ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន និងលោក តូ ឡឹម អញ្ជេីញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលាមិត្តភាពកម្ពុជា-វៀតណាម ដែលទីតាំងធ្លាប់មានប្រវត្តិយ៉ាងជិតស្និទ្ធជាមួយនឹងកងទ័ពស្ម័គ្រចិត្តកម្ពុជា-វៀតណាម

image



ភ្នំពេញ៖ សាលាមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានចុះបឋមសិលាសាងសង់នារសៀលថ្ងៃទី៦ ខែកុុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសដែល លោកអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។

នៅក្នុងរបាយការណ៍របស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សាលាមិត្តភាពកម្ពុជា-វៀតណាម មានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពោលគឺនៅក្នុង បរិវេណ “សាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ដង្កោ” ដែលបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៧៣ ហើយទីតាំងនេះធ្លាប់ត្រូវបានយកមកប្រើប្រាស់ជាបន្ទាយភស្តុភារនៃកងទ័ពស្ម័គ្រចិត្ត វៀតណាមក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ និងក្រោយមកត្រូវបានផ្ទេរមកប្រើប្រាស់ជាសាលារៀន រហូតដល់សព្វថ្ងៃនេះ។

ក្នុងន័យនេះ ដោយហេតុថាទីតាំងនេះធ្លាប់មានប្រវត្តិយ៉ាងជិតស្និទ្ធជាមួយនឹង កងទ័ពស្ម័គ្រចិត្តវៀតណាម និងដើម្បីរក្សា និងពង្រឹងនូវចំណងមិត្តភាព នៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធគង់វង្សរឹងមាំយូរអង្វែង ស្ថិតក្នុងស្មារតី “តភ្ជាប់យុវជន តភ្ជាប់ជំនាន់ និងតភ្ជាប់ភាពជា អ្នកដឹកនាំ” នោះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្រេចផ្លាស់ប្តូរឈ្មោះសាលានេះ ទៅជាសាលាមិត្តភាពកម្ពុជា-វៀតណាម តាមរយៈប្រកាសលេខ ៩៥.អយក.ប្រក ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា។

បច្ចុប្បន្ន សាលាមិត្តភាពកម្ពុជា-វៀតណាម មានអគារសិក្សាចំនួន ១១អគារ ស្មើនឹង ៥៤បន្ទប់,មានបុគ្គលិកអប់រំ ១៣៥នាក់ និងសិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា និងអនុវិទ្យាល័យសរុប ប្រមាណ ៦.០០០នាក់ ។

តាមរយៈជំនួយដ៏ថ្លៃថ្លារបស់គណបក្ស, រដ្ឋាភិបាល និងប្រជាជនវៀតណាម នាពេលនេះ សាលារៀន ខាងលើ នឹងត្រូវបានកែលម្អ និងសាង់សង់បន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួន ដើម្បីបង្កើន គុណភាពស្តង់ដារអគារសិក្សាឱ្យកាន់តែទំនើប និងមានលទ្ធភាពកាន់ខ្ពស់ ក្នុងការទទួលសិស្សានុសិស្សឱ្យ មកសិក្សាបន្ថែមកាន់តែច្រើន ដោយក្នុងនោះរួមមាន អគាររដ្ឋបាលពហុមុខងារកម្ពស់២ជាន់ ចំនួន២ អគារ, អគារសិក្សាសម្រាប់ថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យកម្ពស់ ៣ជាន់ ចំនួន ១១ខ្នង ស្មើនឹង ១៤៧បន្ទប់ និងអាហារដ្ឋាន ២កន្លែង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាច្រើនផ្សេងទៀត ដែលគ្រោងនឹងចំណាយ ពេលសាងសង់ចំនួន ១២ខែ៕

អត្ថបទ ៖ ឈឹម ធីតា រូបភាព ៖ ង៉ាន់ សំណាង