ប្រធានាធិបតីបារាំង លើកឡើងថា អឺរ៉ុបត្រូវតែត្រៀមខ្លួនពិភាក្សាជាមួយរុស្ស៊ី ដើម្បីការពារផលប្រយោជន៍ និងសន្តិសុខអឺរ៉ុបនាពេលអនាគត
បារាំង៖ លោក អ៊ែមម៉ានូអ៊ែល ម៉ាក្រុង (Emmanuel Macron) បានលើកឡើងថា អឺរ៉ុបចាំបាច់ត្រូវតែត្រៀមខ្លួន «ឱ្យចំពេលវាលាដ៏សមស្រប» សម្រាប់ការពិភាក្សាជាមួយរុស្ស៊ី ដើម្បីការពារផលប្រយោជន៍ និងសន្តិសុខរបស់តំបន់អឺរ៉ុបនាពេលអនាគត។ លោកបានថ្លែងបែបនេះ នៅពេលចាកចេញពីកិច្ចប្រជុំមេដឹកនាំសហភាពអឺរ៉ុប (EU) ក្នុងទីក្រុងប៊ីលហ្ស៊ែន (Bilzen) ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃព្រហស្បតិ៍ ។
លោកម៉ាក្រុង លើកឡើងថា «អឺរ៉ុប មានរឿងជាច្រើនដែលត្រូវពិភាក្សា នោះហើយជាមូលហេតុដែលយើងត្រូវមានវត្តមាននៅលើតុចរចា ចំពោះបញ្ហាវិបុលភាព អនាគតរបស់អឺរ៉ុប និងរចនាសម្ព័ន្ធសន្តិសុខ ដូច្នេះហើយ នាពេលនេះ យើងត្រូវរៀបចំខ្លួនឱ្យរួចរាល់ក្នុងនាមអឺរ៉ុប ក្នុងពេលដ៏សមស្របណាមួយដើម្បីពិភាក្សាជាមួយភាគីរុស្ស៊ី» ។
នាពេលកន្លងមក លោក ម៉ាក្រុង ក៏ធ្លាប់បានផ្ដួចផ្ដើមឱ្យមាន «ការពិភាក្សាបច្ចេកទេស» ជាមួយរុស្ស៊ីផងដែរ ស្របពេលទីក្រុងម៉ូស្គូក៏បានទទួលស្គាល់ថាជារឿងពិតមែន បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ទីប្រឹក្សាម្នាក់របស់ប្រធានាធិបតីបារាំង បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ។
មេដឹកនាំអឺរ៉ុបជាច្រើន បានបង្ហាញក្ដីព្រួយបារម្ភថា «អឺរ៉ុបលែងមានឥទ្ធិពល ឬលែងមានសិទ្ធិសម្រេច» ក្នុងកិច្ចពិភាក្សារវាង សហរដ្ឋអាម៉េរិក-រុស្ស៊ី-អ៊ុយក្រែន ហើយពួកគេកាន់តែមានអារម្មណ៍ថា ត្រូវបានគេផាត់ចេញពីកិច្ចចរចាសន្តិភាព ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ RBC-Ukraine (UK)