នាយករដ្ឋមន្ត្រីបែលហ្ស៊ិក៖ ស្នូលឧស្សាហកម្មអឺរ៉ុបកំពុងប្រឈមនឹងការដួលរលំ បើមិនមានការកែទម្រង់
ប៊ែលហ្ស៊ីក៖ នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក បាតឌ័រ វ៉េវ័រ (Bart De Wever) បានធ្វើការក្រើនរំឭកថា «វិស័យគីមីឥន្ធនៈ (ប្រេងកាត, ឧស្ម័នធម្មជាតិ) និងវិស័យដែកថែបនៅក្នុងតំបន់អឺរ៉ុប កំពុងស្ថិតនៅកៀកនឹងមាត់ជ្រោះនៃការដួលរលំក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ»។ លោកបានថ្លែងបែបនេះ អំឡុងស្ថិតនៅខាងក្រៅកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ ។
នាយករដ្ឋមន្ត្រីរូបនេះ អះអាងថា «តម្លៃថាមពលនៅពេលនេះ បានធ្វើឱ្យអឺរ៉ុបបាត់បង់សមត្ថភាពប្រកួតប្រជែងទាំងស្រុងជាមួយពិភពលោក ហើយនេះគឺជាការពិត ដែលវាប្រៀបដូចជាការធ្វើរដ្ឋប្រហារទៅលើសេដ្ឋកិច្ចអឺរ៉ុបយ៉ាងដូច្នោះដែរ» បើមិនកែទម្រង់តម្លៃថាមពលទេ អឺរ៉ុបនឹងត្រូវដួលរលំទាំងស្រុងមិនខាន។
លោកបន្ថែមថា «ប្រសិនបើវិស័យឧស្សាហកម្មទាំងនេះ ចាកចេញពីអឺរ៉ុប នោះពិភពលោកក៏ខាត អឺរ៉ុបខ្លួនឯង នឹងខាតបង់សេដ្ឋកិច្ចខ្លាំងទៅៗផងដែរ ដូចនេះ រឿងបែបនេះមិនត្រូវឱ្យកើតឡើងជាដាច់ខាត យើងត្រូវតែមើលលើការកែទម្រង់មួយចំនួន។ លោករៀបរាប់ទៀតថា លោកមានគំនិតខ្លះៗពីបញ្ហានេះ ហើយលោកនឹងយកទៅពិភាក្សាផ្ទៃក្នុងជាមួយមេដឹកនាំអឺរ៉ុបផ្សេងទៀត ដើម្បីស្វែងរកដំណោះស្រាយ» ។
យោងតាមសហភាពអឺរ៉ុប អះអាងថា កិច្ចពិភាក្សានេះនឹងផ្ដោតលើ «ការស្វែងរកគោលជំហររបស់អឺរ៉ុប ក្នុងពិភពលោកដែលកំពុងមានការប្រកួតប្រជែងសេដ្ឋកិច្ចយ៉ាងខ្លាំង និងអតុល្យភាពពាណិជ្ជកម្ម» រួមទាំង «វិធីសាស្ត្រឆ្លើយតបនឹងការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច និងការកាត់បន្ថយការពឹងផ្អែកលើសេដ្ឋកិច្ចពីបរទេស» ជាដើម ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ csreurope.org/ Europeiska unionens råd