ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី៖ បាឋកថាស្ដីពី «ជំហាន ដំបូងនៃការអនុវត្តនយោបាយឈ្នះឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត» ដើរតួជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់

image

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី បានចាត់ទុកបាឋកថាស្ដីពី «ជំហានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត» ដើរតួជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់។
នេះជាប្រសាសន៍ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជននៃគណៈ កម្មាធិការកណ្តាល ថ្លែងនាព្រឹកថ្ងៃទី១៤ ខែកុម្ភៈនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងបាឋកថាស្ដីពី «ជំហានដំបូងនៃការអនុ វត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត» ដែលបានប្រព្រឹត្តទៅនៅវិមាន ៧មករា ទីស្ដីការគណបក្សប្រជាជនកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីគូសបញ្ជាក់ អំពីគោលបំណងសំខាន់ក្នុងការរៀបចំបាឋកថាដ៏មានអត្ថន័យនាឱកាសនេះ ដែលជាវេទិកាផ្សារភ្ជាប់អន្តរជំនាន់ និងជាការរៀប ចំដោយអនុលោមតាមទស្សនៈដឹកនាំដ៏មុតស្រួចប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ពោលគឺ “ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ចាស់មានបទពិសោធ”។
លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា វេទិកានេះដើរតួជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធពីការអនុវត្តផ្ទាល់ ទាំងការលះបង់ និងបញ្ញាញាណរបស់ថ្នាក់ដឹកនាំជំនាន់មុន ដើម្បីបំពេញ បន្ថែមជាមួយថាមពល និងនវានុវត្តន៍របស់ថ្នាក់ដឹកនាំជំនាន់ក្រោយដែលជាកម្លាំងបន្តវេនសំដៅធានាបាននូវអន្តរកាលនៃការផ្ទេរជំនាន់ដឹកនាំប្រកបដោយស្ថិរភាព ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់ សម្រាប់ការបន្តពង្រឹងវិបុលភាព និងធានាអនាគតនៃប្រទេសជាតិ។
ក្នុងនាមជាថ្នាក់ដឹកនាំជំនាន់ក្រោយ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហាញមោទនភាព និងដឹងគុណចំពោះគំរូវីរភាព និងការលះបង់នៃថ្នាក់ដឹកនាំជំនាន់មុន រួមជាមួយការចូលរួមរបស់តួអង្គនៅមូលដ្ឋាន ដែលជាប្រតិបត្តិករផ្ទាល់នៅថ្នាក់ក្រោមក្នុងការគោរព ចូលរួមអនុវត្តតាមគោលការណ៍ដឹកនាំរបស់ថ្នាក់ដឹកនាំ ដែលជាមូលដ្ឋានមិនអាចខ្វះបានក្នុងការនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ មកដល់បច្ចុប្បន្ន ។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានប្តេជ្ញាបន្តរួមចំណែកដល់ការថែរក្សា ការពារនូវរាល់សមិទ្ធផលដែលជាមរតកដ៏មានតម្លៃ និងបន្តកសាងជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕
អត្ថបទ៖ វង សុភ័ក្ត្រ