ព័ត៌មានជាតិ

មន្ត្រីជំនាញ និងអាជ្ញាធរខេត្តស្វាយរៀង ជំរុញដល់ក្រុមការងារសាងសង់ទីលានទុកដាក់សំរាម និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងបាវិត ត្រូវយកចិត្តទុកដាក់លើគុណភាពសំណង់

image


ស្វាយរៀង៖ លោក សេង សីលា អភិបាលរងខេត្ត តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក ពូ មានិង អគ្គនាយករងនៃអគ្គនាយកដ្ឋានចម្រោះទឹកកង្វក់ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការសាងសង់ទីលានទុកដាក់សំរាម និងប្រព័ន្ធលូទឹកកខ្វក់ក្រុងបាវិត ដែលស្ថិតនៅសង្កាត់ច្រកម្ទេស។

លោកអភិបាលរងខេត្តស្វាយរៀង បានឱ្យដឹងថា ការអភិវឌ្ឍទីលានទុកដាក់សំរាម និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងបាវិត គឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ខេត្ត ស្របពេលដែលក្រុងបាវិត កំពុងមានការរីកចម្រើនយ៉ាងរហ័សលើវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម។ លោក ថាការគ្រប់គ្រងសំណល់បានល្អ មិនត្រឹមតែជួយការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយទាក់ទាញវិនិយោគិន និងបង្កើនភាពជឿជាក់លើការរស់នៅប្រកបដោយចីរភាព។

លោកអភិបាលរងខេត្ត បានបន្តទៀតថា តាមរយៈការដឹកនាំក្រុមការងារ ចុះពិនិត្យផ្ទាល់នេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ក្នុងការធានាថាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ត្រូវបានសាងសង់ឡើងដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋយូរអង្វែង និងប្រកបដោយបរិស្ថានបៃតង។

លោក ក៏បានស្នើដល់ក្រុមការងារ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ និងជំរុញការងារសាងសង់ឱ្យទាន់តាមផែនការដែលបានកំណត់ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋក្នុងក្រុងបាវិត ជាពិសេសលើការលើកកម្ពស់សោភ័ណភាពក្រុង និងការរស់នៅប្រកបដោយអនាម័យ៕

អត្ថបទ៖ មិន ភក្តី