ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង រៀបចំពិព័រណ៍ឧបករណ៍និងបន្ទះឈីបដ៏ធំបំផុត ខណៈចំណូលវិស័យនេះត្រៀមហក់ដល់ ១ ទ្រីលីនដុល្លារ

image



កូរ៉េខាងត្បូង៖ ពិព័រណ៍ឧបករណ៍និងបន្ទះឈីបដ៏ធំបំផុតនៅតំបន់អាស៊ី បានចាប់ផ្ដើមកាលពីថ្ងៃទី១១ ខែកុម្ភៈ នៅទីក្រុងសេអ៊ូល ដោយមានក្រុមហ៊ុនមកពីជុំវិញពិភពលោកចំនួន ៥៥០ ចូលរួមបង្ហាញបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ខ្លួន។ ព្រឹត្តិការណ៍នេះ ធ្វើឡើងចំពេលដែលវិស័យបន្ទះឈីប កំពុងបោះជំហានឆ្ពោះទៅរកការបង្កើតប្រវត្តិសាស្ត្រថ្មី ជាមួយនឹងប្រាក់ចំណូលសរុបដល់ទៅ ១ ទ្រីលីនដុល្លារអាម៉េរិក ។

នៅក្នុងពិព័រណ៍នេះ គេឃើញមានមនុស្សយ៉ាងច្រើនកុះករដើរទស្សនាស្តង់ចំនួន ២,៤០០ ទីតាំងដែលដាក់បង្ហាញគ្រឿងយន្តផលិតបន្ទះឈីប សម្ភារៈបន្ទប់ពិសោធន៍ទំនើបៗ និងបច្ចេកវិទ្យាផលិតកម្មជំនាន់ក្រោយ។ ក្រោមប្រធានបទ «ផ្លាស់ប្តូរថ្ងៃស្អែក» ព្រឹត្តិការណ៍ សេមីកុន ខូរៀន ២០២៦ (SEMICON Korea 2026) គឺជាព្រឹត្តិការណ៍តាំងពិព័រណ៍ដ៏ធំបំផុតមិនធ្លាប់មាន ដោយមានអ្នកចុះឈ្មោះចូលរួមជាង ៧៥,០០០ នាក់ ។

ក្រុមហ៊ុនធំៗ ដូចជា សាំស៊ុង (Samsung), អេស្កេ ហ៊ីនិច (SK Hynix), អ៊ែនវីឌៀ (NVIDIA), អ៊ីនធែល (Intel) និង ASML សុទ្ធតែបានដាក់បង្ហាញនូវឧបករណ៍បន្ទះឈីប AI (បញ្ញាសិប្បនិម្មិត) និងគ្រឿងម៉ាស៊ីនទំនើបៗរបស់ខ្លួន អំឡុងចូលរួមក្នុងព្រឹត្តិការណ៍នេះ ។

វិស្វករម្នាក់ដែលបានមកទស្សនាពិព័រណ៍នេះ បានបង្ហាញនូវការភ្ញាក់ផ្អើលចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងសម្ភារៈផលិតបន្ទះឈីបនាពេលបច្ចុប្បន្ន ។
គេជឿថា វិស័យបន្ទះឈីប នឹងទទួលបានប្រាក់ចំណូលលើសពី ១ ទ្រីលីនដុល្លារអាម៉េរិក ជាលើកដំបូងក្នុងឆ្នាំនេះ ដោយសារតែការរីកសាយភាយនៃបច្ចេកវិទ្យា AI នៅក្នុងសេដ្ឋកិច្ចពិភពលោក ។

ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងចំណាយប្រាក់ប្រហែល ៤០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ ២០២៨ ដើម្បីសាងសង់ និងកែលម្អរោងចក្រផលិតបន្ទះឈីប ខណៈដែលការនាំចេញរបស់ខ្លួនបានកើនឡើង ២២%។ ជាងនេះទៀត ការតាំងពិព័រណ៍ខាងលើ បានរុញច្រានកូរ៉េខាងត្បូងឱ្យស្ថិតនៅជួរមុខគេ ក្នុងខ្សែច្រវាក់ផលិតកម្មបន្ទះឈីបសកល ដែលកំពុងមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Newsis via The Chosun Daily