ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី ឡរិន វ៉ុង៖ សិង្ហបុរីត្រូវតែបន្សាំខ្លួនជាមួយបម្រែបម្រួលពិភពលោក ដើម្បីការពារអនាគតសេដ្ឋកិច្ចជាតិ

image



សិង្ហបុរី៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរិន វ៉ុង (Lawrence Wong) នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ ២០២៦ ដោយសង្កត់ធ្ងន់លើតម្រូវការបន្សាំខ្លួនរបស់ប្រទេសនេះ ទៅនឹងការប្រែប្រួលសេដ្ឋកិច្ចពិភពលោក។ លោកយល់ថា សិង្ហបុរីត្រូវតែតភ្ជាប់ទំនាក់ទំនងអន្តរជាតិតាមរបៀបថ្មីដែលឆ្លាតវៃ និងមានភាពធន់ជាងមុន ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រាក់ចំណូលរបស់ពលរដ្ឋ ។

ទោះបីជាពិភពលោកកំពុងជួបបញ្ហាបែកខ្ញែក និងប្រទេសខ្លះចាប់ផ្ដើមបិទទ្វារសេដ្ឋកិច្ច ប៉ុន្តែសិង្ហបុរីនៅតែប្រកាន់ជំហរបើកចំហជានិច្ច។ រដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រពង្រីកដៃគូពាណិជ្ជកម្មទៅកាន់ទីផ្សារថ្មីៗនៅតំបន់អាម៉េរិកឡាទីន អាហ្វ្រិក និងមជ្ឈិមបូព៌ា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ជាមួយប្រទេសជិតខាងដូចជា ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ។

ដើម្បីជួយសម្រាលបន្ទុកដល់ក្រុមហ៊ុនអាជីវកម្មក្នុងស្រុក រដ្ឋាភិបាលបានប្រកាសផ្ដល់ការបញ្ចុះពន្ធលើប្រាក់ចំណូលសាជីវកម្មរហូតដល់ ៤០% សម្រាប់ឆ្នាំ ២០២៦។ ក្រុមហ៊ុនដែលមានបុគ្គលិកក្នុងស្រុកយ៉ាងហោចម្នាក់ នឹងទទួលបានប្រាក់ឧបត្ថម្ភជាសាច់ប្រាក់យ៉ាងតិច ១,៥០០ ដុល្លារសិង្ហបុរី ហើយអតិបរមា ៣០,០០០ ដុល្លារសិង្ហបុរី ។

សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលមានបំណងចង់ពង្រីកអាជីវកម្មទៅកាន់ទីផ្សារបរទេស រដ្ឋាភិបាលនឹងបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុលើការចំណាយផ្សេងៗរហូតដល់ ៧០%។ លើសពីនេះ ការសម្រួលដល់នីតិវិធីកាត់បន្ថយពន្ធសម្រាប់ការសិក្សាទីផ្សារក្រៅប្រទេស ក៏នឹងជួយឱ្យក្រុមហ៊ុនក្នុងស្រុកមានលទ្ធភាពប្រកួតប្រជែងកាន់តែខ្លាំងនៅលើឆាកអន្តរជាតិ ។

សិង្ហបុរីក៏ផ្ដោតសំខាន់លើការដែលក្លាយខ្លួនជាអ្នកដឹកនាំក្នុងវិស័យបច្ចេកវិទ្យាឈានមុខ តាមរយៈការវិនិយោគទឹកប្រាក់យ៉ាងសន្ធឹកសន្ធាប់ចំនួន ៣៧ ពាន់លានដុល្លារសិង្ហបុរី លើការស្រាវជ្រាវ និងការច្នៃប្រឌិត។ គោលដៅគឺចង់ធ្វើឱ្យសិង្ហបុរីក្លាយជាមជ្ឈមណ្ឌលនៃការបង្កើត សាកល្បង និងដាក់លក់បច្ចេកវិទ្យាថ្មីៗបំផុតរបស់ពិភពលោក ។

វិស័យដែលត្រូវបានចាត់ទុកថាជាក្បាលម៉ាស៊ីននៃកំណើនថ្មី រួមមានបច្ចេកវិទ្យាកាត់បន្ថយការបំភាយឧស្ម័នកាបូន និងបច្ចេកវិទ្យាកង់ទិច (បច្ចេកវិទ្យាកុំព្យូទ័រជំនាន់ថ្មីដែលមានល្បឿនលឿនបំផុត និងមានសមត្ថភាពដោះស្រាយបញ្ហាស្មុគស្មាញ)។ ការវិនិយោគមុនគេលើវិស័យទាំងនេះ បាននិងកំពុងទាក់ទាញក្រុមហ៊ុនលំដាប់ពិភពលោក និងអ្នកជំនាញកំពូលៗឱ្យមកស្នាក់នៅ និងធ្វើការក្នុងប្រទេសសិង្ហបុរី ដែលជានិមិត្តរូបនៃភាពជោគជ័យនៃយុទ្ធសាស្ត្រសេដ្ឋកិច្ចរយៈពេលវែង ។

ជាចុងក្រោយ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រាល់ការវិនិយោគ និងយុទ្ធសាស្ត្រទាំងអស់ គឺធ្វើឡើងដើម្បីពង្រឹងភាពធន់របស់ជាតិ និងតម្លៃរបស់សិង្ហបុរីនៅលើឆាកអន្តរជាតិ។ អ្វីដែលសំខាន់បំផុតនោះគឺ ការបង្កើតឱកាសការងារឱ្យកាន់តែច្រើន និងប្រសើរជាងមុនសម្រាប់ប្រជាជនសិង្ហបុរីគ្រប់រូប ក្នុងពិភពលោកដែលកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំង ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ CNA | រូបភាព៖ The Independent Singapore/ Caroline Chia via Reuters/ Jeremy Long via CNA