ព័ត៌មានជាតិ

ម៉ាឡេស៊ី ក្លាយជាប្រភពវិនិយោគធំជាងគេទីពីរ នៅកម្ពុជា ក្នុងខែមករា ឆ្នាំ២០២៦ ជាមួយទុនវិនិយោគ ២០០លានដុល្លារ ខណៈឆ្នាំ២០២៥ មិនស្ថិតក្នុង Top 10

image



ភ្នំពេញ៖ ប្រទេសម៉ាឡេស៊ី បានក្លាយជាប្រភពវិនិយោគផ្ទាល់ពីបរទេស (FDI) ធំជាងគេទីពីរនៅក្នុងប្រទេសកម្ពុជា ក្នុងខែមករា ឆ្នាំ២០២៦ ដោយរួមចំណែកប្រមាណ ២០០លានដុល្លារអាម៉េរិក ខណៈប្រទេសចិន បានបន្តរក្សាតំណែងរបស់ខ្លួនជាអ្នកវិនិយោគកំពូលក្នុងអំឡុងពេលដូចគ្នា។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

ទំនាក់ទំនងកាន់តែជិតស្និទរវាងកម្ពុជា និងម៉ាឡេស៊ី គឺជាកត្តាសំខាន់មួយក្នុងការពង្រឹងលំហូរវិនិយោគ និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី។

ទិន្នន័យរបស់ CDC បង្ហាញទៀតថា ក្នុងខែមករា ឆ្នាំ២០២៦ កម្ពុជាបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាង ៥៥០លានដុល្លារអាម៉េរិក។ ប្រទេសចិន បាននាំមុខគេក្នុងបញ្ជីវិនិយោគិន ដែលមាន ២៧០លានដុល្លារអាម៉េរិក បន្ទាប់មកគឺម៉ាឡេស៊ី ដែលមាន ២០០លានដុល្លារអាម៉េរិក សិង្ហបុរី ដែលមាន ៥៥លានដុល្លារអាម៉េរិក និងកោះ British Virgin ដែលមាន ១៧លានដុល្លារអាម៉េរិក។

ក្រៅពីនេះ ក៏មានប្រភពសំខាន់ៗផ្សេងទៀត ដូចជា សីស្ហែល សាធារណរដ្ឋកូរ៉េ ជប៉ុន និងសហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនអន្តរជាតិ ជាបន្តបន្ទាប់លើបរិយាកាសវិនិយោគរបស់កម្ពុជា។

យោងតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានការវិនិយោគផ្ទាល់ពីបរទេស (FDI) ប្រមាណ ៦,៨៧ ពាន់លានដុល្លារអាម៉េរិក។ ក្នុងចំណោមនោះ ប្រទេសចិន បន្តឈរនាំមុខគេក្នុងនាមជាប្រភពវិនិយោគធំបំផុតនៅកម្ពុជា។

ដោយឡែក ប្រទេសម៉ាឡេស៊ី មិនបានស្ថិតក្នុងបញ្ជីប្រទេសប្រភពវិនិយោគកំពូលទាំង ១០ របស់កម្ពុជាសម្រាប់ឆ្នាំ២០២៥ នោះទេ៕