ព័ត៌មានជាតិ

ក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី ពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា តាមរយៈការរៀបចំព្រឹត្តិការណ៍នានា ដើម្បីផ្សព្វផ្សាយពីការថែទាំសុខភាព

image



ភ្នំពេញ៖ ក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី (MHTC) សហការជាមួយស្ថានទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា បានពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ដោយបានរៀបចំព្រឹត្តិការណ៍អាហារពេលល្ងាចការទូត ដែលបានប្រារព្ធឡើងរួមគ្នាជាមួយកម្មវិធីសប្តាហ៍ថែទាំសុខភាព ម៉ាឡេស៊ី-ភ្នំពេញ ២០២៦។

កម្មវិធីនេះ ប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី៥ ខែកុម្ភៈ ក្រោមវត្តមានលោកវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា។

ការចូលរួមសកម្មភាពក្នុងផ្នែកការទូតលើកដំបូងនៅកម្ពុជា សម្រាប់ឆ្នាំ២០២៦នេះ គឺជាផ្នែកមួយនៃឆ្នាំទេសចរណ៍វេជ្ជសាស្ត្រម៉ាឡេស៊ី (MYMT) ២០២៦ ក្រោមប្រធានបទ "ការព្យាបាល ជួបបដិសណ្ឋារកិច្ច"។

ព្រឹត្តការណ៍នេះ បានប្រមូលផ្តុំអ្នកចូលរួម ២០០នាក់ រួមទាំងអ្នកការទូតក្នុងប្រទេសកម្ពុជា តំណាងក្រសួងស្ថាប័នរាជរដ្ឋាភិបាល តំណាងសាជីវកម្ម អ្នកពាក់ព័ន្ធវិស័យសុខាភិបាល និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលផ្តល់នូវវេទិកាមួយ ដើម្បីពង្រឹងកិច្ចសន្ទនាលើកិច្ចសហប្រតិបត្តិការថែទាំសុខភាពក្នុងតំបន់។

ព្រឹត្តិការណ៍នេះ បានគូសបញ្ជាក់ពីការថែទាំសុខភាព ជាស្ពានដ៏មានអត្ថន័យរវាងប្រទេសនានា ដោយគាំទ្រដល់ការចល័តអ្នកជំងឺ ការផ្លាស់ប្តូរវិជ្ជាជីវៈ ការជឿទុកចិត្តគ្នាទៅវិញទៅមក និងភាពជាដៃគូប្រកបដោយចីរភាពលើសពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រពៃណី។ ការចូលរួមនេះ ក៏បានឆ្លុះបញ្ចាំងពីការត្រៀមខ្លួនរបស់ប្រទេសម៉ាឡេស៊ីក្នុងការគាំទ្រតម្រូវការកើនឡើងរបស់កម្ពុជា សម្រាប់ទេសចរណ៍សុខភាពទៅក្រៅប្រទេស។ ដោយសារការយល់ដឹងអំពីការថែទាំសុខភាពកើនឡើង និងតម្រូវការសម្រាប់ការព្យាបាលឯកទេសកើនឡើង ប្រទេសម៉ាឡេស៊ី ផ្តល់ជូនអ្នកជំងឺកម្ពុជានូវជម្រើសដែលអាចទុកចិត្តបាន ដែលរួមបញ្ចូលគ្នានូវគុណភាពគ្លីនិក ចំណាយដោយប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការទទួលបាន។

ការចូលរួមរបស់ស្ថានទូតម៉ាឡេស៊ី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសម៉ាឡេស៊ី ចំពោះការទូតសុខភាព ជាសរសរស្តម្ភសំខាន់នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

ព្រឹត្តិការណ៍នេះ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងយូរអង្វែងជាមួយរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ ដែលស្របនឹងការធ្វើសមាហរណកម្មតំបន់កាន់តែទូលំទូលាយ និងការតភ្ជាប់ប្រជាជនទៅប្រជាជន។ ការចូលរួមលើកដំបូង នៅក្នុងប្រទេសកម្ពុជានេះ ក៏ឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រទូលំទូលាយរបស់ម៉ាឡេស៊ី ក្នុងការពង្រឹងវត្តមានរបស់ខ្លួននៅក្នុងទីផ្សារតំបន់សំខាន់ៗ តាមរយៈកិច្ចសហការប្រកបដោយចីរភាព ជាជាងសកម្មភាពផ្សព្វផ្សាយម្តងម្កាល។

តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ ក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី (MHTC) នឹងបន្តលើកកម្ពស់ភាពជាដៃគូរយៈពេលវែង ដែលបង្កើនស្តង់ដារថែទាំសុខភាព និងកែលម្អសុខភាពអ្នកជំងឺនៅទូទាំងតំបន់៕