ព័ត៌មានជាតិ

‎រណសិរ្សនៃប្រទេសកម្ពុជា និងវៀតណាម ឯកភាពគ្នាបន្តលើកកម្ពស់តួនាទីរបស់ខ្លួន ដើម្បីចូលរួមចំណែកធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែរឹងមាំ

image



ភ្នំពេញ៖‎ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានទទួលជួបសម្តែងការគួរសមជាមួយលោកស្រី បួយ ធីមិញហ័យ (Bùi Thị Minh Hoài) ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។

‎សម្តេចកិត្តិសង្គហបណ្ឌិត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ក្នុងនាមមិត្តជិតស្និទ្ធ និងជាមិត្តល្អ ដែលតែងតែដើរតួនាទីព្រូនជ្រុំនៃទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរ។

‎ជាការឆ្លើយតប លោកស្រី បួយ ធីមិញហ័យ បានថ្លែងអំណរគុណសម្តេចកិត្តិសង្គហបណ្ឌិត ដែលបានចំណាយពេលដ៏មានតម្លៃ ទទួលជួបគណៈប្រតិភូ និងទទួលស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ។

‎សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសម្ដែងនូវការអបអរសាទរ ចំពោះលទ្ធផលដែលមហាសន្និបាតបក្សកុម្មុយនីស្តវៀតណាមលើកទី១៤ សម្រេចបាន ដែលធ្វើឲ្យវៀតណាមបង្កើតជាសន្ទុះថ្មីសម្រាប់យុគសម័យនៃការអភិវឌ្ឍ។

‎ភាគីទាំងពីរ បានឯកភាព នឹងបន្តធ្វើការរួមគ្នាឱ្យកាន់តែសកម្ម ដើម្បីបង្កើតផែនការអនុវត្តជាក់ស្តែងរបស់រណសិរ្សទាំងពីររួមគ្នា ដើម្បីរួមចំណែកធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់រឹងមាំ តាមរយៈការជំរុញការផ្សព្វផ្សាយឱ្យប្រជាជននៃប្រទេសទាំងពីរ បានយល់ជ្រួតជ្រាបអំពីទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ពិសេសយុវជនជំនាន់ក្រោយ។

‎គួររំលឹកផងដែរថា នៅក្នុងខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នឹងដឹកនាំប្រតិភូក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បំពេញទស្សនកិច្ចនៅប្រទេសវៀតណាម តបតាមការអញ្ជើញរបស់ លោកស្រី បួយ ធីមិញហ័យ ប្រធានគណៈកម្មាធិការ មជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដើម្បីជួបពិភាក្សា និងផ្លាស់ប្ដូរទស្សនៈគ្នា សំដៅលើកកម្ពស់តួនាទីរបស់រណសិរ្សនៃប្រទេសទាំងពីរ ក្នុងការរួមចំណែកធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែរឹងមាំ និងយល់ជ្រួតជ្រាបដល់ស្រទាប់យុវ ជនជំនាន់ក្រោយ ព្រមទាំងចុះហត្ថលេខាលើអនុស្សរណៈកិច្ចសហប្រតិបត្តិការរវាងរណសិរ្សប្រទេសទាំងពីរ សម្រាប់ឆ្នាំ ២០២៦-២០៣១៕

អត្ថបទ៖ វង សុភ័ក្ត្រ