ព័ត៌មានជាតិ

ឆ្នាំ២០២៥ កម្ពុជា នាំចូលរថយន្តជាង៨ម៉ឺន៣ពាន់គ្រឿង កើនឡើងជាង៦០ភាគរយ មិនធ្លាប់មានពីមុនមក ធៀបនឹងឆ្នាំកន្លងទៅ

image



ភ្នំពេញ៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ មានប្រសាសន៍ថា ក្នុងឆ្នាំ២០២៥កន្លងទៅ កម្ពុជា បាននាំចូលរថយន្តជាង៨ម៉ឺន៣ពាន់គ្រឿង កើនឡើងខ្លាំងរហូតដល់ជាង៦០ភាគរយ ដែលមិនធ្លាប់មាន ធៀបនឹងឆ្នាំកន្លងទៅ។ ជាមួយគ្នានោះ ការនាំចូលម៉ូតូវិញ ក៏មានការកើនឡើងប្រមាណ២១ភាគរយផងដែរ ដែលមានជាង៤២ម៉ឺនគ្រឿង។

លោក គុណ ញឹម មានប្រសាសន៍ដូច្នេះ ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតី បូកសរុបការងារប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

លោក គុណ ញឹម ជាថ្មីម្តងទៀត បានឱ្យដឹងដែរថា ចំណូលគយ ដែលប្រមូលបានសម្រាប់ថវិកាជាតិ ឆ្នាំ២០២៥ បានជិត ៣.២ពាន់លានដុល្លារ លើសពីផែនការរហូតដល់ ២៤ភាគរយ ដែលជាចំនួនមួយខ្ពស់ស្មើនឹងឆ្នាំ២០១៩ ហើយប្រភេទទំនិញ ដែលនាំឱ្យការប្រមូលពន្ធអាករ មានការកើនឡើងច្រើននេះ គឺរថយន្ត ម៉ូតូ និងគ្រឿងសំណង់ ខណៈគ្រឿងសំណង់ ដែលជាវិស័យសំខាន់ ក៏មានកំណើនរហូតដល់៣៣ភាគរយផងដែរ។

លោក គុណ ញឹម បានបញ្ជាក់ថា ជារួមការប្រមូលពន្ធអាករ ក្នុងឆ្នាំ២០២៥កន្លងទៅ ជាលទ្ធផលមួយល្អប្រសើរ ដែលប្រហាក់ប្រហែលនឹងឆ្នាំ២០១៩កន្លងទៅ ជាឆ្នាំមួយដ៏ល្អបំផុត នៅក្នុងដំណើរការរយៈពេលប្រមាណ១៥ឆ្នាំចុងក្រោយនេះ៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី