ព័ត៌មានជាតិ

ឯកឧត្តម គង់ វិបុល ថ្លែងអំណរគុណអ្នកឧកញ៉ា គិត ម៉េង ដែលតែងតែផ្តល់នូវកិច្ចសហការយ៉ាងល្អជាមួយអង្គភាពពន្ធដារ ក្នុងការដឹកនាំវិស័យឯកជនឱ្យមានឆន្ទៈ និងគោរពបាននូវអនុលោមភាពសារពើពន្ធ

image



ភ្នំពេញ៖ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា គិត ម៉េង តំណាងវិស័យឯកជនរបស់កម្ពុជា ដែលតែងតែផ្តល់នូវកិច្ចសហការខ្ពស់ជាមួយអង្គភាពពន្ធដារ ក្នុងការការដឹកនាំវិស័យឯកជនឲ្យមានឆន្ទៈ និងគោរពអនុលោមភាពសារពើពន្ធ គឺជាការអនុវត្តន៍បានត្រឹមត្រូវស្របតាមច្បាប់ និងបទបញ្ញត្តិនានាស្តីពីពន្ធដារ។

ការថ្លែងអំណរគុណបែបនេះរបស់ឯកឧត្តម គង់ វិបុល ក្នុងឱកាសអញ្ជើញជាសហគណៈអធិបតីក្នុងពិធីបិទ «វេទិកាពន្ធដារកម្ពុជា ២០២៦» ក្រោមប្រធានបទ៖ ការលើកកម្ពស់អនុលោមភាពសារពើពន្ធ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា» ជាមួយអ្នកឧកញ៉ា គិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជា, ប្រធានគណៈកម្មាធិការសម្របសម្រួលក្រុមការងារវិស័យឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នាល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។

ឯកឧត្តម គង់ វិបុល បានបន្តថា ប្រទេសមួយរឹងមាំ គឺជាប្រទេសដែលមានធនធាន ដូច្នេះដើម្បីឲ្យមានធនធានយើងទាំងអស់គ្នា ត្រូវតែចូលរួមបង់ពន្ធជូនរដ្ឋ ជាពិសេសអ្នកចំនួនតូចដែលរកស៊ីនៅក្នុងវិស័យឯកជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវប្តូរផ្នត់គំនិតរបស់ខ្លួនកុំឲ្យនៅតែខ្លួនគេចរហូតពីកាតព្វកិច្ចបង់ពន្ធរបស់ខ្លួន ដោយងាកមកចូលរួមចុះបញ្ជីនៅក្នុងប្រព័ន្ធនោះទើបជារឿងល្អប្រសើរ ដើម្បីរាជរដ្ឋាភិបាលអាចផ្តល់ការអនុគ្រោះផ្សេងៗទៅតាមច្បាប់ពន្ធដារផងដែរ។

ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា វិស័យឯកជនមួយចំនួនតូចដែលជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ យើងត្រូវតែចូលរួមពង្រឹងនូវអនុលោមភាពទាំងអស់គ្នា ស្របពេលដែលអង្គភាពពន្ធដារ បានពង្រឹងសមត្ថភាពមន្ត្រីរបស់ខ្លួនឲ្យមានអភិបាលកិច្ចល្អ តាមរយៈការកែទម្រង់ប្រព័ន្ធច្បាប់ផ្សេងៗជាច្រើនកន្លងមករហូតមកដល់ពេលនេះផងដែរ។ ដូច្នេះវេទិកាពន្ធដារកម្ពុជានៅឆ្នាំនេះ ដែលជាយន្តការថ្មីដើម្បីបំពេញបន្ថែមទៀតពីលើយន្តកាកិច្ចសហការជា មួយវិស័យឯកជនដែលកំពុងអនុវត្តស្រាប់ គឺជាឱកាសល្អសម្រាប់ការបញ្ចេញមតិ និងផ្លាស់ប្តូរយោបល់ពីភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្នុងឱកាសដែលមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នរដ្ឋ, ទាំងវិស័យឯកជន, ទាំងតំណាងស្ថានទូត និងកុងស៊ុល, និងទាំងដៃគូអភិវឌ្ឍនានា។

វេទិកាពន្ធដារកម្ពុជា ២ថ្ងៃមកនេះ, ឯកឧត្តម គង់ វិបុល បានទទួលស្តាប់មតិរបស់អ្នកចូលរួមដែលលើកឡើងពីពន្ធដារ ជាពិសេសវិស័យ ឯកជនដែលជាអ្នកទទួលបានការលើកទឹកចិត្តពន្ធដារ ដើម្បីពិនិត្យមើលថាតើយន្តការដែលបានដាក់ចេញកន្លងមកមានប្រសិទ្ធភាព និងសម្រេចបានគោលដៅនៃការដាក់ចេញឱ្យបានត្រឹមត្រូវដល់កម្រិតយ៉ាងណានោះ។

ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានពិនិត្យឃើញថា ក្នុងរយៈពេលកន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវការលើកទឹកចិត្តជាច្រើន ដើម្បីជំរុញកំណើននៃវិស័យសំខាន់ៗ និងលើកកម្ពស់ភាពប្រកួតប្រជែង ដើម្បីជំរុញកំណើន សេដ្ឋកិច្ច ក្នុងគោលដៅធានាប្រសិទ្ធភាពក្នុងការសម្រេចនូវការលើកទឹកចិត្តមួយចំនួន ក៏គួរមានការពិភាក្សា ផ្លាស់ប្តូរយោបល់ និងធ្វើវិចារណកម្មបន្ថែមក្នុងករណីចាំបាច់។

ឯកឧត្តមបន្តទៀតថា ការលើកទឹកចិត្តក្នុងវិស័យមួយចំនួនគួរមានការធ្វើវិចារណកម្មបន្ថែម ដោយសារវិស័យមួយចំនួនទៀត អាចពុំសូវមានតម្រូវការការលើកទឹកចិត្តពន្ធដារទេ ប៉ុន្តែទាមទារឱ្យមានការដាក់ចេញនូវវិធានការគាំទ្រផ្សេងវិញ ដើម្បីជំរុញកំណើនឲ្យបានទៅមុខ។

ទន្ទឹមនឹងនេះ ឯកឧត្តម បានលើកឡើងថា ចំណូលពន្ធដែលប្រមូលបាន គឺត្រូវបានយកទៅជួយដល់អ្នកខ្សត់ខ្សោយ បើកប្រាក់បៀវត្សជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងការការពារសន្តិសុខសណ្តាប់ធ្នាប់បម្រើដល់បុព្វហេតុជាតិ ដូចជា ការសាងសង់មន្ទីរពេទ្យ សាលារៀន ស្ពាន និងផ្លូវថ្នល់ក្នុងប្រទេស ជាដើម។

ឯកឧត្តមបានបន្ថែមទៀតថា កម្ពុជា ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន កម្ពុជាត្រូវពង្រឹងខ្លួនឱ្យរឹងមាំ ជាពិសេសតាមរយៈអភិបាលកិច្ចល្អ និងការកែទម្រង់មុតស្រួច និងស៊ីជម្រៅ ពង្រឹងប្រសិទ្ធភាព ផលិតភាព និងភាពធន់ ដើម្បីការពារមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ខ្លួន មានភាពជាម្ចាស់ការណ៍ និងបន្តការរីកចម្រើន។

សូមជម្រាបថា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកម្មវិធី «វេទិកាពន្ធដារ ២០២៦» ក្រោមប្រធានបទ៖ ការលើកកម្ពស់អនុ លោមភាពសារពើពន្ធសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ៥ដល់ថ្ងៃទី ៦ខែកុម្ភៈ ឆ្នាំ២០២៦។ វេទិការនេះ មានគោលបំណងលើកកម្ពស់អនុលោមភាពសារពើពន្ធ ដើម្បីបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្សព្វផ្សាយអំពីកាតព្វកិច្ចពន្ធ វឌ្ឍនភាពនៃការធ្វើបរិវត្តកម្មប្រព័ន្ធគ្រប់គ្រងពន្ធដារ ព្រមទាំងទទួលយោបល់អំពីបញ្ហាប្រឈមនានា ក្នុងការបំពេញកាតព្វកិច្ច ដើម្បីធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវា និងប្រសិទ្ធភាពនៃការគ្រប់ គ្រងប្រព័ន្ធពន្ធដារ៕

អត្ថបទ៖ ចេង ឆហួត រូបភាព៖ អេង សុគុណ និងអ៊ុន ផាន់ណាត