ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីដាណាម៉ាក៖ អឺរ៉ុបមិនអាចបន្តពឹងផ្អែកសេដ្ឋកិច្ចលើមហាអំណាចទៀតទេ ព្រោះគេប្រើវាជាឧបករណ៍ដាក់សម្ពាធ

image



ដាណឺម៉ាក៖ អំឡុងបង្ហាញវត្តមាននៅខាងក្រៅកិច្ចប្រជុំមេដឹកនាំអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី មេតតេ ហ្វ្រេដេរិកសិន (Mette Frederiksen) បានបង្ហាញនូវមតិឯកភាពថា អឺរ៉ុប «មិនអាចបន្តពឹងផ្អែកផ្នែកសេដ្ឋកិច្ចលើប្រទេសមហាអំណាចទៀតបានទេ» ហើយលោកស្រីបានរិះគន់មេដឹកនាំអាម៉េរិក ចំពោះការប្រើប្រាស់បញ្ហាពាណិជ្ជកម្មធ្វើជា «សម្ពាធ» ។

លោកស្រី រៀបរាប់ទៀតថា «ជាឧទាហរណ៍ នៅពេលដែលសហរដ្ឋអាម៉េរិកនិយាយគ្នាមិនត្រូវជាមួយរាជាណាចក្រដាណឺម៉ាក អំពីអនាគតរបស់កោះហ្គ្រីនលែន (Greenland) ការគំរាមកំហែងពីសង្គ្រាមពាណិជ្ជកម្មក៏បានកើតមានឡើង ដែលវាសំដៅមកលើអឺរ៉ុបទាំងមូល។ ដូច្នេះហើយ យើងមិនអាចពឹងផ្អែកលើនរណាម្នាក់បានទេ ហើយតាមពិតទៅ យើងប្រហែលជាមិនគួរពឹងផ្អែកតាំងពីដើមមកម៉្លេះ» ។

កាលពីខែមុន ប្រធានាធិបតីអាម៉េរិក បានធ្វើការព្រមានអំពីការដំឡើងពន្ធបន្ថែមទៅលើបណ្ដាប្រទេសនៅតំបន់អឺរ៉ុប ជុំវិញភាពចម្រូងចម្រាសរឿងកោះហ្គ្រីនលែន ដែលអាម៉េរិកអះអាងថា ខ្លួនត្រូវការកោះនេះសម្រាប់គោលបំណងសន្តិសុខជាតិ ។

គួររំឭកថា កិច្ចពិភាក្សារវាងភាគីទាំងពីរកំពុងបន្តធ្វើឡើង ទោះបីជាថ្មីៗនេះ ភាគីដាណឺម៉ាកបានសារភាពថា មិនទាន់មានលទ្ធផលផ្លែផ្កាអ្វីក៏ដោយ។ ភាពរកាំរកូសដ៏រ៉ាំរ៉ៃនេះ ក៏បានធ្វើឱ្យមានការចោទជាសំណួរឡើងវិញ អំពីការសកម្មភាពនាពេលអតីតកាលរបស់ដាណឺម៉ាក ដែលបានប្រព្រឹត្តទៅលើកោះហ្គ្រីនលែន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ demolenaar.nl/ Europeiska unionens råd