អ្នកឧកញ៉ា គិត ម៉េង៖ វេទិកាពន្ធដារកម្ពុជាពីរថ្ងៃមកនេះ បានផ្តល់នូវមូលដ្ឋានដ៏មានតម្លៃសម្រាប់ការសន្ទនាប្រកបដោយភាពបើកចំហ ស្ថាបនា និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរវាងវិស័យសាធារណៈ និងវិស័យឯកជន
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា វេទិកាពន្ធដារកម្ពុជា ក្នុងរយៈពេលពីរថ្ងៃនេះ បានផ្តល់នូវមូលដ្ឋានដ៏មានតម្លៃសម្រាប់ការសន្ទនាប្រកបដោយភាពបើកចំហ ស្ថាបនា និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរវាងវិស័យសាធារណៈ និងវិស័យឯកជន ក្នុងការការពង្រឹងប្រព័ន្ធពន្ធដារនៅកម្ពុជា និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
ការថ្លែងបែបនេះរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, ប្រធានគណៈកម្មាធិការសម្របសម្រួលក្រុមការងារវិស័យឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ក្នុងឱកាសអញ្ជើញជាសហគណៈអធិបតីក្នុងពិធីបិទ «វេទិកាពន្ធដារកម្ពុជា ២០២៦» ក្រោមប្រធានបទ «ការលើកកម្ពស់អនុលោមភាពសារពើពន្ធសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា» ជាមួយឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនា យកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋានពន្ធដារ (GDT Tower)។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា ការផ្លាស់ប្តូរយោបល់នៅក្នុងវេទិកានេះ រាប់បញ្ចូលទាំងការពិភាក្សាលើកំណែទម្រង់រដ្ឋបាលសារពើពន្ធ, ថ្នាលឌីជីថល ដូចជា GDT Home Tax-CTAS, ការដោះស្រាយវិវាទ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សុទ្ធតែបានចង្អុលបង្ហាញទៅក្នុងទិសដៅតែមួយ គឺការអនុវត្តទើបជាកត្តាសំខាន់។ គោលនយោបាយអាចផ្តល់លទ្ធផលបាន លុះត្រាតែវាត្រូវបានប្រែក្លាយទៅជាការអនុវត្តជាក់ស្តែង មានសង្គតិភាព និងមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។
អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់ថា ពីទស្សនៈវិស័យឯកជន ប្រព័ន្ធពន្ធដារដែលមានតម្លាភាព យុត្តិធម៌ និងអាចព្យាករណ៍បាន គឺជាកត្តាចាំបាច់សម្រាប់កសាងទំនុកចិត្ត ជំរុញការវិនិយោគ និងអនុញ្ញាតឱ្យអាជីវកម្មអាចពង្រីកខ្លួន និងបង្កើតការងារបាន។ វិស័យឯកជនត្រៀមខ្លួនរួចជាស្រេច ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ និងដើរតួជាដៃគូដ៏មានការទទួលខុសត្រូវ ក្នុងការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា។
អ្នកឧកញ៉ា ប្រធាន លើកឡើងថា ព្រឹត្តិការណ៍ថ្មីៗនេះ ក៏បានរំលឹកយើងផងដែរថា សមត្ថភាពសារពើពន្ធមិនមែនជារឿងអរូបីនោះទេ។ សមត្ថភាពរបស់រដ្ឋ ក្នុងការឆ្លើយតបទៅនឹងវិបត្តិ ការរក្សាស្ថិរភាព និងការការពារប្រជាជន គឺអាស្រ័យលើភាពរឹងមាំនៃស្ថាប័ន និងនិរន្តរភាពនៃធនធានសាធារណៈ។ ក្នុងបរិបទនេះ ការប្រមូលពន្ធប្រកបដោយប្រសិទ្ធភាព មិនត្រឹមតែជាតម្រូវការសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួម ដែលជាមូលដ្ឋានគ្រឹះនៃភាពធន់របស់ជាតិ។
ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង បានកោតសរសើរចំពោះរាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពន្ធដារ ចំពោះភាពជាអ្នកដឹកនាំក្នុងការជំរុញកំណែទម្រង់រដ្ឋបាលសារពើពន្ធ និងសម្រាប់ការរក្សាបាននូវការសន្ទនាដោយបើកចំហ និងមានរចនាសម្ព័ន្ធច្បាស់លាស់ជាមួយភាគីពាក់ព័ន្ធ ព្រមទាំងយន្តការនានា ដូចជា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងក្រុមការងារផ្នែកឯកជន នៅតែជាបណ្តាញដ៏សំខាន់ដើម្បីធានាថា កំណែទម្រង់ត្រូវបានបន្តកែលម្អនៅក្នុងការអនុវត្តជាក់ស្តែង។
អ្នកឧកញ៉ា ប្រធាន បានគូសបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចដែលមានការទទួលខុសត្រូវ ការប្រកួតប្រជែងដោយស្មើភាព អភិបាលកិច្ចសាជីវកម្មល្អ និងបរិយាកាសធុរកិច្ចដែលគាំទ្រដល់កំណើនប្រកបដោយបរិយាបន្ន និងចីរភាព។ នៅពេលយើងបន្តដំណើរទៅមុខ ជោគជ័យនៃកំណែទម្រង់ពន្ធដារ នឹងមិនពឹងផ្អែកលើគោលនយោបាយល្អតែមួយមុខនោះទេ ប៉ុន្តែអាស្រ័យលើការអនុវត្តប្រកបដោយប្រសិទ្ធភាព ការសន្ទនាជាបន្តបន្ទាប់ និងការទទួលខុសត្រូវរួមគ្នា។ ទាំងនេះគឺជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធពន្ធដារដែលអាចជឿទុកចិត្តបាន និងសេដ្ឋកិច្ចដែលមានភាពធន់។
ជាថ្មីម្តងទៀត អ្នកឧកញ៉ា គិត ម៉េង បានសម្តែងការកោតសរសើរចំពោះឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ការរៀបចំវេទិកានេះរួមគ្នាជាមួយសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាវាគ្មិន អ្នកសម្របសម្រួល អ្នកចូលរួម អ្នកឧបត្ថម្ភ និងមន្ត្រីមកពីក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួម និងគាំទ្រវេទិកាពន្ធដារជាតិលើកដំបូងរបស់កម្ពុជានេះ៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ អេង សុគុណ និងអ៊ុន ផាន់ណាត