងរបស់យោធាថៃធំធេងជាងគេ ដោយចំនួនមិនអាចគណនាបានទេខណៈគ្រាប់មួយចំនួនត្រូវបានរកឃើញ និងមួយចំនួនទៀតមិនទាន់បានរកឃើញនៅឡើយ។ លោកថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដល់បច្ចុប្បន្ន ក្រុមជំនាញរបស់ស៊ីម៉ាក់ បានចុះហ៊ុព័ទ្ធតំបន់គ្រោះថ្នាក់មានគ្រាប់បែកចង្កោមចំនួន ១.៩០៦ទីតាំង ក្នុងនោះរកឃើញគ្រាប់នៅលើដីចំនួន ១៣០ទីតាំង, គ្រាប់លិចកប់ក្នុងដីចំនួន ១២៧ទីតាំង, រណ្ដៅគ្រាប់ចំនួន ១.៦៤៩រណ្ដៅ។ ទីតាំងទាំងនោះមានទាំងក្នុងផ្ទះ និងភូមិឋានរបស់ប្រជាពលរដ្ឋ សាលារៀន វត្តអារាម ស្រែចម្ការ និងទីតាំងសាធារណៈនានាជាច្រេីនទៀត។
មន្ត្រីស៊ីម៉ាក់រូបនេះ បានបន្តទៀតថា ភូមិឋានរបស់ប្រជាពលរដ្ឋចំនួន ១៤០ភូមិ ត្រូវបានកំណត់ជាតំបន់គ្រោះថ្នាក់ និងចងខ្សែហ៊ុមព័ទ្ធ រួមមាន ភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ សម្រេចដាក់ក្នុងតំបន់គ្រោះថ្នាក់ ខណៈសាលារៀនរងផលប៉ះពាល់ចំនួន ៧កន្លែងបានធ្វើការបោសសម្អាតរួចរួចរាល់ និងនៅតាមទីតាំងផ្សេងៗ នឹងធ្វើការបោសសំអាតជាបន្តបន្ទាប់ទៀត។
បេីតាមលោក ជិន ប៊ុនហឿត ការប្រើប្រាស់គ្រាប់បែកចង្កោមដោយយោធាថៃមកឈ្លានពានទឹកដីកម្ពុជានេះ ជាការរំលោភអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ដែលហាមឃាត់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុក ដោយសារតែគ្រាប់បែកចង្កោម ជាអាវុធដ៏គ្រោះថ្នាក់បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ជនស៊ីវិល៕