គម្រោងមន្ទីរពេទ្យស្តង់ដារអន្តរជាតិ វិនិយោគដោយអ្នកជំនួញកំពូល ១០រូប នៅកម្ពុជា បានឈានដល់ដំណាក់កាលចុះកិច្ចសន្យាលក់ទិញអចលនវត្ថុលើផ្ទៃដីជាង ១៣ហិចតា នៅជិតផ្សារទំនើបអ៊ីអន៣
ភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមហ៊ុន ខេមបូឌាន អ៊ិនធើណេសិនណល ហសភីថល ឯ.ក (CAMBODIAN INTERNATIONAL HOSPITAL CO., LTD.) ដែលមានសហស្ថាបនិកទាំងអស់ រួមមាន អ្នកឧកញ៉ា គិត ម៉េង, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា ថៃ ជាហួត, ឧកញ៉ា ហៀង ប៊ុនប៉េង, អ្នកឧកញ៉ លី ហុង, អ្នកឧកញ៉ា ជាម ឃុនណាត, អ្នកឧកញ៉ា ប៊ុន ហៃ, អ្នកឧកញ៉ា សៀ ឬទ្ធី និង ឧកញ៉ា ថៃ ស៊ាង បានឯកភាពគ្នាចុះកិច្ចសន្យាលក់-ទិញអចលនវត្ថុពីអ្នកឧកញ៉ា ឃុន សៀ ដែលបានចូលរួមសម្របសម្រួលសម្រាប់គម្រោង ខេមបូឌាន អ៊ិនធើណេសិនណល ហសភីថល ឯ.ក ក្នុងទំហំផ្ទៃដីជាង ១៣ហិចតា ដែលមានទីតាំងនៅជិតផ្សារទំនើបអ៊ីអន៣ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាតំបន់ដ៏មានសក្កានុពល។
គម្រោងមន្ទីពេទ្យនេះ នឹងធ្វើឡើងតាមស្តង់ដារអន្តរជាតិ ដែលមានរួមបញ្ចូលនូវសណ្ឋាគារ និងអគារស្នាក់នៅសម្រាប់បម្រើជូនដល់ប្រជាជនកម្ពុជា និងអន្តរជាតិ។
សូមជម្រាបថា គម្រោងមន្ទីពេទ្យដ៏ទំនើប និងធំមួយនេះ បានលេចចេញរូបរាងឡើង ក្រោយពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកាលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដែលមានសហស្ថាបនិកចំនួន ១០រូប មកពីក្រុមហ៊ុនធំៗឈានមុខគេនៅកម្ពុជា ក្នុងគោលបំណងដូចគ្នា ដើម្បីចូលរួមចំនែកក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែទំនើប ព្រមទាំងផ្តល់សេវាវេជ្ជសាស្ត្រលំដាប់ស្តង់ដាពិភពលោក នៅក្នុងប្រទេសកម្ពុជា៕